ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក្រើន​រំ​ឭ​ក​ជាថ្មី​ដល់​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​ដែល​បញ្ហា​ទាំងនេះ​ជា​បុព្វ​ហេតុនាំឱ្យ​ប្រព្រឹត្តបទល្មើស បង្ក​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​អសន្តិសុខ​សង្គម​។​


​ការ​ក្រើនរំឭក​នេះ ធ្វើឡើង​នៅ​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ជំនាញ «​ដឹកនាំ​បញ្ជា​កងកម្លាំង​នគរបាលជាតិ​» និង​គោរមងារ «​សន្តិ​បណ្ឌិត​» ជូន​ឥស្សរជន​ចំនួន ៤​រូប រួមមាន​លោក ឡូយ សុផាត លោក ឆៃ ស៊ីណា​រិ​ទ្ធ លោក យូ ស៊ុនឡុង និង​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោក ស សុខា ​បានផ្ដល់​អនុសាសន៍​ក្រើនរំឭក​ដល់​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំងអស់ ឱ្យ​បង្កើន​ការយកចិត្ត​ទុក​លើ​បញ្ហា​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​បណ្ដាលឱ្យ​ស្លាប់​របួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅតែ​កើតឡើង​គួរឱ្យកត់សម្គាល់​។ លោក​បន្ថែមថា​៖«​ទន្ទឹមនេះដែរ បញ្ហា​ក្មេង​ទំនើង ក៏​ជា​វិញ្ញាសាមួយ ដែល​ត្រូវ​សិក្សា​អំពី​បុព្វហេតុ ដែលនាំឱ្យ​ក្រុម​ក្មេង​ទំនើង​បង្កបញ្ហា​ប្រព្រឹត្តបទល្មើស​នាំឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​អសន្តិសុខ​សង្គម​ជាដើម​»​។​


​លោក​បន្តទៀតថា ចំណែក​នៅតាម​បណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី-​ខេត្ត ក៏​គប្បី​បង្កើន​ការយកចិត្តទុកដាក់​ចាត់​វិធានការ​លើ​បញ្ហា​គ្រឿងញៀន ដោយ​ប្រមូលផ្ដុំ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ លោក​ថ្លែងថា​៖«​ជារួម គប្បី​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ដើម្បី​ឈានទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​មេ​គ្រោះ​មួយ​នេះ​»​។

​ថ្លែង​ក្នុង​ពិធី​នោះដែរ លោក ស សុខា ក៏បាន​បង្ហាញ​គោលដៅ​របស់​ក្រសួងមហាផ្ទៃ ក្នុង​អាណត្តិ​ទី​៧​នេះថា ​នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន​ឱ្យបាន​ចន្លោះ​ពី ២០% ទៅ ៣០% តាម​មាគ៌ា​ដឹកនាំ​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​


​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកា បាន​ថ្លែងថា គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ចោទ​នៅក្នុង​សង្គម​ខ្មែរ​ដែល​នាំឱ្យមាន​បទល្មើស​ផ្សេងៗ ដែល​ទាមទារ​ឱ្យ​គ្រប់ភាគី​យកចិត្តទុកដាក់​ខ្ពស់ និង​បង្កើន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ក្នុងការ​ទប់ស្កាត់​លំហូរ​ចូល​គ្រឿងញៀន​ពី​ក្រៅប្រទេស​។

លោក​ថា​៖«​គ្រឿងញៀន​ជា​បញ្ហា​ធំ​ដែល​ត្រូវតែមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងស្រុក និង​ជាមួយ​បណ្តា​ប្រទេស​នៅជាប់​ព្រំដែន ដើម្បី​ធ្វើការ​ទប់ស្កាត់​នូវ​លំហូរ​ចូល​និង​ចរាចរ​គ្រឿងញៀន​ក្នុងស្រុក​។​ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​លុបបំបាត់​អំពើពុករលួយ និង​ត្រូវតែ​ហ៊ាន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ណា​ដែល​ឃុបឃិត​រឿង​គ្រឿងញៀន​»​។​

​លោក ស សុខា ក៏បានថ្លែងដោយ​ស្នើ​ដល់​ឥស្សរជន ដែល​ទទួលបាន​គោរមងារ «​សន្តិ​បណ្ឌិត​» ផ្ដល់​ពេលវេលា​សមស្រប​ណាមួយ អញ្ជើញ​មកកាន់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ដើម្បី​ធ្វើ​បាឋកថា​ចែករំលែក​បទពិសោធន៍​ការងារ​ក្នុង​វិស័យ​កងកម្លាំង​នគរបាលជាតិ ដល់​នគរបាល​បន្តវេន​។

​លោក​ចាត់ទុក​ការទទួលបាន​គោរមងារ​«​សន្តិ​បណ្ឌិត​» របស់​ឥស្សរជន​ទាំង​កន្លងទៅ និង​នាពេលនេះ ពិតជា​ស័ក្តិសម​បំផុត ព្រោះ​សុទ្ធតែជា​ថ្នាក់ដឹកនាំ​ពោរពេញ​ដោយ​បទពិសោធន៍ និង​ការលះបង់ ដោយបាន​ចូលរួម​បំពេញភារកិច្ច​ស្នូល របស់​ក្រសួងមហាផ្ទៃ​តាំងពី​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ មក មិនតិចជាង ៤០​ឆ្នាំ នោះទេ ក្នុងនាម​ជា​នគរបាលជាតិ​៕