ភ្នំពេញៈ អ្នកជំនាញដែលធ្វើការពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះក្រសួងអប់រំ យុវជន និងកីឡាលើការបើកសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្រៀនជំនាញអប់រំពិសេស ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបង្រៀនសិស្សពិការភ្នែកឬសិស្សគថ្លង់ នៅកម្ពុជាឱ្យកាន់តែមានគុណភាព។
ការលើកឡើងរបស់អ្នកជំនាញបែបនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលដែលរៀបចំឡើងដោយក្រសួងអប់រំស្ដីពី «សមត្ថភាពមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនសិស្សពិការភ្នែកឬសិស្សគថ្លង់» ដល់គ្រូបង្រៀនជំនាញអប់រំពិសេសមកពីសាលាបឋមសិក្សា និងវិទ្យាល័យអប់រំពិសេសចំនួន ៦ សរុប ១៣៤ នាក់ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ បានសាទរចំពោះជនមានពិការភាព ពិសេសអ្នកគថ្លង់ និងពិការភ្នែក ដែលទទួលបានការជួយពីក្រសួងតាមរយៈការពង្រឹងសមត្ថភាពគ្រូបន្ថែមដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យកាន់តែមានគុណភាពថែមទៀត ហើយលោកក៏បានជំរុញឱ្យក្រសួងពង្រីកការជួយបែបនេះឱ្យកាន់តែទូលំទូលាយផងដែរ។
លោកបានថ្លែងថា៖ «ជារឿងល្អណាស់ដែលរដ្ឋាភិបាលធ្វើឱ្យគុណភាពអប់រំពិសេសកាន់តែល្អ តាមរយៈការបណ្តុះបណ្តាលគ្រូការបំពាក់សម្ភារ និងឧបករណ៍បង្រៀនល្អៗតាមរយៈការផ្តល់ប្រាក់បៀវត្សសមរម្យដល់គ្រូ ប៉ុន្តែប្រសិនបើអាចក្រសួងគួរតែពង្រីកវិសាលភាពឱ្យបានទូលំទូលាយ ព្រោះថា ការពង្រីកសាលាអប់រំពិសេសនៅរាជធានី និងតាមបណ្តាខេត្តនៅមិនទាន់រីកចម្រើននៅឡើយទេ ពិសេសការអប់រំលើប្រភេទក្មេងអូទីសឹម»។
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សិក្ខាសាលាបណ្តុះបណ្តាលដល់គ្រូបង្រៀនជំនាញអប់រំពិសេសនេះធ្វើឡើងដើម្បីបន្តអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការកសាងធនធានគ្រូបង្រៀនជំនាញអប់រំពិសេស សម្រាប់ជួយដល់កុមារមានតម្រូវការពិសេស។ នេះបើយោងតាមហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា។
តាមហ្វេសប៊ុកក្រសួងអប់រំដែលបានដកស្រង់សម្ដីលោក សេរី ជំនះ បានបញ្ជាក់ថា បច្ចុប្បន្នគុណភាពអប់រំនៅកម្ពុជាមានភាពល្អប្រសើរឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ ហើយសិទ្ធិទទួលបានការអប់រំសម្រាប់កុមារមានពិការភាពត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជាការទទួលខុសត្រូវរួមទាំងអស់គ្នា។
លោកលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា តែងតែមានឆន្ទៈខ្ពស់ក្នុងការធ្វើឱ្យសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសការធានាផ្តល់ការអប់រំប្រកបដោយបរិយាបន្ន សមធម៌ គុណភាព និងលើកកម្ពស់ការសិក្សាពេញ ១ ជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងធ្វើឱ្យសិទ្ធិក្លាយជាការពិតដល់កុមារមានតម្រូវការពិសេសគ្រប់រូប។ ដូច្នេះគ្រូបង្រៀនជំនាញអប់រំពិសេសចាំបាច់ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ»។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែតុលា ឆ្នាំ ២០២៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សា និងវិទ្យាល័យអប់រំពិសេសចំនួន ៦ មានដូចជា វិទ្យាល័យអប់រំពិសេសច្បារអំពៅ, វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី,វិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម,វិទ្យាល័យអប់រំពិសេសខេត្តបាត់ដំបងនិងវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប ក្នុងនោះសិក្ខាកាមមានពិការភាពចំនួន ១៤ នាក់ផងដែរ។
រីឯខ្លឹមសារនៃសិក្ខាសាលានេះ បានរៀបចំឡើងដោយបែងចែកជា ២ ធំៗគឺផ្នែកគថ្លង់ និងផ្នែកពិការភ្នែក។ ផ្នែកគថ្លង់ សិក្ខាសាលាបានផ្តោតលើការយល់ដឹងវេយ្យាករណ៍ក្នុងភាសាសញ្ញាកម្ពុជា ការប្រើប្រាស់សញ្ញាក្នុងការសន្ទនា ការនិទានរឿងភាសាសញ្ញាកម្ពុជា និងពង្រឹងសមត្ថភាពបន្ថែមលើខ្លឹមសារមេរៀននានាដែលពាក់ព័ន្ធនឹងការរៀននិងបង្រៀនសិស្សគថ្លង់ ជាដើម។
ចំណែកឯផ្នែកពិការភ្នែកគឺជួយពង្រឹងបន្ថែមទៅលើអក្សរប្រៃយ៍ខ្មែរ គណិតវិទ្យាប្រៃយ៍ ការគណនាលើក្បាច់ និងមេរៀនមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងការគាំទ្រសិស្សពិការភ្នែកជាដើម៕