ភ្នំពេញៈ ​ពន្លឺ​ភ្លើងពណ៌​លឿងទុំ​ស្រទន់ ​ដូចជា​ផ្ការំដួល​ពណ៌​មាស និង​រូប​ក្ងោក​ពណ៌​មាស ជះ​ចេញ​តាម​ចន្លោះប្រហោង ​ដែល​ឆ្លាក់​ចេញពី​ស្បែក​គោ​ស្ងួត​តាម​ទំហំ​ផ្សេងៗ​គ្នា​ដែល​ដាក់​ព្យួរ​តាម​ជញ្ជាំង​នៅក្នុង​រោង​សិប្បកម្ម​ចម្លាក់ ​១​ កន្លែង​ដែលមាន​ឈ្មោះ ​«​ចម្លាក់​ស្បែក​សៀមរាប​អង្គរ​» ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុងនោះ​មាន​ចម្លាក់​ស្បែក​មួយចំនួន​ដែលជា​ស្នាដៃ​របស់​យុវតី​ឈ្មោះ ខ្មៅ សុខ​គា​។​

​ក្រោយពី​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១២ ​ព្រោះតែ​ជីវភាព​គ្រួសារ ហើយ​បើទោះបីជា​នាង​ដឹងថា​ទីផ្សារ​ឆ្លាក់​រូប​នៅលើ​ស្បែក​គោ​ស្ងួត​មិនសូវ​រកចំណូលបាន​ច្រើន​ក៏ដោយ ប៉ុន្តែ​ដោយ​ភាព​អំណត់ និង​ទេពកោសល្យ​ផ្ទាល់ខ្លួន​របស់ សុខ​គា បាន​ជំរុញ​ឱ្យ​នាង​ចូលរៀន​នៅ​សាលា​ចម្លាក់​ស្បែក​ដែលមាន​ឈ្មោះ Little Angels Center​ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ដោយមាន​លោកគ្រូ​ខ្មែរ​ម្នាក់​ ដែល​នាង​តែង​ហៅថា​ (​គ្រូ​តាៗ​)​។ នៅ​ទីនោះ​នាង​បាន​ចំណាយពេល​សិក្សា​ជំនាញ​ចម្លាក់​ស្បែក​នេះ​រយៈពេល​ ៤​ ឆ្នាំ​ហើយក៏​បាន​ចេញមក​ធ្វើជា​ជាងចម្លាក់​ស្បែក​ជាមួយ​បងស្រី​ក្នុង​ក្រុង​-​ខេត្តសៀមរាប​។​

​សុខ​គា ថ្លែងថា​៖ «​មូលហេតុ​ដែល​នាង​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ចម្លាក់​ស្បែក​គឺ​ទី​១ ​ដោយសារ​ការស្រឡាញ់​ចូលចិត្ត ព្រោះ​ខ្ញុំ​ឃើញ​បងៗ​គាត់​អង្គុយ​ឆ្លាក់​លើ​ស្បែក​ហើយ​ចេញ​ជា​រូប​ស្អាត ខ្ញុំ​ក៏​ឆ្ងល់​ថា គេ​ធ្វើ​របៀប​ម៉េច​បានជា​ចេញ​ជា​រូប ហើយ​គេ​ដាប់​យ៉ាងម៉េច​បានចេញ​ជា​រូប​ស្អាត​អ៊ីចឹង​។ ម្យ៉ាង​ខ្ញុំ​មានគំនិត​មួយ​ចង់​ថែរក្សា​វប្បធម៌​នេះ​ដែល​ដូនតា​យើង​បាន​បន្សល់​ទុកឱ្យ​»​។


​កញ្ញា សុខ​គា បន្តថា បើទោះជា​នាង​សិក្សា​រយៈពេល​៤​ឆ្នាំ​ហើយ​ក្តី​ពេលដែល​នាង​ចេញមក​ធ្វើការ​ក៏​នៅតែ​សិក្សា​អំពី​ចម្លាក់​បន្តទៀត​ដែរ​ពីព្រោះ​រូប​មាន​ច្រើន​ទម្រង់​។​ហេតុដូច្នេះ​ហើយ​នាង​ធ្វើ​ការងារ​ចម្លាក់​បណ្តើរ​សិក្សា​បណ្តើរ​បន្តទៀត​។​ចម្លាក់​ស្បែក​នេះ​ជា​ជំនាញ​មួយ​ដែល​ពិបាក​ដូច្នេះ​អ្នក​ចង់​ចេះ​ជំនាញ​នេះ​ទាល់​តែមាន​ការតស៊ូ​ខ្លាំងណាស់​ទើប​អាច​សម្រេច​បំណង​បាន​។​

​កញ្ញា សុខ​គា ប្រាប់ថា​៖«​បើ​យើង​ចង់​ចេះ​ជំនាញ​នេះ​លុះត្រាតែ​មានចិត្ត​អំណត់​ខ្លាំង​។​យើង​ត្រូវការ​យកចិត្តទុកដាក់​ហើយ​យើង​ត្រូវផ្តោត​អារម្មណ៍​ទៅលើ​វត្ថុ​ដែល​យើង​កំពុង​ឆ្លាក់​។​បើ​យើង​អង្គុយ​ឆ្លាក់​ហើយ​អារម្មណ៍​របស់​យើង​ស្មុគស្មាញ​គឺ​រូបចម្លាក់​ចេញមក​ក៏​អត់​ស្អាត​ដូចគ្នា​ដែរ​»​។​


​កញ្ញា សុខ​គា ថ្លែងថា ដើម្បី​ឆ្លាក់​ចេញ​ជា​រូប​អ្វីមួយ​គេ​យក​ស្បែក​គោ​ស្ងួត​ចំពោះ​សម្ភារ​ដែល​ត្រូវ​ឆ្លាក់​មានដូចជា​ស្បែក​គោ​ស្ងួត ដែក​សម្រាប់​ចោះ​ស្បែក និង​ញញួរ​វាយ​ពីលើ​ដែក​សម្រាប់​ចោះ​ស្បែក​។​ការងារ​នេះ​អ្នកធ្វើ​ត្រូវ​អង្គុយ​ធ្វើ​ដោយ​អារម្មណ៍​ផ្ចិតផ្ចង់​បំផុត​ព្រោះ​បើ​ឆ្លាក់​មិន​តាម​ទម្រង់​តាមរបៀប​ទេ​ស្បែក​គោ​ដែលជា​វត្ថុធាតុដើម​នោះ​ត្រូវ​ខូច​មិនអាច​កែ​បានឡើយ​។​


លោកមេធាវី កុយ ដុល្លា សមាជិកនៃក្រុមមេធាវីធម្មសាស្ត្រ។ រូបថត សហ​ការី

​ចម្លាក់​ស្បែក​ជា​ជំនាញ​បន្ត​ពី​ដូនតា​ហើយ​ចម្លាក់​ស្បែក​ពីមុន​ភាគច្រើន​ឆ្លាក់​តែ​តាម​រឿងបុរាណ​ខ្មែរ​ប៉ុណ្ណោះ​។​ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ប្រកប​របរ​ចម្លាក់​ខ្លះ​បាន​ប្តូរ​មក​ឆ្លាក់​រូប​ចម្លង​ចេញពី​ជញ្ជាំង​ប្រាសាទអង្គរវត្ត​វិញ​ពិសេស​តាម​ចំណូលចិត្ត របស់​អ្នកទិញ​ដែល​ធ្វើឱ្យ​ចម្លាក់​ស្បែក​មាន​រចនា​ទម្រង់​ចម្រុះ​។​

​អ្នកស្រី រិ​ន ស្រីរ័ត្ន ម្ចាស់​សិប្បកម្ម​ដែលមាន​ឈ្មោះថា «​ចម្លាក់​ស្បែក​សៀមរាប​អង្គរ​» បាន​ប្រាប់ថា ឪពុក​របស់​អ្នកស្រី​មាន​ជំនាញ​ឆ្លាក់​លើ​ស្បែក​គោ​តាំងពី​ជំនាន់​យាយ​តា​របស់​អ្នកស្រី​មកម្ល៉េះ ហើយ​អ្នកស្រី​ក៏​រៀន​ពី​ឪពុក​របស់​អ្នកស្រី​បន្ត​ដែរ​។ មិនមែន​តែ​អ្នកស្រី​ទេ​សូម្បីតែ​ប្អូនៗ​របស់​អ្នកស្រី​ក៏មាន​និស្ស័យ​លើ​ជំនាញ​ចម្លាក់​ស្បែក​នេះ​ត​ពី​ឪពុក​របស់​អ្នកស្រី​ដែរ​ហើយ​ពួកគេ​ទៅ​រៀន​បន្ថែម​ពី​លោកគ្រូ​ខ្មែរ​ឬ​លោកគ្រូ​តា​ដែល​គាត់​បង្ហាត់បង្រៀន​នៅក្នុង​ខេត្តសៀមរាប​។​

​អ្នកស្រី រិ​ន ស្រីរ័ត្ន បន្តថា​តាមពិតទៅ​ជំនាញ​ចម្លាក់​នេះ​ដូនតា​ខ្មែរ​បាន​រៀន​ចេះ​ចាំ​ហើយ​ចែករំលែក​ដល់​កូនចៅ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ហើយ​រូបចម្លាក់​ស្បែក​នីមួយៗ​បានបង្ហាញ​ពី​ទឹកដៃ​យ៉ាង​រស់​រវើក​មិនអាច​នឹង​យក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ​។ ដោយសារតែ​អ្នកស្រី​ខ្លាច​បាត់បង់​ជំនាញ​ពី​ដូនតា​នេះហើយ​ទើប​អ្នកស្រី​ចាប់​ជា​អាជីព​ធ្វើ​ចម្លាក់​លក់​ប្រហែលជា​១០​ឆ្នាំ​មកហើយ​។​

​អ្នកនាង ស្រីរ័ត្ន បញ្ជាក់ថា ពីមុនៗ​មក​អ្នកស្រី​ឆ្លាក់​រូប​តែ​តាម​រឿង​រាមកេរ្តិ៍​តែប៉ុណ្ណោះ​តែដោយសារ​មនុស្ស​រស់នៅ​ក្នុងសង្គម​មាន​ការវិវឌ្ឍ ដូច្នេះ​អ្នកស្រី​ក៏​ប្តូរ​ពី​ឆ្លាក់​រូប​រឿង​រាមកេរ្តិ៍​មក​ឆ្លាក់​រូប​ចម្លង​ចេញពី​ជញ្ជាំង​ប្រាសាទអង្គរវត្ត​វិញ​ហើយ​ភ្ញៀវ​ក៏​ចូលចិត្ត​ទៀតផង​។ ចំពោះ​វត្ថុធាតុដើម​វិញ​គឺ​អ្នកស្រី​ដើរ​ទិញ​ស្បែក​គោ​គេ​ហើយ​យកមក​លាងជម្រះ​ហាល​ឱ្យ​ស្ងួត​ដោយ​មិនបាន​លាយ​កិន​ជាមួយ​វត្ថុ​អ្វី​ផ្សេង​ទេ​។​

​អ្នកស្រី​បន្តថា បន្ទាប់ពី​ហាល​ស្ងួត​ហើយ​យកមក​ចៀរ​ទៅតាម​ទំហំ​ខ្នាត​ដែល​ត្រូវ​នឹង​ពុម្ព​ហើយ​ទើប​ដាប់​ទៅតាម​រូប​ពុម្ព​នោះ​ទៅ​។ ​បច្ចុប្បន្ន​សិប្បកម្ម​របស់​អ្នកស្រី​ អាច​ឆ្លាក់​រចនា​រូប​នៅលើ​ស្បែ​កបាន​គ្រប់​ទម្រង់​គ្រប់បែប​ទាំងអស់​ពោលគឺ​ទៅតាម​បំណង​របស់​ភ្ញៀវ​ចង់បាន​អ្វី​គឺអាច​ធ្វើ​ជូន​បាន​។​រីឯ​រយៈពេល​ឆ្លាក់​គឺ​អាស្រ័យ​ទៅតាម​រូប​ធំ​ឬ​រូប​តូច​បើ​រូប​ទំហំ​ A3 ​ឬ​ A4​ អាច​១​ ទៅ​ ២ ​ថ្ងៃ ​រួចហើយ ​តែបើ​ផ្ទាំង​ចម្លាក់​ចាប់ពី ​១​ ម៉ែត្រ​ ដល់ ​៥​ ម៉ែត្រ​ និង​ទ​ទឺង​ កន្លះ​ម៉ែត្រ​ ឬ​ជាង​កន្លះ​ម៉ែត្រ​ ក៏ត្រូវ​ប្រើ​រយៈពេល ​១ ​ខែ​ អី​ដែរ​។​

​បើតាម​អ្នកស្រី​ហាង​របស់​អ្នកស្រី​នៅក្នុង​ផ្សារ​ចាស់​ក្រុង​សៀមរាប​ហើយ​មាន​ភ្ញៀវ​ទាំង​ក្នុងស្រុក​និង​ភ្ញៀវ​បរទេស​និយម​ផ្ទាំង​ចម្លាក់​ពី​ស្បែក​គោ​ដែល​ឆ្លាក់​រូប​ចេញពី​ជញ្ជាំង​ប្រាសាទ​។​ចំពោះ​តម្លៃ​នៃ​ផ្ទាំង​ចម្លាក់​នីមួយៗ​គិត​តាម​ខ្នាត​ទំហំ​របស់​រូប​ដែលមាន​តម្លៃ​ពី​១០​ដុល្លារ​រហូតដល់​ជាង​១​ពាន់​ដុល្លារ​ក៏មានដែរ​។​ចំពោះ​ចម្លាក់​ស្បែក​ក្រោយពេល​ឆ្លាក់​ចេញ​ជា​រូប​ហើយ​អ្នកស្រី​ត្រូវ​លាបថ្នាំ​ពណ៌​ឈើ​ដើម្បីឱ្យ​វា​មាន​សោភណភាព​ស្រស់ស្អាត​ហើយ​ពណ៌​ក៏​មិន​ចេញ​ដែរ​។​

​អ្នកស្រី​ពោលថា​៖«​ឥឡូវ​ភ្ញៀវ​ខ្មែរ​ក៏​ទិញ​ភ្ញៀវ​បរទេស​ក៏​ទិញ​ស្មើគ្នា​។​ភ្ញៀវ​ចាប់អារម្មណ៍​លើ​គំនូរ​វប្បធម៌​លើ​ជញ្ជាំង​ប្រាសាទ​ភ្ញៀវ​បរទេស​គាត់​ស្រឡាញ់​ទិញយក​ដាក់តាំង​ក្នុងផ្ទះ​»​។​

សមត្ថកិច្ចចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយ​គ្រឿងចក្រមួយគ្រឿងបើកកិន​មីន​តោន។ រូបថត CMAC

​លោក ​មួន សុភាព ប្រធាន​មន្ទីរ​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំពោះ​ចម្លាក់​ស្បែក​នេះ​មានការ​រីកដុះដាល​ដែរ​ដោយសារ​តែមាន​គ្រូ​ចុះទៅ​បណ្តុះបណ្តាល​នៅក្នុង​ស្រុក​ប្រាសាទបាគង​។​ក្នុងនោះ​មាន​ម្ចាស់​សិប្បកម្ម​តូចៗ​មិនជា​ទ្រង់ទ្រាយ​ធំ​ហើយ​គាត់​មក​សិក្សា​ជំនាញ​នេះ​បន្ត​ដូចនេះ​អ្នក​ចម្លាក់​ទាំងអស់នោះ​សុទ្ធតែ​ទទួលបាន​ការបណ្តុះបណ្តាល​។

​លោក​ថ្លែងថា​៖«​បើកាលណា​គាត់​បាន​ទៅ​រៀនមាន​គ្រូ​ច្បាស់លាស់​មានន័យថា គាត់​យល់ដឹង​ពី​ការអភិរក្ស​ហ្នឹងហើយ​។​ស្នាដៃ​ខ្លះ​ជាការ​ចម្លង​ពី​ចម្លាក់​អង្គរ​ចម្លាក់​នៅតាម​ប្រាសាទ​តាម​អី​ហ្នឹងហើយ​ផ្នែក​ខ្លះ​មានការ​ច្នៃប្រឌិត​ថ្មី​មានន័យ​អ្នក​កុម្ម៉ង់​គេ​ចង់បាន​អី​គឺ​ធ្វើ​ជូន​គេ​តែ​វា​មិន​ទាក់ទង​នឹង​ចម្លាក់​អី​ទេ​»​។​

​លោក សុភាព ថ្លែងថា ចំពោះ​ភ្ញៀវ​បរទេស​ខ្លះ​ដែល​គាត់​មក​ទស្សនា​ខេត្តសៀមរាប​ហើយ​បាន​ទិញ​ចម្លាក់​ស្បែក វា​អាស្រ័យ​លើ​ភ្ញៀវ​ដែល​គាត់​យល់​ពី​ចម្លាក់​ស្បែក​ហ្នឹង​។​គាត់​ឱ្យ​តម្លៃ​ជាទូទៅ​ជា​ចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​ដូចជា​រូប​អប្សរា​រូប​ទំហំ​តូចៗ​ដែល​គាត់​អាច​យកតាម​ខ្លួន​បាន​គឺ​គាត់​ទិញ​យកទៅ​ដាក់តាំង​នៅផ្ទះ​ដែលជា​ការស្រឡាញ់​វត្ថុ​សិល្បៈ​ផង​ហើយ​ជាការ​គោរព​ផង​៕