ភ្នំពេញៈ​វិទ្យា​ស្ថាន​ស្រាវជ្រា​វ​ និង​អភិ​វឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ (CARDI)​ គ្រោង​​ប្រមូល​ផល​ពូជស្រូវ ​(​ចំប៉ីស​៧០) ​ឱ្យបាន​ប្រមាណ​ ៦០០ ​តោន ​ក្នុង​ឆ្នាំ​២០២​​៤ ​ខាង​មុខ​ ដើម្បី​យក​ទៅ​ចែក​បន្ត​នៅតាម​មន្ទីរ​កសិកម្ម​ សហ​គម​ន៍​កសិករ​ រួម​ទាំង​ក្រុ​មហ៊ុន​ឯកជន​មួយ​ចំនួន ​ដែល​ចង់​បាន​ពូជ​ស្រូវ​នេះ​ទៅប្រើ​​ប្រាស់​។​

​លោក ​ឡោ ប៊ុណ្ណា នាយក​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិ​វឌ្ឍន៍​កសិ​កម្ម​កម្ពុ​ជា (CARDI) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ​ខែតុលា​ថា ​នៅ​ក្នុង​បច្ចេក​ទេស​ផលិត​ពូជ ដើ​ម្បី​ផលិត​ពូជ​ស្រូវ​បាន​សុទ្ធ​ល្អ គឺ​ចែក​ចេញ​ជា​ ៥ ​ចំណាត់​ថ្នាក់ ​មុននឹ​ង​បញ្ចេញ​ពូជ​ដល់ដៃ​កសិករ ក្នុង​នោះ​រួម​មាន​ ចំណាត់​ថ្នាក់​ទី​១ រុក្ខា​ជម្រើស​,​ទី​២ ពូជ​សុទ្ធ​គ្រឹះ​,​ទី​៣ ពូជ​ចុះ​បញ្ជី​, ទី​៤ ពូជ​ស្រូវ​អនុញ្ញាត ​និង​ទី​៥ ​ពូជ​សុទ្ធ​។​


​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​វិទ្យា​ស្ថាន​បាននិ​ងកំពុង​ធ្វើ​នៅ​ចំណាត់​ថ្នាក់​ទី​២ គឺ​«ពូជ​សុទ្ធ​គ្រឹះ» ដែល​មក​ទល់ពេល​នេះ​ផលិត​បាន​២០​តោន​ហើយ​ និង​បន្ត​បន្ទាប់​ទៀត​នឹង​យក​ទៅ​ផលិត​បន្ត​ដើម្បី​បង្កើត​បាន​ជា​«ពូជ​ចុះ​បញ្ជី» ក្រោយ​មក​ទើប​ចែក​ចាយ​ដល់​សហ​គមន៍​កសិករ​និង​អ្នក​ពាក់​ព័ន្ធ​ផលិត​ទៅជា​ពូជស្រូ​វ​បន្ត​ទៀត ​ទើប​ក្លាយ​ជា​«ពូជ​សុទ្ធ» សម្រាប់​ចែក​ដល់ដៃ​កសិករ​ផលិត​ ជា​ស្រូវ​ចំណី ​សម្រាប់​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារ​ ឬ​ការ​នាំ​ចេញ​។​

​លោក ​ឡោ ប៊ុ​ណ្ណា​ បានប​ញ្ជាក់​ដូច្នេះ​ថា​៖«​តាមពិ​ត​គោលន​យោបាយ​​របស់​ក្រសួង​កសិកម្ម ​គឺ​យើង​ជំរុញ​៣​ពូជ​ ទី១​គឺ​ពូជ​ផ្ការំ​ដួល​, ទី​២ ​សែន​ក្រអូប​០១ ​និង​ទី​៣ គឺ​ចំប៉ីស​៧០​។ យើង​គ្រោង​ជំរុញ​ការចែក​ចាយ​ពូជ​ចំប៉ីស​៧០​នៅ​ឆ្នាំ​ក្រោយ ​ដោយ​សារ​ពូជ​នេះ ជា​ពូជ​ស្រូវ​ថ្មី​ដែល​យើង​បង្កាត់​ចេញ​ពី​ពូជ​ស្រូវ​ផ្ការំ​ដួល ជា​ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ដូច​ពូជ​ស្រូវ​រំដួល​នោះទេ​។ ដូច​នេះ ​ប្រសិន​បើ​តំបន់​ណា​មាន​ទឹក​គ្រប់​គ្រាន់​នោះ​កសិករ​អាច​ដាំ​ដុះ​បាន​លើស​ពី​១​ដង​ក្នុង​១ឆ្នាំ​»​។​


«​ពូជ​នេះ ​ជា​ពូជ​ស្រូវ​ក្រអូប ​ហើយ​បើតា​ម​ការសិ​ក្សា​របស់​យើង​ពូជ​នេះ​នឹង​មាន​ទីផ្សារ ​ដោយ​យើង​ដាំដុះ​បាន​គ្រប់​រដូវ ​គ្រប់​ពេលវេ​លា ​គ្រប់​ទី​កន្លែង​ ហើយ​កសិករ​មាន​លទ្ធ​ភាព​ក្នុង​ការ​ផលិត​រយៈ​ពេល​ខ្លី ថែម​ទាំង​ការ​ចំណាយ​ថ្លៃ​ដើម​ក្នុង​ការ​ថែទាំ​ក៏​អស់​តិច​ផង​ដែរ​ ដោយ​សារ​ចំប៉ីស​​៧០​នេះ ​ធន់​នឹង​អាកា​សធាតុ​ មិនសូ​វមាន​សត្វ​ល្អិត​បំផ្លាញ​ជា​ដើម​»​។​នេះ​បើ​តាម​លោក​ ឡោ ​ប៊ុណ្ណា បញ្ជាក់​បន្ថែម​។​

​លោក​ លន់ យ៉េ​ង អគ្គលេ​ខាធិ​ការ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បាន​ថ្លែង​ដែរ​ថា លោក​មិន​ទាន់​បានដឹង​​ច្បាស់​អំពី​តម្រូវកា​រ​ទីផ្សារ​ចំពោះ​ពូជ​ស្រូវ​ចំប៉ីស​៧០​ នេះ​នៅ​ឡើយ​​ទេ ​ខណៈ​បច្ចុប្ប​ន្ន តម្រូវ​ការ​លើ​ទីផ្សារ​ភាគ​ច្រើន​បំផុត គឺ​រំដួល និង​សែន​ក្រអូប​០១​។​

​ទោះជា​​យ៉ាង​ណា ​លោក​ថា ការ​បង្កើត​ឱ្យមាន​ពូជ​ថ្មីៗ​បន្ថែម ​អាច​ផ្តល់​ជា​ជម្រើស​សម្រាប់​អ្នក​ដាំ​ដុះ​។ លោក​បាន​បញ្ជាក់​​ថា​៖«​បើ​មាន​ពូជ​ថ្មី​បន្ថែម​ទៀត​ ក៏​ជា​ការល្អ​ដែរ តែ​ចាំ​មើល​ជាក់​ស្តែង​សិន​ថា ពូជ​ថ្មី​នេះ ល្អ​កម្រិត​ណា ​ព្រោះ​ថា វា​ត្រូវការ​ពេល​វេលា​សម្រាប់​ការ​ទទួល​ស្គាល់​ពី​ទីផ្សារ​ជា​មុន​សិន​»​។​

​ចំណែកលោក សែម​ ប៊ុនលី ប្រធាន​សហ​គមន៍​កសិក​ម្ម​ស្ទឹង​ស្លាគូ ​នៅ​ស្រុក​សំរោង ​ខេត្តតា​កែវ បាន​ឱ្យដឹង​ដែរ​ថា ​ការ​ទទួល​បាន​ពូជ​ថ្មី​បន្ថែម​ទៀត ​ជាការ​ប្រសើរ​ ព្រោះថា​ ​សហ​គមន៍​អាច​ដក​ពិសោធន៍​ពូជ​ថ្មី​នេះ​បាន​ក្នុង​ករណី​ដែល​មាន​ទីផ្សារ​ល្អ ​និង​ជំរុញ​ការ​ចែក​ចាយ​ដល់​កសិ​ករ​ដាំ​ដុះ​។​

​លោក​បាន​បន្ថែម​ថា ​បច្ចុ​ប្បន្ន កសិករ​នៅ​ស្រុក​សំរោង​ភាគ​ច្រើន​ដាំ​ដុះ​ពូជ​ស្រូវ​ប្រពៃ​ណីដែ​ល​ខ្វះ​ទីផ្សា​រទើប​សហ​គមន៍​ចង់​ជំរុញ​ឱ្យ​មាន​ការ​ដាំ​ដុះ​ពូជ​ថ្មី​ម្តង ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ទីផ្សារ​នា​ពេល​ខាង​មុខ​។​

​លោក​បាន​បញ្ជាក់​បន្ថែ​មថា​៖«​សព្វ​ថ្ងៃ​សហ​គមន៍​យើង​ផលិត​ពូជ​ស្រូវ​ផ្ការំដួល​តែមួយ​ទេដែ​លជា​ប្រភេទ​ស្រូវធ្ងន់​ ដែល​ធ្វើ​បាន​តែម្តង​ទេ​ក្នុង​១ឆ្នាំ​ដោយ​សារ​តែ​តំបន់​យើង​នេះខ្វះ​ប្រភ​ពទឹក​។​បើ​យើង​ទទួល​បាន​ពូជ​ស្រូវ​ថ្មី​នេះ​យើង​នឹង​ស្នើសុំ​កិច្ច​សហ​ការ​ពី​ក្រសួងកសិកម្ម​ដើម្បី​ជីក​ស្រះ​បន្ថែម​ដើម្បី​អាច​ផលិត​ពូជ​ចំប៉ីស​៧០​នេះ​បាន ​ដោយ​សារតែ​វា​ជា​ប្រភេទ​ពូជ​ស្រូវ​ស្រាល ​មិន​ប្រកាន់​រដូវ​»៕