ភ្នំពេញៈ លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ និង​លោក ង្វៀន តឹង​គឿង អនុរដ្ឋមន្ត្រី​ក្រសួង​​ការពារ​ប្រទេស និង​ជា​នាយ​អគ្គសេនាធិការ​កងទ័ព​ប្រជា​ជន​វៀតណាម បាន​ឯកភាពគ្នា​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​យោធា ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​ទាំង​ ២​។​


​ការឯកភាព​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី កាលពី​ថ្ងៃទី​ ១៧ ខែតុលា នៅ​ទីក្រុង​ហាណូយ ក្នុងឱកាស​ដែល​លោក វង្ស ពិ​សេន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ព​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ នៅ​ប្រទេស​វៀតណាម​។​

​បើតាម​ហ្វេ​ស​ប៊ុ​កអគ្គ​បញ្ជា​ការដ្ឋាន​នៃ​កងយោធពល​ខេ​មរ​​ភូមិន្ទ ក្នុងជំនួប​នោះ លោក វង្ស​ ពិ​សេន បានលើកឡើង​ពី​គោល​បំណង​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កងទ័ព​កម្ពុជា​នៅ​វៀតណាម គឺ​ដើម្បី​ពង្រឹងពង្រីក​ទំនាក់​ទំនងជា​ប្រពៃណី​រវាង​កងទ័ព​ប្រទេស​ទាំង​ ២ ក្នុងនាម​ជា​បងប្អូន​ភូមិ​ផង​របង​ជាមួយគ្នា រួមសុខ​រួមទុក្ខ​នៅ​គ្រប់​ដំណាក់​​កាល​។​


​លោក​បានបង្ហាញ​ការ​ជឿជាក់ថា​៖ «​តាមរយៈ​ការជួបពិភាក្សាគ្នា​ពេលនេះ​នឹង​បន្ត​ជំរុញ​លើក​កម្ពស់​ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព និង​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ក​ង​ទ័ព​ទាំង​ ២​ ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត រួមចំណែក​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​ទាំង​ ២ ក៏ដូចជា​ក្នុង​តំបន់​អា​ស៊ាន​ទាំងមូល​»​។

​ក្នុងជំនួប​នោះ លោក ​វង្ស ​ពិ​សេន ក៏បាន​បញ្ជាក់ដែរថា កង​យោធពលខេមរភូមិន្ទ​កម្ពុជា​នឹង​បន្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​គ្រប់​ជ្រុងជ្រោយ និង​ពិធី​សារ​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ទាំង​ ២​ នាពេល​កន្លងទៅ ដោយមាន​ការបន្ត​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​គណៈប្រតិភូ​នៅ​គ្រប់​កម្រិត​ព្រមទាំង​ការបណ្តុះ​បណ្តាល​ធនធានមនុស្ស ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ចារកិច្ច ការ​សហប្រតិបត្តិ​ការសង្គ្រោះ​គ្រោះមហន្តរាយ និង​ការចូលរួម​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភារកិច្ច​កំណត់​ខណ្ឌសីមា​និង​ការ​បោះបង្គោល​ព្រំដែន តាម ផែនការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​។​


​ក្នុងឱកាស​នោះដែរ លោក ​ង្វៀន តឹង​គឿង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​នេះ ដោយ​លោក​លើកឡើងថា ជា​ឱកាស​ដើម្បី​ពិភាក្សា​ពី​ការបន្ត​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ក​ម្ពុ​ជា​និង​វៀត​ណា​ម​ដែលជា​ទំនាក់ទំនង​ប្រពៃណី​មាន​កិច្ចសហប្រតិបត្តិការ​ស្អិតល្មួត​ជា​អ្នកជិតខាង​ល្អ​។​

​ជាមួយគ្នានេះ លោក​ក៏បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​និង​ទំនុកចិត្ត​ទឹកចិត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​របស់​ប្រទេស​ទាំង​២ មិន​អនុញ្ញាត​ឱ្យកម្លាំង​អមិត្ត​ប្រើប្រាស់​ទឹកដី​ប្រទេស​នីមួយៗ​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍​ប្រទេស​ដទៃ​។​

​លោក ​ង្វៀន តឹង​គឿង បាន​បញ្ជាក់ថា​៖ «​ហេតុនេះ ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​យោធា​គឺជា​កត្តាចាំបាច់​ជាស​សរ​ស្តម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ទំនាក់​ទំនង​វៀតណាម​និង​កម្ពុជា​»​។​

​បើតាម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​ ៣​ ប្រទេស កម្ពុជា​-​វៀតណាម​-​ឡាវ ផងដែរ ហើយ​នៅ​ថ្ងៃទី​ ១២ ខែធ្នូ​ខាងមុខ នឹងមាន​ជំនួប​ប្រស្រ័យ​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​៣​ប្រទេស​នេះ​នៅ​តំបន់ត្រីកោណ​មរកត​និង​ធ្វើ​លំ​ហាត់​សុខា​ភិ​បាល​រួមគ្នា​ផងដែរ​។​

​លោក​ យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ដែរ​ថា កម្ពុជា និង​វៀតណាម​មាន​ព្រំដែន​ជាប់​គ្នា​ដែល​ការបង្កើន​កិច្ចសហ ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​នេះ​គឺជា​ការល្អ​ដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន ទំនិញគេចពន្ធ​ឆ្លងដែន​ខុសច្បាប់​និង​ការជួញដូរ​គ្រឿង​ញៀន​ឬ​ជួញដូរ​មនុស្ស​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា៖ «​អ្វីដែល​យើង​ចង់បាន​គឺ​សំណូម​ពរ​ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ​ឡើង​ដោយ​ប្រាកដប្រជា កុំឱ្យ​ធ្វើទៅ​មានតែ​ឯកសារ ប៉ុន្តែ​ការ​អនុវត្ត​បែរជា​ថ្លោះធ្លោយ នៅតែមាន​បញ្ហា​កើតឡើង​នៅតាម​បណ្តោយ​ព្រំដែន​»៕