ភ្នំពេញៈ នាយករដ្ឋមន្ត្រីស្តីទីលោក នេត សាវឿន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាពឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។
ការជំរុញនេះធ្វើឡើងនៅក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពកាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។
លោក នេត សាវឿន បានថ្លែងតាមរយៈសុន្ទរកថា ឱ្យដឹងថា ពិតណាស់ កម្ពុជា ធ្លាប់ហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាតំបន់អសន្តិសុខ ជាវាលពិឃាត ជាចម្ការមីន ប៉ុន្តែស្លាកស្នាមទាំងនោះ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា។លោកបន្តថា កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុនណា កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាពក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
លោកគូសបញ្ជាក់ថា៖«កម្ពុជាត្រូវបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំនិងបន្តដំណើរវែងឆ្ងាយទៅមុខទៀតដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥គឺ កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព»។
ដើម្បីសម្រេចគោលដៅនេះ លោកថា កម្ពុជាបានប្តេជ្ញា បន្តកិច្ចខិតខំប្រឹងប្រែងពង្រីកកម្មវិធីសង្គ្រោះជនរងគ្រោះឱ្យបានគ្រប់ជ្រុងជ្រោយដោយធានាថា មិនមានជនរងគ្រោះណាមួយនឹងត្រូវបានទុកចោលឡើយ។
លោកបានអះអាងថា៖« រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជួយគាំពារដល់ជនរងគ្រោះ និងជនមានពិការភាពតាមរយៈការអនុវត្តគោលនយោបាយ ដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ លើកកម្ពស់ជីវភាព កំណើន ឱកាសការងារ ការអប់រំ ការពារលើកតម្កើងសិទ្ធិជនពិការ ព្រមទាំងរៀបចំបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បង្កលក្ខណៈ ដល់ជនពិការផងដែរ»។
លោក នេត សាវឿន បានអំពាវនាវ និងជំរុញនូវការអនុវត្តមួយចំនួនដើម្បីរួមចំណែកជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនមានពិការភាពទូទៅឱ្យទទួលបាននូវការលើកកម្ពស់សិទ្ធិ ការបង្កើនជីវភាព សេវាកម្មនានា និងការចូលរួមសកម្មភាពសេដ្ឋកិច្ចសង្គម។ ក្នុងនោះ អំពាវនាវគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ បន្តចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីជនពិការ ស្តង់ដាជាតិសកម្មភាពមីន ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។ចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្ថែមទៀត និងចូលរួមធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ថ្លែងក្នុងសិន្នសីទនោះដែរ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សន្និសីទនេះគឺជាដំណើរដ៏វិសេសវិសាលមួយ ហើយវាគួរឱ្យរំភើបចិត្តក្នុងការឃើញការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នកគ្រប់ភាគី ពាក់ព័ន្ធជនមានពិការភាព។
លោកថ្លែងថា៖«ក្នុងរយៈពេលប្រជុំ៣ថ្ងៃនេះ យើងបានចាប់ផ្ដើមពិភាក្សាយ៉ាងទូលំទូលាយអំពីជំនួយជនរងគ្រោះ ដោយពិភាក្សាលើប្រធានបទសំខាន់ៗដូចជាសុខភាពផ្លូវចិត្ត និងការគាំទ្រផ្លូវចិត្តចំពោះការថែទាំសុខភាព ការដាក់បញ្ចូលសេដ្ឋកិច្ចសង្គម និងសារៈសំខាន់នៃការប្រមូលទិន្នន័យ»។
លោក លី ធុជ បន្ថែមថា៖«យើងអាចកសាងពិភពលោកមួយដែលអ្នករស់រានមានជីវិតទាំងនេះអាចទទួលបានការថែទាំ ការគាំទ្រ និងឱកាសដែលពួកគេសមនឹងទទួលបាន»។
ក្នុងរយៈពេលជាង ៣០ឆ្នាំនេះចាប់ពីឆ្នាំ១៩៩២ សកម្មភាពមីននៅកម្ពុជា មានវឌ្ឍនភាពគួរជាទីកត់សម្គាល់ក្នុងនោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២ ៧៩៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ហើយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ត្រូវបានរកឃើញ និងកម្ទេចចោល។ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤១នាក់ក្នុងឆ្នាំ២០២២ និងមកនៅក្រោមចំនួន១០០នាក់ ក្នុង១ឆ្នាំជាមធ្យមរយៈពេល១០ឆ្នាំចុងក្រោយ។នេះបើតាមរបាយការណ៍ដកស្រង់ពីសុន្ទរកថាខាងលើ។
បើតាមលោក នេត សាវឿន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០១៨-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជីវភាព សេដ្ឋកិច្ច ការងារ និង មុខរបរជូនជនមានពិការភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨ នាក់ (ស្រី ២៣%) បម្រើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និង បុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន៥ ៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១ គ្រឹះស្ថានឯកជន៕