ភ្នំពេញៈ ​អ្នកសារព័ត៌មាន​មក​ពី​បណ្តា​ប្រទេស​អាស៊ាន អា​ហ្រិ្វ​ក អាមេរិក​ឡាទីន និង​អាស៊ី​កណ្តាល ប្រមាណ​ជា ១ ០០០ ​នាក់​ បាន​ចូលរួម​កម្មវិធី​គម្រប់​ខួប ​១០ ​ឆ្នាំ​នៃ​ការបង្កើត​គំនិត​ផ្តួចផ្តើម ផ្លូវ​ ១ ខ្សែក្រវាត់​ ១ ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ចិន ដែល​បាននិងកំពុង​ប្រព្រឹត្តឡើង​នាទី​ក្រុង​ប៉េកាំង ដោយមាន​ការចូលរួម​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ផងដែរ​។


​អ្នកសារព័ត៌មាន​ទាំងនេះ​សុទ្ធសឹងតែ​ជា​អតីត​សិក្ខាកាម​ដែល​មក​សិក្សា​នៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ឆ្នាំ​២០២២ ដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ដោយ​មជ្ឈមណ្ឌល​ទំនាក់ទំនង​សារព័ត៌មាន​អន្តរ​ជាតិចិន ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា (China International Press Communication Center)​។

​លោក យូ ឡី (Yu Lei) នាយក​មជ្ឈមណ្ឌល​ទំនាក់ទំនង​សារព័ត៌មាន​អន្តរ​ជាតិចិន បានឱ្យដឹង​កាលពី​ថ្ងៃទី​១៧ ខែតុលា​ថា អ្នកសារព័ត៌មាន​ទាំងអស់នេះ ជា​អតីត​សិក្ខាកាម​មកពី​បណ្តា​ប្រទេស​អាស៊ាន អាហ្វ្រិក អាមេរិក​ឡាទីន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​វគ្គ​ខ្លីៗ​ក្នុង​ឆ្នាំ​សិក្សា​ឆ្នាំ​២០២២ និង​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​កម្មវិធី​គម្រប់​ខួប​១០​ឆ្នាំ​នៃ​គំនិត​ផ្តួចផ្តើម ផ្លូវ​១ ខ្សែក្រវាត់​១​នាទី​ក្រុង​ប៉េកាំង​។ និស្សិត​ទាំងអស់នេះ ដែល​ក៏​ជា​អ្នកសារព័ត៌មាន​ផងដែរ​នោះ ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ស្តាប់​ការ​ថ្លែង​សុន្ទរកថា​របស់លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ក្នុង​កម្មវិធី​គម្រប់​ខួប​គំនិត​ផ្តួចផ្តើម ផ្លូវ​១ ខ្សែក្រវាត់​១ និង​ដំណើរ​ទស្សនកិច្ច​ទៅ​បណ្តា​ខេត្ត​មួយចំនួន​ទៀតផង​។


​លោក ទ្រី​ស្តង់ ណា​ដា​ឡូ (Tristan Nodalo) ជា​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​ស៊ី​អិន​អិន (CNN) ប្រចាំ​ប្រទេស​ហ្វីលីពីន និង​ជា​ជា​អតីត​សិក្ខាកាម ក្រោម​វគ្គ​បណ្តុះបណ្តាល​កាលពី​ឆ្នាំ​២០២២ បាន​ថ្លែង​ដោយ​សេចក្ដី​រីករាយ​ថា ការអញ្ជើញ​ឱ្យចូល​រួម​កម្មវិធី​ដ៏​វិសេសវិសាល​មួយ​នេះ សិក្ខាកាម​ទាំងអស់​អាច​សិក្សា និង​សរសេរ​អត្ថបទ​ល្អៗ​ស្តីអំពី​គោលនយោបាយ ផ្លូវ​១ ខ្សែក្រវាត់​១ និង​អត្ថប្រយោជន៍​នៃ​បណ្តា​ប្រទេស​សមាជិក​ពី​គោលនយោបាយ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ផ្សព្វផ្សាយ​ទៅ​អ្នកអាន​ក្នុងប្រទេស​របស់គេ​បាន​៕