ភ្នំពេញៈ ​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បានឱ្យដឹងថា ថ្វីដ្បិតតែ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ មាន​ប្រតិ​ប​ត្ដិ​ការ​សេវាកម្ម​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​ក៏ពិតមែន ប៉ុន្តែ​ភ្ញៀវ​អាច​ប្រើ​សេវា​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ​បាន​ធម្មតា និង​មិនមាន​ការហាមឃាត់ មិនឱ្យ​អ្នក​ដឹក​ចូលទៅ​ដឹក​អ្នកដំណើរ​នៅក្នុង​ព្រលានយន្តហោះ​ទេ​។​


​លោក ស៊ិន ចាន់​សិរី​វុត្ថា នៅ​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០២៣ ​នេះ បាន​ថ្លែង​ពន្យល់​ពី​ករណី​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ កាន់តែ​យល់ច្បាស់ និង​អះអាងថា អ្នកធ្វើដំណើរ​អាច​ប្រើ​សេវា​ដឹកជញ្ជូន​ផ្សេងៗ តាម​តម្រូវការ​បាន​។​

​លោក​បាន​ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បានសម្រេច​ផ្ទេរសិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ ១ ជា​អ្នកធ្វើ​ប្រតិ​ប​ត្ដិ​ការ​សេវាកម្ម​ដឹកជញ្ជូន នៅក្នុង​អាកាសយានដ្ឋាន សម្រាប់​រថយន្តក្រុង​តម្លៃ ៨​ ដុល្លារ ក្នុង ១​ ជើង ដែល​ទាំង​ទៅ និង​មក តម្លៃ ១៥ ​ដុល្លារ​។ ចំណែក​តម្លៃ​ដឹកជញ្ជូន​សម្រាប់​រថយន្ត​តាក់ស៊ី ត្រូវបាន​កំណត់ដោយ​ស​មា​គម​តាក់ស៊ី គឺ​ក្នុង ១​ ជើង ៣៥ ​ដុល្លារ​។​


​លោក ​ស៊ិន ចាន់​សិរី​វុត្ថា បាន​បញ្ជាក់ថា​៖ «​តម្លៃ​ដឹកជញ្ជូន​នេះ គឺ​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​អាកាសយានដ្ឋាន បាន​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​នេះហើយ​។ ដូចនេះ​បើ​យើង​ចង់​ប្រើ​រថយន្ត​របស់​អាកាស​យានដ្ឋាន គឺ​ត្រូវ​បង់​តាម​តម្លៃ​ហ្នឹងហើយ​។ ដោយឡែក​តាក់ស៊ី យើង​ធ្វើ​ដូច​អាកាសយានដ្ឋាន​ផ្សេងៗ​ទៀត​ដែរ គឺមាន​សមាគម​តាក់ស៊ី បានកំណត់​តម្លៃ ដោយ​ចរចា​ជាមួយ​ខាង​អាកាសយានដ្ឋាន​រួចរាល់​ហើយ​ដែរ​»​។​

​លោក​បន្ដថា ការបង្កើត​សេវាកម្ម​នេះ គឺ​ដោយសារតែ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ជា​អាកាសយានដ្ឋាន​ថ្មី ហើយ​មាន​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​សៀមរាប ហើយក៏​មិនទាន់មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​ទៅដល់​ទីនោះ ទើប​អាកាសយានដ្ឋាន​សម្រេច​ឱ្យមាន​ប្រតិបត្តិការ​សេវាកម្ម​តាក់ស៊ី​នេះ​។​


​លោក​ថ្លែងថា​៖«​ចំពោះ​សេវា​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ​វិញ ត្រូវបាន​អនុវត្ដ​ធម្មតា ដូច​អាកាសយានដ្ឋាន​អន្ដរជាតិ​ផ្សេងៗ​ទៀត ដោយ​មិនមាន​ការប្រែប្រួល​ឡើយ ហើយក៏​មិនមាន​ការហាមឃាត់ មិនឱ្យ​អ្នក​ដឹកជញ្ជូន​ចូលទៅ​ដឹក​អ្នកដំណើរ នៅក្នុង​អាកាសយានដ្ឋាន សៀមរាប​-​អង្គ​រដែរ​»​។​

​ចំពោះ​អ្នក​ដឹកជញ្ជូន​ផ្សេងៗ​ទៀត ដែល​នៅក្រៅ​ប្រព័ន្ធ ដែល​ចង់​ចូលក្នុង​ប្រព័ន្ធ​របស់​ក្រុមហ៊ុន អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ មិនមាន​ការហាមឃាត់​ទេ ដោយ​លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​លើក​ទឹក​ឱ្យ​ចុះបញ្ជី​ជាមួយ​សមាគម​ដឹកជញ្ជូន ព្រោះថា ការធ្វើ​បែបនេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ដល់​អ្នកធ្វើដំណើរ​នៅក្នុង​អាកាសយានដ្ឋាន​។​

​លោក ហូ វណ្ណឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងថា ចំពោះ​តម្លៃ​សេវា​ដឹកជញ្ជូន​វិញ អាស្រ័យទៅលើ​អ្នកធ្វើដំណើរ បើសិនជា​អ្នកធ្វើដំណើរ​គិតថា​ថ្លៃ អាចមាន​ការជ្រើសរើស​រក​សេវា​ដឹកជញ្ជូន​ផ្សេងៗ​ទៀត ដែល​មិន​ស្ថិតនៅក្នុង​សមាគម​អ្នក​ដឹកជញ្ជូន ក្នុង​អាកាសយានដ្ឋាន​។​

​លោក​បាន​បញ្ជាក់ថា​៖«​ជាធម្មតា​តម្លៃ​នៃ​សេវា​ដឹកជញ្ជូន​របស់​អាកាសយា​ន​ដ្ឋា​ន គេ​តែងតែមាន​ការសិក្សា​ច្បាស់លាស់​រួចហើយ ហើយ​បើសិនជា​អ្នកដំណើរ​យល់ឃើញថា តម្លៃ​នេះ​វា​ខ្ពស់​ពេក យើង​អាច​ស្នើសុំ​ឱ្យ​ខាង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​ពិនិត្យឡើងវិញ ដើម្បី​បញ្ចុះតម្លៃ ឬក៏​យើង​អាច​ជ្រើសរើស​សេវា​ដឹកជញ្ជូន​នៅក្រៅ ដែលមាន​តម្លៃ​ធូរ​ជាង​នេះ​ក៏បាន ព្រោះ​វា​មិនមែនជា​ការកំណត់​ដាច់ ត្រូវតែ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​របស់​ខាង​អាកាសយានដ្ឋាន​ទេ​»​។​

​សូម​ជម្រាប​ដែរ​ថា ក្រុមហ៊ុន អង្គរ អ៊ិន​ធើ​ណេ​សិ​នណល អ៊ែរ​ផត អ៊ិន​វេស​មិន (​ខេ​ម​បូ​ឌា​) ឯ​.​ក នាពេល​ថ្មីៗ​នេះ បានចេញ​សេចក្ដីជូនដំណឹង​ពី​តាក់ស៊ី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដោយបាន​ផ្ទេរសិទ្ធិ​ឱ្យ​Tourist Transport Association for Siem Reap International Airport (TTA) ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​តាក់ស៊ី ដើម្បី​ធានា​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​។​

​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការឱ្យ​បានល្អ TTA នឹង​បញ្ជូន​រថយន្ត​ធុន​តូច​ចំនួន ២៦១​គ្រឿង (​តិចជាង ៧​កៅអី និង​ឡានក្រុង​តូច ៦៩​គ្រឿង មាន ៨​កៅអី ដល់ ១៥​កៅអី​) ដើម្បី​បំពេញតម្រូវការ​អ្នកដំណើរ ស្ដង់ដា​ការគិត​ប្រាក់​សេវា​តាក់ស៊ី ដែលជា​រថយន្ត​ធុន​តូច តម្លៃ ៣៥​ដុល្លារ ១​ជើង​, ឡានក្រុង​តូច ៤០​ដុល្លារ ១​ជើង ឬ​ម្នាក់ ៨​ដុល្លារ​៕