ភ្នំពេញៈ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​ឱ្យដឹង​ថា ការ​ចុះឈ្មោះ​​អ្នក​បោះឆ្នោ​ត​នៅ​ឃុំ-សង្កាត់ និង​នៅ​រដ្ឋ​សភា​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៨ ខែតុលា និ​ង​បញ្ចប់​នៅ​ថ្ងៃទី ​១៤ ខែវិ​ច្ឆិកា ​ឆ្នាំ​ ២០២៣​ ខណៈ​រដ្ឋស​ភា​បាន​បង្កើត​ការិយាល័​យ​ចុះឈ្មោះ​​បោះឆ្នោត​ដល់​អ្នក​បោះឆ្នោ​ត​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង​នៅ​អគ្គ​លេខាធិ​ការដ្ឋាន​រដ្ឋ​សភា​ផង​ដែរ​។​


​លោក ​មាន ស​ទិ សមាជិក ​គ​.​ជ​.​ប បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័​ន្ធ​ពី​ការ​បោះឆ្នោត​​ជ្រើសតាំ​ង​សមា​ជិក​ព្រឹ​ទ្ធសភា នីតិកា​ល​ទី​៥​ ឆ្នាំ​២០២៤​ កាល​ពី​ថ្ងៃទី​១៧ ​ខែតុលា​ថា ការចុះ​ឈ្មោះ​អ្នកបោះឆ្នោ​ត​នៅ​ឃុំ- សង្កាត់ ​និង​នៅ​រដ្ឋ​សភា​ ត្រូវ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៨ ​ខែតុលា ​ហើយ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ​ខែវិច្ឆិកា ឆ្នាំ​២០២៣​។

​លោក​បន្តថា​ ការងារ​ចុះ​ឈ្មោះ​អ្នកបោះ​ឆ្នោត​នេះ ប្រព្រឹត្ត​ទៅតាម​ប្រតិ​ទិន​ការងារ​របស់ គ​.​ជ​.​ប ដោយ​គ្មាន​ការ​ប្ដឹង​តវ៉ា ឬ​ការប្ដឹង​ជំទាស់​​ទេ តែ​នៅពេ​ល​បញ្ចប់​ការងារ​នេះ គ​.​ជ​.​ប ត្រូវ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង នៅ​លេខាធិ​ការ​ដ្ឋាន​នៃ​គណៈ​កម្មការ​រាជធានី​ ខេត្ត​រៀបចំ​ការបោះ​ឆ្នោត (​លគ​ធ​.​ខ​ប​) និង​ទីប្រជុំ​ជន​មួយ​ចំនួន​ក្នុង​រាជ​ធានី​-ខេត្ត សម្រាប់​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​ដែល​ត្រូវអនុ​វត្ត​ចាប់ពី​ថ្នាក់​គណៈកម្ម​ការ​រាជធានី-ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) ថ្នាក់ គ​.​ជ​.​ប ហើយ​ត្រូវ​បញ្ចប់​នៅ​ក្រុម​ប្រឹក្សាធ​ម្មនុញ្ញ​។​


​លោក ​មាន ស​ទិ បាន​បញ្ជាក់​ថា៖ «​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំ​ង​សមាជិក​ព្រឹទ្ធ​សភា នី​តិកា​ល​ទី​៥ នេះ មណ្ឌលបោះ​ឆ្នោ​ត​ត្រូវ​បាន​រៀបចំនិង​បែង​ចែក​ជា​៨​ភូមិ​ភាគ ដែល​មាន​​អាសនៈ​សរុប​ចំនួន៥៨ (​បន្ថែម សមាជិក​ព្រឹទ្ធ​សភា​ចំនួន២​រូ​ប ដែល​ត្រូវបា​នចា​ត់តាំង​ដោយ​ព្រះម​ហា​ក្សត្រ និង២​រូប​ទៀត​ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំ​ង​​តាម​មតិ​ភាគច្រើ​ន​)»​។​

​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​​ត្រូវបា​ន​រៀបចំ​នៅ​តាម​រាជធា​នី-ខេត្ត​នីមួយៗ​រួម​មាន​ ក្រុម​ប្រឹ​ក្សាឃុំ-សង្កាត់ ​និង​តំណាង​រាស្ត្រ​នៃ​រាជធានី​-ខេត្ត​នីមួយៗ ​ហើយ គ​.​ជ​.​ប ត្រូវ​បូកស​រុប​លទ្ធផល​នៃ​ការបោះឆ្នោ​ត​នៅតា​ម​មណ្ឌល​នីមួយៗ​នៃ​មណ្ឌល​ទាំង៨ នៅ​ទូទាំងប្រ​ទេស​។​


​លោក​ មាន ស​ទិ បាន​បញ្ជាក់ដែ​រថា​ ក្នុងក​រណី​ក្រុមប្រឹ​ក្សាឃុំ​-​សង្កាត់នៃ​​ឃុំ​-​សង្កាត់​ណាមួ​យ​មិន​បាន​រៀបចំ ​និង​បញ្ជូន​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ទាំង​អស់​ក្នុង​តំណែង​មក គ​.​ជ​.​ប គឺ គ​.​ជ​.​ប ត្រូវធ្វើ​ប្រតិភូក​ម្ម​មុខ​ងារ​ដល់​អភិ​បាល​នៃ​គណៈ​អភិបាលក្រុ​ង ស្រុក​ ខណ្ឌ​ពាក់ព័ន្ធ ​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​​​-​សង្កាត់​ទាំង​នោះ ​រួច​ចុះ​ហ​ត្ថលេ​ខា បោះ​ត្រា​រដ្ឋ​បាល​ក្រុង ​ស្រុក ​ខណ្ឌ ដែល​មាន​ការ​បញ្ជាក់ឯ​​ក​ភាព​ពី​អភិបាល​រាជធា​នី​ខេត្ត​ពាក់ព័​ន្ធ រួច​បញ្ជូនម​ក គ​.​ជ​.​ប ឱ្យបាន​ឆាប់រ​ហ័ស​តាម​ដែល​អាច​ធ្វើបា​ន​។​

​សូមប​ញ្ជា​ក់ថា​ ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​មួយ ត្រូវ​បា​នកំ​ណត់​​សម្រាប់​អង្គ​បោះឆ្នោត​តំណាង​រាស្ត្រ និង​ការិ​យាល័​យ​ចុះ​ឈ្មោះ​បោះឆ្នោ​ត​ចំនួន​មួយ​ត្រូវ​បានកំ​ណត់​សម្រាប់​អង្គ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​នីមួយៗ​។

​ការិ​យាល័​យ​ចុះឈ្មោះ​​បោះឆ្នោត​គឺ​ជា​ការិយា​ល័យ​ដែល​ស្ថិតនៅ​មួយ​កន្លែង​ដូចជា​​ការិយា​ល័យ​ចុះឈ្មោះ​​បោះឆ្នោ​ត​សម្រាប់​តំណាង​រាស្ត្រ​ក្នុង​តំណែង​ ត្រូវមាន​ទីតាំង​នៅ​អគ្គលេ​ខាធិកា​រដ្ឋាន​រដ្ឋ​សភា និង​ការិយា​ល័យ​ចុះឈ្មោះ​​បោះឆ្នោត​​សម្រាប់​សមាជិ​ក​ក្រុមប្រឹក្សាឃុំ​​-​សង្កាត់​ទាំងអស់​ក្នុង​តំណែង​ ត្រូវ​ទីតាំងនៅ​សាលាឃុំ​ ស​ង្កាត់ ឬ​ទីតាំ​ង​ណាមួ​យ​សម​ស្រប​ក្នុង​ឃុំ ​-សង្កាត់​។​

​លោក ​ឡេង ប៉េង​ឡុង អគ្គ​លេខា​ធិការ​នៃ​រដ្ឋ​សភា​បាន​លើកឡើង​​តាមរ​យៈ​សេចក្តីជូ​នដំ​ណឹង​ដែល​បាន​ចេញ​ផ្សាយ​កាលពី​​ថ្ងៃទី​១៧ ខែ​តុលា ជ​ម្រាប​ដល់​តំណាងរា​ស្ត្រ​ក្នុង​តំណែង​ថា គ​.​ជ​.​ប បាន​ផ្ទេរ​សមត្ថកិ​ច្ច​ដល់​អគ្គ​លេខាធិ​ការ​ដ្ឋាន​រដ្ឋ​សភាក្នុង​ការ​ចុះឈ្មោះ​​បោះ​ឆ្នោត​ជូន​អ្នក​បោះឆ្នោ​ត​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំ​ង​សមាជិ​ក​ព្រឹទ្ធ​សភា នីតិ​កាល​ទី​៥ ឆ្នាំ​២០២៤ ​ខាង​មុខ​​។​

​លោក​បាន​លើកឡើ​ងថា​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សាលស​ន្និសី​ទ​បាយ័ន​នៃ​វិមាន​រដ្ឋស​ភា​ដែល​មាន​ភារកិច្ច​ទទួល​ចុះ​ឈ្មោះ​បោះឆ្នោត​ជូន​អ្នកបោះឆ្នោ​ត​​ជា​តំណាងរា​ស្ត្រ​ក្នុង​តំណែង ​ ។

​លោក​ ឡេង ​ប៉េងឡុ​ង បញ្ជាក់​ថា ៖ «​ការិយាល័​យ​នេះ​ចាប់​ទទួល​ការ​ចុះឈ្មោះ​ រៀ​ងរាល់​ម៉ោង​ធ្វើការ​ចាប់​ពី​ថ្ងៃទី​១៨​ ខែតុលា ​ដល់​ថ្ងៃទី​៦ ​ខែវិច្ឆិ​កា ឆ្នាំ​២០២៣ ​ពេ​លព្រឹក​ចាប់ពី​ម៉ោង​៧:០០​ ដល់​ម៉ោង​១១:៣០​នាទី និ​ង​ពេល​រសៀល​ចាប់ពី​ម៉ោង​១៤:​០០ ដល់​ម៉ោង១៧:៣០​នាទី ​លើកលែ​ងតែ​ថ្ងៃ​សៅរ៍ ​ថ្ងៃអាទិ​ត្យ និង​ ថ្ងៃបុណ្យ​ជាតិ​»​។​

​ទាក់​ទង​​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ជ្រើស​តាំង​សមា​ជិក​​ព្រឹទ្ធ​សភា​នេះដែរ​ លោ​ក ម៉ៅ ​ច័ន្ទដារ៉ា ​រដ្ឋលេខាធិការ​​​ប្រចាំ​ការ​នៃ​ក្រសួងម​ហាផ្ទៃ​ កាលពី​ថ្ងៃទី​១៧ ខែ​តុលា​ បាន​ណែនាំ​ឱ្យ​អភិបា​ល​រាជ​ធានី​ខេត្ត​ផ្ដល់​កិច្ចស​ហកា​រ និង​អនុញ្ញាត​ឱ្យ គ​.​ជ​.​ប ធ្វើ​ប្រតិភូក​ម្មអំណាច​ដល់​ក្រុមប្រឹក្សា​ឃុំ​​-​សង្កាត់ ​ឱ្យបំពេញ​តួនាទី​ជា​តំណាង ​គ​.​ជ​.​ប ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតជូន​អ្នក​បោះឆ្នោ​ត​ជា​សមា​ជិក​ក្រុមប្រឹ​ក្សាឃុំ ​-សង្កាត់​ក្នុង​មុខ​តំណែង​សម្រាប់ការ​បោះឆ្នោ​ត ជ្រើស​តាំង​សមាជិ​ក​ព្រឹទ្ធស​ភា នីតិ​កាល​​ទី​៥ ឆ្នាំ​២០២៤​។​

​លោក​បាន​បញ្ជាក់​ថា៖«​ដើម្បី​ធានា​ឱ្យ​កិច្ច​ដំណើរ​ការ​នៃ​ការ​ចុះឈ្មោះ​​បោះ​ឆ្នោត​នេះ ​ប្រក​បដោយ​ប្រសិទ្ធ​ភាព តម្លា​ភាព ​និង​បរិ​យាប​ន្ន​ ក្រសួង​មហាផ្ទៃ​ សូម​ណែនាំ​អភិ​បាល​រាជ​ធានី​ខេត្ត​ត្រូវ​ណែនាំ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ឱ្យ​បំពេញ​តួនាទី​ជា​តំណាង​គ​.​ជ​.​ប​.ក្នុង​ការ​ចុះឈ្មោះ​​បោះ​ឆ្នោត​ ជូន​អ្នក​បោះឆ្នោ​ត​ជា​សមា​ជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​មុខ​តំណែង​នៃ​ឃុំ​-​សង្កាត់​សាមីសម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិ​ក​ព្រឹទ្ធ​សភានី​តិកាល​ទី​៥ឆ្នាំ​២០២៤»​។​

​លោកម៉ៅ ច័​ន្ទដា​រ៉ា បានបន្តថា ប្រធា​ន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​មុខ​តំណែង​ រួច​បញ្ជូន​មក​អភិបា​ល​នៃ​គណៈ​អភិ​បាល​រាជ​ធានី ខេ​ត្ត ​ក្រុង ស្រុក ​ខណ្ឌ​ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទា​ត់ និង​ផ្តល់​អនុ​លោមភា​ព​​៕