​ភ្នំពេញៈ លោក ប៉ែន បូ​ណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី ​១៧ ខែតុលា ឆ្នាំ ​២០២៣ បានប្រកាស​ប​ដិ​សេធ​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​សកម្ម​ជន​បក្សប្រឆាំង​ក្រៅ​ស្រុក​មួយចំនួន​ដែលថា មាន​និស្សិត​ខ្មែរ​ ២ ​នាក់​ទៀត​ស្លាប់​នៅក្នុង​ប្រទេស​អ៊ីស្រា​អែល​ដោយ​សារ​សង្គ្រាម​រវាង អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​។​


​លោក ប៉ែន បូ​ណា បាន​បញ្ជាក់ថា​៖ «​និស្សិត​ខ្មែរ​ជាង​​ ៤៥០ ​នាក់​ដែល​កំពុង​សិក្សា និង​ហាត់​ការ​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អែល មាន​សុវត្ថិភាព​ជាធម្មតា និង​កំពុង​បំពេញ​កម្មសិក្សា​នៅតាម​ក​សិ​ដ្ឋា​ន​រៀងៗ​ខ្លួន និង​សូម​បដិសេធ​ព័​ត៌​មាន​មិន​ពិត​ដែល​ផ្សាយ​ដោយ​សកម្ម​ជន​បក្សប្រឆាំង​ក្រៅ​ស្រុក​មួយចំនួន​ដែលថា មាន​និស្សិត​ខ្មែរ​ ២​ នាក់​ទៀត​ស្លាប់​»​។

​លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ​សុខទុក្ខ​និស្សិត​ខ្មែរ​ទាំងអស់ នៅក្នុង​ប្រទេស​អ៊ី​ស្រា​អែល ដោយ​ចាត់​ទុក​សុវត្ថិភាព​របស់​ពួកគេ​ជា​អាទិភាព​ចម្បង​បំផុត​»​។


​អ្នកនាំពាក្យ​បានបញ្ជាក់​បន្ថែមថា ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​យកចិត្ត​ទុក​​ដាក់​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការនៅ​ប្រទេស​អ៊ី​ស្រា​អែល ចាប់តាំងពី​មានការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ រវាង​កងទ័ពអ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស់​កាលពី​ថ្ងៃទី ​៧ ខែតុលា ឆ្នាំ ​២០២៣ ​មក ដោយបាន​តាមដាន​សុខទុក្ខ​របស់​ពួកគេ​ទាំងយប់​ទាំង​ថ្ងៃ​។​

​លោក ប៉ែន បូ​ណា បាន​អះអាង​ជាថ្មី​នៅ​ថ្ងៃទី ​១៨ ខែតុលា​ថា ក្រុម​មាន​និ​ន្នា​ការប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​បែបនេះ ក្នុងន័យ​បង្កចលាចល​សង្គម ដែល​សកម្ម​ភាព​បែបនេះ​មិនមែន​ថ្មី​ឡើយ ដើម្បី​ផលចំណេញ​ផ្នែក​នយោបាយ​។​


​លោក​បន្តថា​៖ «​ដោយសារ​ក្រុម​ប្រឆាំង​ទាំងនេះ​នៅក្រៅ​ប្រទេស ក្រៅ​រង្វង់​ច្បាប់​ប្រទេស​កម្ពុជា​។ ការងារ​ដំបូង​បំផុត​របស់​យើង គឺ​ធ្វើការ​ពន្យល់​ប្រជា​ពលរដ្ឋ​ពី​ព័ត៌មាន​ពិត និង​បកអាក្រាត​ព័ត៌មាន​មិន​ពិត កុំឱ្យ​ប្រជាពលរដ្ឋ​ជឿ​តាម​។ យើង​និយាយ​ការពិត បន្សាប​ព័ត៌មាន​ក្លែងក្លាយ ហើយ​ការពារ​រដ្ឋាភិបាល​យើង​។ រាជរដ្ឋាភិបាល​ក៏​នឹងមាន​វិធានការ​ជា​បន្តបន្ទាប់​ផងដែរ ចំពោះ​ក្រុម​បំផុស​ព័ត៌មាន​មិន​ពិត​បែបនេះ ដែល​នឹង​ចាត់វិធានការ​ទៅតាម​ការជាក់ស្តែង​»​។​

​លោក​ ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែងថា វិបត្តិ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែល ជា​វិបត្តិ​ចាស់ ដូច្នេះ រដ្ឋាភិបាល​អ៊ី​ស្រា​អែល​តែង​បាន​ត្រៀមលក្ខណៈ​ទុកជាមុន​រួចជាស្រេច ជា​ពិសេស​ក្នុង​ការរក្សា​សុវត្ថិភាព​ជូន​ប្រជាជន​ដែល​អាជ្ញាធរ​អ៊ី​ស្រា​អែល​មាន​សមត្ថភាព​គ្រប់គ្រង​សន្តិសុខ​នេះ​។

​លោក​ថា បើសិន​ជាមាន​ពលរដ្ឋ​ខ្មែរ ឬ​និស្សិត​ខ្មែរ​បាន​ស្លាប់​បន្ថែម​ពិតមែន​នោះ នឹងមាន​ការផ្សព្វផ្សាយ​អត្ត​​សញ្ញាណ​ជា​ហូរហែ​ដោយសារ​សម័យនេះ​ជា​សម័យ​លំហូរ​ព័ត៌មាន​ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​លោក​អះអាងថា​៖ «​រដ្ឋាភិបាល​កម្ពុជា និង​អ៊ីស្រា​អែល​បាន​យកចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព​របស់​និស្សិត​​ខ្មែរ​ណាស់ ដែល​អាច​ស្នាក់នៅ​ទីតាំង​ដែលមាន​សុវត្ថិភាព​»​។

​លោក​ ស៊ឺន សម ថ្លែងថា រដ្ឋាភិបាល​​កម្ពុជា​មិនមាន​ផលចំណេញ​ណាមួយ​ក្នុងការ​លាក់បាំង​ព័ត៌មាន​អំពី​ការស្លាប់​របស់​ពលរដ្ឋ​ខ្មែរ​នោះទេ ហើយ​បើ​មាន​ករណី​បាត់បង់​ជីវិត​របស់​និស្សិត​ខ្មែរ​ពិតមែន​នោះ រដ្ឋាភិបាល​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​មិន​ខាន​។​

​ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ហា​ម៉ាស់ និង​កងទ័ព​អ៊ីស្រា​អែល​កន្លងមក​បណ្ដាលឱ្យ​យុ​ជន​ខ្មែរ​ម្នាក់​ឈ្មោះ ចាន់ ឧ​ត្ត​ម ស្លាប់​កាលពី​ថ្ងៃទី ៧ ខែតុលា ហើយ​រដ្ឋាភិបាល​បានបង្ហាញ​ការ​សោក​ស្តាយ និង​ជួយ​សម្របសម្រួល​យកចិត្ត​ទុកដាក់​លើ​គ្រួសារ​សព​ជាខ្លាំង​៕