ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា កំពុង​ជំរុញ​កិច្ច​សហការ​ជាមួយ សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យមើល​លើ​លទ្ធភាព​ក្នុង​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ទាក់ទាញ​អ្នកវិនិយោគ​មកពី​សហ​គម​ន៍​អឺរ៉ុប ដើម្បី​វិនិយោគ​លើ​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជួប​ជាមួយ​លោក Bryan FORNARI ប្រធាន​កិច្ចសហប្រតិបត្តិការ​រ​បស់​សហភាព​អឺរ៉ុប ដើម្បី​ពិភាក្សា​លើ​លទ្ធភាព​ក្នុង​កិច្ចសហការ​គាំទ្រ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា ក្នុង​គោលដៅ​ចូលរួម​ជំរុញ​ផលិតផល​ស្វាយចន្ទី​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ទាក់ទាញ​អ្នកវិនិយោគ​ពី​សហគមន៍​អឺរ៉ុប​មក​វិនិយោគ​លើ​វិស័យនេះ​។​


​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែតុលា ថា តំណាង​សហភាព​អឺរ៉ុប និង​តំណាង​អង្គការ​ GIZ មកជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​នេះ មាន​គោលបំណង​គាំទ្រ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា ជាពិសេស​គឺ​ទិវា​ស្វាយចន្ទី ដែល​ក្រសួងពាណិជ្ជកម្ម​គ្រោង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រៀបចំ​នៅ​ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក​បាន​ថ្លែងថា ខាង​តំណាង​សហភាព​អឺរ៉ុប បាន​ជម្រាប​ជា​សង្ខេប​ពី​ផែនការ​សកម្មភាព​ថ្មីៗ​ដែល​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​ GIZ គ្រោង​នឹង​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤ (​គម្រោង CAPSAFE មាន​រយៈពេល​៤​ឆ្នាំ​) ដែល​ទិសដៅ​ផ្តោត​សំខាន់​ ទៅលើ​សកម្មភាព​ធំៗ​ចំនួន​២​នោះ​គឺ ទី​១​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​វិស័យ​កសិកម្ម​កម្ពុជា (​មាន​ស្វាយចន្ទី​និង​ម្រេច​) និង​ទី​២ ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​រួមមាន​វិស័យ​កាត់ដេរ និង​សម្ភារ​ធ្វើដំណើរ​។


​លោក​បាន​បញ្ជាក់ថា ៖«​ខាង​តំណាង​សហភាព​អឺរ៉ុប​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុងការ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ក្រសួងកសិកម្ម ក្នុង​ការជំរុញ​លើកកម្ពស់​វិស័យ​ស្វាយចន្ទី​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ និង​កិត្តិសព្ទ​ស្វាយចន្ទី​កម្ពុជា​»​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​សក​) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែតុលា​ថា កន្លងទៅ​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​បញ្ជូន​ផលិតផល​ស្វាយចន្ទី​របស់ខ្លួន​ទៅកាន់​ប្រទេស​ចំនួន​២ នៅ​សហគមន៍​អឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ប៉ុន្តែ​មាន​ចំនួន​តិចតួច​តែប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖«​បើសិនជា​ក្រសួងពាណិជ្ជកម្ម​អាចជួយ​ពង្រីក​ទីផ្សារ​បន្ថែមទៀត គឺ​កាន់តែ​ប្រសើរឡើង​មែនទែន សម្រាប់​សមាគម​ស្វាយចន្ទី​កម្ពុជា ដោយ​យើង​ស្វាគមន៍​ចំពោះ​ការបើក​ទីផ្សារ​នានា​»​។​

​ទាក់ទង​នឹង​ការស្វែងរក​ទីផ្សារ​ថ្មីៗ​នេះដែរ លោក​បាន​ឱ្យដឹងទៀតថា កាលពី​ថ្ងៃ​១២ ដល់​១៥ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ ​ក្រុមការងារ​សហគ្រាស​សមា​ជិ​ក ស​សក បាន​ទៅដល់​ប្រទេស​កូរ៉េ ដើម្បី​ចូលរួម​ពិព័រណ៍​នៅ Gwangju Food Fair 2023 តាមរយៈ​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​អញ្ជើញ​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ចំនួន​៨​។ លោក​ថា ក្នុងនោះ ​៤ ​ក្រុមហ៊ុន ជា​សមាជិកសមាគម​ស្វាយចន្ទី​កម្ពុជា ដែល​រួមមាន​៖ សិប្បកម្ម​ស្វាយចន្ទី​ស្ទឹងត្រែង​-Handcrafted Cashew nut Stung Treng (​ខេត្តស្ទឹងត្រែង​),​ភូមិ​ចន្ទី​-Cashew Village (​ខេត្តសៀមរាប​),​ស្រែ​មាស និង​សិប្បកម្ម​កែច្នៃ​ទឹកសៀង​ម្ទេស អាយ ហោ (​ដៃគូ​ស្រែ​មាស ក្នុង​សម្ព័ន្ធ ស​សក​-​ខេត្តកំពង់ចាម​)​។​

​លោក ​អួន ស៊ី​ឡុ​ត បាន​បន្តថា តាមរយៈ​អនុព័ន្ធពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ប្រចាំ​សាធារណរដ្ឋ​កូរ៉េ សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី ហ៊ែ​ន​ក្រា​ហ្វ​ធី​ត ឃៃ​ស៊ូ ណាត់ ស្ទឹងត្រែង និង​ភូមិ​ចន្ទី សមាជិកសមាគម​ស្វាយចន្ទី​កម្ពុជា បាន​ចូលរួម​ការដាក់​ម្ហូបអាហារ​ឆ្នាំ​២០២៣​ដើម្បី​ផ្សព្វផ្សាយ​ផលិត​សម្រេច និង​សក្ដានុពល​ស្វាយចន្ទី​កម្ពុជា​។

​លោក​ថា មាន ១០ ប្រទេស​ចូលរួម សរុប ៣០០ ក្រុមហ៊ុន ស្មើនឹង​ ៤៥០​ ស្តង់ ដែល​មកពី កូរ៉េ ថៃ វៀតណាម ហុងកុង ចិន សិង្ហ​បុរី ឥណ្ឌូនេសុី តៃវ៉ាន់ ម៉ុង​ហ្គោ​លី និង​ប្រទេស​រុស្សុី​ផងដែរ​។​

​យោងតាម​របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ឆៅ​ចំនួន ៦៣៩ ០០០ តោន ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម​បាន​សរុប ៦១៣ ២០០ តោន ឬ​ស្មើ​ទឹកប្រាក់​ ៨២៩ លាន​ដុល្លា​ថយចុះ ១៦,៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា ទៅនឹង​២០២២​។ បើតាម​សមាគម​ដដែល​ តម្លៃ​មធ្យម​គ្រាប់​ចន្ទី​ស្ងួត​បច្ចុប្បន្ននេះ គឺ​ ១ ៦៥៨ ដុល្លារ ក្នុង​ ១​ តោន​។​ ចំណែក​នៅក្នុង​ខែកញ្ញា​គ្រាប់​ចន្ទី​ស្ងួត​តម្លៃ ៧ ០០០​ រៀល ​ទៅ ៧ ៥០០ ​រៀល ក្នុង​១​គីឡូក្រាម ឬ ១៩០០ ​ដុល្លារ ក្នុង​ ១​ តោន​៕