​សៀមរាបៈ ដោយសារតែ​ស្រ​ឡាញ់​ប្រទេស​កម្ពុជា យុវជន​ជន​ជាតិ​ជប៉ុន​ម្នាក់​បានមក​ផលិត​នំ Crepe លក់​ដើម្បី​យក​ថវិកា​ជួយ​ជីក​អណ្តូងទឹក​ក្នុង​សហគមន៍ ធ្វើ​នំ​ឱ្យ​កុមារកំព្រា​ហូប និង​គ្រោង​សាងសង់​សាលារៀន ​១ ​ខ្នង ខណៈ​រូបលោក និង​ក្រុម​យុវ​ជន​ខ្មែរ​ចំនួន ​៨ នាក់​ទៀត ក៏​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ដើរ​ប្រមូល​សំរាម​នៅតាម​ប្រឡាយ​ទឹកស្អុយ​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។​

​លោក Tara ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ តាមរយៈ​អ្នកបកប្រែ​ពី​គោលបំណង​របស់លោក​ថា បើទោះបីជា​ប្រទេស​របស់លោក​ជឿនលឿន និង​រស់នៅ​ស៊ី​វិ​ល័យ​ក្តី ក៏ប៉ុន្តែ​លោក​ដាក់ចិត្ត​ដាក់​កាយ មកជួយ​ប្រ​ទេស​ក្រីក្រ ជាពិសេស​លោក​ស្រឡាញ់​ប្រជាជន​កម្ពុជា​។ ហេតុដូច្នេះ​ហើយ​លោក​ត្រូវតែ​ធ្វើ​អ្វីដែល​លោក​គិតថា អាចជួយ​ដល់​ប្រជាជន​កម្ពុជា​បាន ទៅតាម​លទ្ធភាព​។

​លោក​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ប្រទេស និង​ប្រជាជន​កម្ពុជា​។ ទឹកចិត្ត​សប្បុរសធម៌​របស់ខ្ញុំ ចង់​ជួយ​ទៅដល់​សហគមន៍​ទៅដល់​ក្មេងៗ ខ្ញុំ​ស្រឡាញ់​ពួកគាត់​»​។​ បើ​គេ​ធ្វើដំណើរ​ឆ្លងកាត់​វិទ្យា​ល័យ​អង្គរ ក្នុង​ក្រុង​សៀមរាប គេ​នឹង​ឃើញ​រទេះ​ដែលមាន​ភ្ជាប់​ជាមួយ​ម៉ូតូ​ ១ ​គ្រឿង ចត​នៅ​ពីមុខ​វិទ្យាល័យ​។ នៅ​ផ្នែក​ជញ្ជាំង​ខាងមុខ​រ៉ឺម៉ក មាន​សរសេរ​អក្សរ​ថា ​(​ផេ​ន​ខេ​ក​ក្រេប​ PANCAKECREPE)​ ដែល​នោះ​ជា​រទេះ​លក់​នំ Crepe របស់​យុវជន​ជប៉ុន​ឈ្មោះ​ Tara Sotaro​។​


​លោក​ អ៊ុំ បូរ៉ា ជា​អ្នក​រួម​ក្រុម​ហើយក៏​ជា​អ្នកបកប្រែ​ភាសា​ជប៉ុន​ដែ​រ​នោះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក Tara អាយុ​ ២៣ ​ឆ្នាំ បានមក​ប្រទេស​កម្ពុជា​នៅ​ខែកុម្ភៈ​ឆ្នាំ ​២០២៣ ហើយ​បាន​ជួប​លោក​ជា​អ្នកបកប្រែ​ភាសា​ជប៉ុន​នៅ​ក្រុង​សៀមរាប​និង​ជួយ​យុវជន​ខ្មែរ​ចំនួន​ ៧​ នាក់​ទៀត ដើម្បី​ធ្វើ​នំ Crepe លក់​។ លោក Tara បានធ្វើ​រទេះ​ភា្ជ​ប់​ជាមួយ​ម៉ូតូ​ចំនួន ​៣ ​គ្រឿង សម្រាប់​ដឹក​នំ​ចល័ត​លក់​។ ក្នុងនោះ​រទេះ​ ១​ គ្រឿង ដាក់លក់​ជាប្រចាំ​នៅមុខ​វិទ្យា​ល័យ​អង្គរ​ក្រុង​សៀមរាប​។​

​លោក​ប្រាប់ថា ចំពោះ​យុវជន​មកជួយ​លក់​នំ​ Crepe ​នេះ សុទ្ធ​​តែ​ជា​យុវជន​ដែល​រក​ការងារ​ធ្វើ​មិនទាន់បាន​នៅក្នុង​សហគមន៍​ដែល​លោក Tara កំពុង​រស់​នៅក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​​ខេត្តសៀមរាប​។ យុវជន​ទាំងនោះ ត្រូវបាន​លោក Tara បង្រៀន​ឱ្យ​ចេះ​ធ្វើ​នំ​ហើយ​ឱ្យ​ប្រាក់ខែ​បន្ថែមទៀត​។


លោក Tara លក់​នំ Crepe នេះ គឺមាន​គោលបំណង​ជួយ​ដល់​កុមារ​​កំព្រា​ដែល​ក្នុង ​១ ​សប្តាហ៍ លោក​ធ្វើ​នំ​ឱ្យ​កុមារ​ហូប​ម្តង​។ ក្រៅពីនេះ​លោក​ជីក​អណ្តូងទឹក នៅតាម​សហគមន៍​បាន​ចំនួន​ ២ ​អណ្តូង ហើយ​អ្វី​ដែលជា​គោល​បំណង​ធំ​របស់លោក​នោះ គឺមាន​គម្រោង​សាងសង់​សាលារៀន​ឱ្យបាន​ ១ ​ខ្នង​នៅ​កម្ពុជា​។​

​សកម្ម​ភាព​ប្រកួតកីឡាគុនដាវ ដែល​សហព័ន្ធ​កីឡា​គុនដាវកម្ពុជា បាន​រៀបចំ នាពេល​កន្លង​មក​។ រូបសហ​ការី

​បើតាម​លោក Tara និយាយប្រាប់​លោក​បូរ៉ា​ថា តាមពិតទៅ​លោក Tara មាន​ដៃគូ​ជំនួយ​ស្រាប់​ហើយ​នៅ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​លោក​ចង់រក​ចំណូល​បន្ថែមទៀត ដើម្បី​បង្ការ​ក្រែង​មាន​ហា​និ​​ភ័យ​ណាមួយ​កើតឡើង​ដោយ​​ចៃដន្យ​គឺ​លោក​មាន​ថវិកា​ខ្លួនឯង​ខ្លះ ដើម្បី​ទប់ទល់​។ នំ Crepe ១ មានតម្លៃ​ពី​ ៨​ពាន់​រៀល ដល់​ ១​ ម៉ឺន​រៀល ដែល​អ្នកផង​គិតថា ថ្លៃ តែ​ថវិកា​ពាក់កណ្តាល​បាន​ពី​ការលក់​ត្រូវបាន​លោក Tara សន្សំទុក​សម្រាប់​ជួយ​ដល់​មណ្ឌល​កុមារកំព្រា​ខេត្តសៀមរាប ជីក​អណ្តូងទឹក និង​សម្រាប់​សាងសង់​សាលារៀន​។ យុវជន​ជប៉ុន​រូប​នេះ​បាន​និយាយថា​៖ «​លុយ​ជំនួយ​ក៏​ពឹងពាក់​ដែរ តែ​ខ្លាច​មាន​កើតមាន​ហានិភ័យ​អី្វ​មួយ​ទៅ​អាច​ផ្តាច់ជំនួយ​។ អ៊ីចឹង​កុំឱ្យ​អត់​មាន​អ្វី​បម្រុង​ទុក ដូច្នេះ​ខ្ញុំ​ក៏បាន​បង្កើត​មុខរបរ​លក់​នំ​ក្រេប​នេះ​ទៅ​»​។​

​បើតាម​លោក​ បូរ៉ា ដើម្បីឱ្យ​ភ្ញៀវ​ស្គាល់​គឺ​នៅលើ​រទេះ​រ៉ឺម៉ក​លក់​នំ​មាន​សរសេរ​អក្សរ​ខ្មែរ​ថា​ (​ខ្ញុំ​លក់​នំ Crepe យក​ថវិកា​ជួយ​ដល់​កុមារកំព្រា ជីក​អណ្តូងទឹក និង​សាងសង់​សាលារៀន​)​។ ដោយ​សារ​តែ​អ្នកដំណើរ​មើលឃើញ​ពី​ទឹកចិត្ត​របស់លោក Tara ទើប​ចេះតែមាន​ភ្ញៀវ​ជួយ​ទិញ​ច្រើន ដែល​ការចំណាយ​ថវិកា​ទិញ​នំ​របស់​ភ្ញៀវ​ដូចជា​ការជួយឧបត្ថម្ភ​ដល់​មណ្ឌលកុមារ​កំព្រា​នៅ​ខេត្តសៀមរាប ក៏ដូចជា​ជួយ​ដល់​សង្គម​ផងដែរ​។​

​លោក​បូរ៉ា​បន្ថែមថា ក្រៅពី​ដើរ​លក់​នំ Crepe ហើយ​នោះ លោក Tara បាន​ដឹកនាំ​ក្រុមយុវជន​ដើរ​រើស​សំរាម​នៅតាម​ប្រឡាយទឹក​ស្អុយ​នៅតាម​ទីសាធារណៈ​ដែល​ក្នុង​ ១​ សប្តាហ៍​ ៣​ ដង​។ ចំពោះ​ការ​ចំណាយ​ក្នុង​ការទិញ​ថង់​ដាក់​សំរាម ស្រោមដៃ សម្រាប់​ពាក់​ចុះ​បារ​សំរាម និង ខោអាវ​សម្រាប់​ចុះ​ទឹក គឺ​សុទ្ធតែ​ដក​ថវិកា ដែល​បាន​ពី​ការលក់​នំ Crepe យកទៅ​ទិញ​ដែរ​។ ការងារ​សម្អាត​បរិ​​ស្ថាន​នេះ​ក៏មាន​ប្រជាពលរដ្ឋ​ជួយ​ទិញ​ទឹក​សុទ្ធ ឬ​នំចំណី​ឱ្យ​ក្រុម​លោក​ហូប​ផងដែរ​។​

​លោក Tara ត្រូវបាន​ស្រង់​សម្តី​ថា​៖ «​ខ្ញុំ​បាន​សម្រេចចិត្តថា នឹង​កំណត់​គោលដៅ​ ១ ​នោះ​គឺ​ប្រមូល​សំរាម​ឱ្យ​គ្រប់​ ១០០​ តោន តែ​វា​ពិតជា​មិន​ងាយ​ទេ ហើយ​សំរាម​ដែល​យើង​ប្រមូល​ម្តងនេះ បាន​ចំនួន​ ៣​ ពាន់​គីឡូ នៅសល់ ​៩៧ ០០០ ​គីឡូ​ទៀត ទើប​ដល់​គោលដៅ​ដូច្នេះ​បើ​អ្នកចូលរួម​បាន​សូម​មើល​ប្រូ​ហ្វា​ល​ខ្ញុំ​»​។​

​លោក​បូរ៉ា​ប្រាប់ថា តាមរយៈ​សកម្មភាព​ការងារ​មនុស្សធម៌​ក៏ដូចជា​ការងារ​ជួយ​សម្អាត​បរិស្ថាន​នេះ​នៅ​មិនទាន់មាន​គេ​ជួយ​ដល់​លោក Tara នៅឡើយ​ទេ តែ​លោក​សង្ឃឹមថា ទៅ​ថ្ងៃមុខ​នឹងមាន​អ្នក​ចូលរួម​ច្រើន ប៉ុន្តែ​មាន​គេ​ស្គាល់​លោក Tara ជា​បណ្តើរៗ​ហើយ​ដែរ តាមរយៈ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​តិកតុក​។​

អាជីវកម្ម​លក់​ជ្រូក​ខ្វែ ទាខ្វៃ និង​សាច់​ផ្សេងៗ​នៅ​ផ្សារ​អូរឫស្សី​ក្រុងភ្នំពេញ​។ហុង មិនា

​បើតាម​សារ​បង្ហោះ​តាម​តិក​តុ​ក ដែលមាន​ឈ្មោះថា Tara ដែលជា​ផេ​ច​របស់លោក Tara ផ្ទាល់ បាន​រៀបរាប់ថា លោក​មាន​លក់​បង្អែម ​១ ​ប្រភេទ​នៅ​ខេត្ត​​សៀមរាប​ឈ្មោះថា នំ Crepe ហើយ​ថវិកា​ដែល​បាន​ពី​ការលក់​ ១ ​ផ្នែក​នឹងត្រូវ​បរិច្ចាគ​ដល់​ប្រទេស​កម្ពុជា​។ ចំពោះ​មូលហេតុ​ដែល​លោក​បង្ហោះ​តាម​បណ្តាញ​សង្គម​តិកតុក​នេះ គឺ​លោក​ចង់ឱ្យ​មនុស្ស​ជាច្រើន​បានដឹង​ពី​ភាព​អស្ចារ្យ​នៃ​អាហារ និង​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​របស់លោក​។​

​លោក​ ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មាន​ក្តី​រីក​​រាយ និង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​ក្រុមយុវជន​ជប៉ុន​នោះ​ព្រោះថា ជាទូទៅ​ការសម្អាត​អនាម័យ​បរិស្ថាន គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​ស្ថាប័នឯកជន និង​ស្ថាប័នរដ្ឋ និង​នៅតាម​បណ្តា​សហគមន៍ និង​រមណីយដ្ឋាន​ផ្សេងៗ​។ លោក​បន្តថា អ្វី​ដែលជា​សកម្ម​ភាព​ចូលរួម​នេះ គឺ​ដើម្បី​លើក​​កម្ពស់​សោភណភាព អនាម័យ​ទាំង​ទីប្រជុំជន ក៏ដូចជា​ទាំង​ទីរួមស្រុក​នានា និង​នៅតាម​ទីសាធារណៈ​ផងដែរ​។

​លោក​ សេក សុជាតិ អ្នក​ប្រឹក្សា​​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​យល់ឃើញថា បញ្ហា​នេះ​ជា​រឿង​មួយ​ល្អ​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ឬក៏​យុវជន​ខ្មែរ​យើង​បាន​ចូលរួម និង​សហការ​ជាមួយនឹង​យុវជន​ជប៉ុន​ផលិត​ជា​នំ Crepe លក់​យក​ថវិកា​មួយចំនួន​ដើម្បី​បរិច្ចាគ​នៅក្នុង​សហគមន៍​។ មួយផ្នែក​ទៀត​ជួយ​ជីក​អណ្តូងទឹក​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ខ្វះខាត​ក៏ដូចជា​ជួយ​ដល់​កុមារកំព្រា​នេះ​។ លោក​លើកឡើងថា បញ្ហា​បរិស្ថាន​មិន​ស្អាត វា​គឺជា​រឿង​មួយ ដែល​ចាំ​បាច់ ហើយ​និង​ត្រូវ​ដោះស្រាយ​ដើម្បី​ធានា​ឱ្យបាន​សុខុមាល​ភាពល្អ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​ទីក្រុង ក៏ដូចជា​នៅ​តំបន់​ទីប្រជុំ​ជន​។

​លោក​ថា ខេត្តសៀមរាប​ជា​ខេត្ត​មួយ​ដែលមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចេញ​-​ចូល និង​ស្នាក់នៅ​ច្រើន​។ ហេតុដូច្នេះ​ខេត្ត​សៀមរាប​ត្រូវតែ​ជា​ខេត្ត​មួយ​ដែលមាន​បរិស្ថាន​ស្អាត ដែលមាន​អ​នា​ម័​យ​ល្អ ធ្វើយ៉ាងណា​ដើម្បីឱ្យ​មាន​ភាព​ទាក់ទាញ​ហើយ​ភ្ញៀវទេសចរ​អាច​ទុកចិត្តបាន​។ លោក​ថ្លែងថា​៖ «​ដូច្នេះ​បញ្ហា​សកម្មភាព​ទាំង​អស់នេះ ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​យុវជន​ខ្មែរ និង​យុវជន​ជប៉ុន​ម្នាក់​នោះ ដែល​បានរួម​សហការគ្នា​ល្អ​ក្នុង​ការជួយ​ចូលរួមចំណែក​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​»៕