​ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ ​២០២៣ បានទទួល​ជួប​ពិ​ភា​ក្សា​ការងារ​ដោយឡែក​ពីគ្នា​ជា​មួយ លោក ម៉ា​ទីន វ៉ា​វ​រា (Martin Vavra) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក គ្រី​ស្ទា​ន តេ​ឡេ​គី (Kristian Teleki) នាយក​ប្រតិបត្តិ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ អន្តរជាតិ ប្រចាំ​ប្រទេស​កម្ពុជា [Fauna and Flora International (FFI Cambodia)] នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ នេះ​បើ​យោងតាម​សារ​តេ​ឡេ​ក្រាម​របស់​ក្រសួងបរិស្ថាន​ដែល​បាន​ចែករំលែក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​


​ប្រភព​ដដែល​បានឱ្យដឹងថា ភាគី​ទាំង ​២ ​បាន​ពិភាក្សាគ្នា​ទៅលើ​បញ្ហា​បរិស្ថាន ដូចជា​ការ​​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក និង​អ​នា​​ម័​យ​ទឹកស្អាត និង​បញ្ហា​សហ​គម​ន៍​តំបន់ការពារធម្មជាតិ ដើម្បី​ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុងការ​លើកស្ទួយ​វិស័យ​បរិស្ថាន និង​ជួយ​លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍​តំបន់ ការពារធម្មជាតិ​។ ក្នុងជំនួប​នោះ លោក ម៉ា​ទីន វ៉ា​វ​រា ក៏បាន​ថ្លែង​បញ្ជាក់​ពី​គោលបំណង​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ បន្ថែម​រវាង​សាធារណរដ្ឋ​ឆែក និង​ព្រះ​​រាជាណាចក្រ​កម្ពុជា ក្នុងការ​​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក និង​អនាម័យ​ទឹកស្អាត​។​

​ប្រភព​ដដែល​នេះ​បញ្ជាក់ថា លោក​ឯកអគ្គរដ្ឋទូត​បានលើកឡើង​ពី​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​ដែល​បាន​បង្ក​ហានិភ័យ​ជាខ្លាំង​ដល់​សុខភាព​មនុស្ស សត្វ ធនធានធម្មជាតិ ជីវចម្រុះ និង​ប្រភពទឹក ដែល​បញ្ហា​នេះ​ត្រូវតែ​យកចិត្តទុកដាក់​ដោះ​ស្រាយ​ជាបន្ទាន់ ហើយ​ការ​កាត់​បន្ថយ​ថង់​ប្លា​ស្ទិ​កជាប​ញ្ហា​សកល​ដែល​ត្រូវ​យកចិត្ត​ទុក​​ដាក់ និង​ដោះស្រាយ​ជាបន្ទាន់​។​


​ប្រភព​នេះ​ក៏បាន​ឱ្យដឹង​ដែរ​ថា លោក អ៊ាង សុផល្លែត បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្រសួងបរិស្ថាន​បានដាក់​ចេញ​ការងារ​អាទិភាព​មួយចំនួន​ដូចជា​ផ្តោតលើ​យុទ្ធនាការ​កាត់បន្ថយ ថង់​ប្លា​ស្ទិ​ក​ជាមួយ​សិ​ស្សា​នុ​សិស្ស ដែលមាន​ការចូលរួម​ប្រមាណ​ ១,៥ លាន​នាក់​។ ការ​ស្តារ និង​ដាំ​ដើមឈើ​ឡើងវិញ តាមរយៈ​ការចែកជូន​កូនឈើ ១ ​លាន​ដើម ដល់​ប្រជាពលរដ្ឋ​ជា​រៀងរាល់ឆ្នាំ និង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​អនុលោម​ទៅតាម​គោលការណ៍​គតិយុត្ត ដើម្បី​ជំរុញ​ភាព​ស្អាត ភាព​បៃតង ចីរភាព ដែលជា​ការឆ្លើយតប​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​នៅក្នុង​តំបន់ និង​សកលលោក​។

​ប្រភព​នេះ​បាន​ស្រង់​សម្ដី​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​ ៖«​ទោះ​ជា​យើង​មាន​ឧបករណ៍​សម្រាប់​កម្ទេច​សំណល់​ចោល​ក៏ដោយ ក៏​យើង​ត្រូវតែ​កាត់បន្ថយ​ការ​បង្កើត​សំណល់​ឱ្យ​បានជា​អតិ​​បរមា​»​។


​ដោយឡែក​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ អន្តរជាតិ (Fauna and Flora International) ដែលជា​ដៃគូ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រីក្រសួង​​បរិស្ថាន បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ ១ ​នេះ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​។​

​ក្នុងជំនួប​នេះដែរ លោក គ្រី​​ស្ទា​ន តេ​ឡេ​គី ក៏បាន​ថ្លែង​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ ដើម្បី​ជំរុញ​ការងារ​ស្នូល ស្តីពី​ប្លា​ស្ទិ​ក​សមុទ្រ (Marine Plastic) កាបូន​​ខៀវ (Blue Carbon) ពី​ស្មៅ​សមុទ្រ និង​ព្រៃកោងកាង ការ​គ្រប់គ្រង​តំបន់​ការពារ​ដែលមាន​ស្រាប់ និង​ការអង្កេត​ប្រភេទ​ដើមឈើ ការលើក​​កម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន ការអនុវត្ត​គម្រោង REDD+ និង​ការ​អនុ​វត្ត​គម្រោង​អភិរក្ស​ជីវចម្រុះ​ឆ្លងដែន​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ​ប្រទេស​កម្ពុជា​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ FFI-Cambodia បានឱ្យដឹងថា អង្គការ​បាន​កំពុងធ្វើការ​សាកល្បង​ដំណោះ​​ស្រាយ​មូលដ្ឋាន​ក្នុង​តំបន់​ប្រជុំ​កោះរ៉ុង និង​កោះ​ស្តេច​ដោយ​ផ្តល់​ជម្រើស​ផ្សេង​ដល់​ប្រជា​ពលរដ្ឋ និង​អាជីវកម្ម​ខា្ន​ត​តូច​ក្នុង​សហគមន៍ ដើម្បី​បញ្ឈប់​ការប្រើ​ប្លា​ស្ទិ​ក​ដែល​ប្រើ​ម្តង​ហើយ​ទុកចោល​ឱ្យ​កាក​សំ​ណ​ល់​ទាំងនោះ​ហូរ​ចូលទៅក្នុង​សមុទ្រ​។

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​យើង​បាន​ផ្តល់ជូន​កាបូប​បរិស្ថាន ​១ ​ឈុត ​(​ដែលមា ន​៣ ទំហំ​ផ្សេងគ្នា​) ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដើម្បី​ប្រើ​ជំនួស​ថង់​បា្ល​ស្ទិ​ក និង​ម៉ាស៊ីនទឹក​ក្តៅ​ត្រជាក់​ដល់់​អាជីវកម្ម​ខ្នាតតូច​ដើម្បី​ជំរុញ​ទម្លាប់​ចាក់​បំពេញ​ទឹក​ហូប​ឡើងវិញ​»​។​

​ប្រភព​នេះ​បានឱ្យដឹងថា ក្រោយពី​ដាក់​គម្រោង​ឱ្យ​ដំណើរ​ការ​កាលពីដើម​ខែមីនា​កន្លងមក មានការ​កើនឡើង​នៃ​ការ​​ចូលរួម និង​ការបន្ត​ប្រើប្រាស់​សម្ភារ​ដែល​បាន​ផ្តល់ជូន ហើយ​ទាំងនេះ​ជា​សញ្ញាណ​វិ​ជុ្ជ​មាន នៃ​ការចាប់ផ្តើម​ផ្លាស់ប្តូរ​ទម្លាប់​។

​អង្គការ​នេះ​បានឱ្យដឹង​ទៀតថា បញ្ហា​ដោយឡែក​ក្នុងពេល​ថ្មី​នេះ អង្គការ​បាន​សហការ​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានរៀបចំ​សិក្ខាសាលា​ស្តីពី «​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​» សម្រាប់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ ៤ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ អាជ្ញាធរ​មូលដ្ឋាន និង​ឧ​ទ្យា​នុ​រក្ស​មូលដ្ឋាន ដែលមាន​អ្នកចូលរួម​ក្នុង​មួយ​សហគមន៍ ៥០​ នាក់​។

​សិក្ខាសាលា​នេះ មាន​គោល​បំណង​បង្កើន​ចំណេះដឹង ទាក់​ទង​នឹង​សារៈសំខាន់​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ ការអភិរក្ស និង​ការ​ដាំ​ស្តារ​ជីវចម្រុះ ការពង្រឹង​សមភាព​យេនឌ័រ និង​ការចូល​​រួម​របស់​ស្ត្រី​ក្នុង​ការងារ​អភិរក្ស និង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​មកលើ​ជីវភាព​របស់​ពួកគាត់​។​

​អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា អ្វីដែល​ទទួលបាន​ពី​សិក្ខាសាលា​នេះ នឹង​ជួយ​ពង្រឹង​ចំណេះដឹង​របស់​ពួកគេ ដើម្បី​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​កាន់តែ​ប្រសើរ និង​ជា​វិជ្ជមាន​ក្នុង​លទ្ធផល នៃ​ការអភិរក្ស​ដោយ​សហគមន៍​មូលដ្ឋាន ដើម្បី​ធានាបាន​ជីវ​ភាព​កាន់តែ​ប្រសើរ និង​ការ​ការពារ​ឧទ្យាន​ជាតិ​វីរ​ជ័យ​កាន់​​តែមាន​ប្រសិទ្ធភាព​»៕