​លោក សេង ទៀក បច្ចុប្បន្ន​ជានា​យក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ​(WWF)​ នៅ​កម្ពុជា​បាន​ចំណាយពេល​ជាង​ ២៥​ ឆ្នាំ​ហើយ លើ​ការងារ​អភិរក្ស​សត្វ​​ព្រៃ ធនធានធម្មជាតិ និង​បរិស្ថាន ដែល​ក្នុងនោះដែរ ការងារ​របស់លោក​មួ​យ​ចំនួន​ធំ ក៏​ពាក់ព័ន្ធ​នឹង​ការអភិរក្ស​ផ្សោត​ដែលជា​ថនិកសត្វ​ដ៏​កម្រ និង​ជិត​ផុត​ពូជ​ផងដែរ​។​


​លោក​បានបញ្ចប់​ការសិក្សា​ដោយ​ទទួល​សញ្ញាបត្រ​អនុ​​បណ្ឌិត​ចំនួន​ ២ គឺ វិស្វករ​ផ្នែក​គ្រឿង​-​យន្ត​កសិកម្ម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន អតីត​សហភាពសូវៀត​ក្នុង​ឆ្នាំ​ ១៩៩២ និង​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​បរិស្ថាន​ពី​សាកលវិទ្យាល័យ Yale ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ២០

០៣​។ លោក​ក៏បាន​ទទួល​សញ្ញា​​ប​ត្រ Diploma ផ្នែក​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ពី​វិទ្យាស្ថាន​គ្រប់គ្រង​​អភិវឌ្ឍន៍​អន្តរជាតិ (IMD)​ ប្រទេស​​ស្វ៊ី​ស ក្នុង​ឆ្នាំ​ ២០១៤​ ផងដែរ​។​


​អ្នកសារព័ត៌មាន បាន​ជួប​ជា​​មួយ​នឹង​លោក សេង ទៀក ដើម្បី​ធ្វើ​បទសម្ភាសន៍​ទាក់ទង​នឹង​​ប្រវត្តិ​ផ្ទាល់ខ្លួន និង​ប្រវត្តិ​ការងារ​​របស់លោក​ខ្លះៗ​ពី​ជីវិត​ការងារ​របស់លោក​ក្នុង​រយៈពេល​ជាង​ ​២​ ទសវត្ស​រ៍លើ​ការងារ​អភិរក្ស​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​លោក​ចាប់ផ្តើម​ការងារ​ពាក់​ព័ន្ធ​ជាមួយនឹង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ពី​ពេលណា​ដែរ​?


​ខ្ញុំ​បាន​ចំណាយពេល​ជាង ​២៥ ​ឆ្នាំ​ លើ​ការងារ​អភិរក្ស​សត្វព្រៃ ធន​​ធាន​ធម្មជាតិ និង​បរិស្ថាន ដែល​​ដំបូង​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងបរិស្ថាន​ក្នុង​ឆ្នាំ​ ១៩៩៣ បន្ទាប់ពី​ការបោះឆ្នោត​សកល​​អាណត្តិ​ទី​១ ឆ្នាំ​ ១៩៩៣ រួច​ពេលនោះ​ក្រសួងបរិស្ថាន​ត្រូវបាន​បង្កើតឡើង​។ ឆ្នាំ​ ១៩៩៨ ខ្ញុំ​បាន​ចាប់​​ផ្តើម​បង្កើត​ការិយាល័យ​អង្គការ WWF នៅ​ប្រទេស​កម្ពុជា ដែលមាន​តួនាទី​ជា​អ្នកសម្របសម្រួល​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​។ ឆ្នាំ​ ២០០៣ ខ្ញុំ​បានក្លាយ​ជានា​យក​អង្គការ WWF ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​បានបញ្ចប់​ការ​

​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​បរិស្ថាន​នៅ​សហរដ្ឋអាមេរិក​។ ខ្ញុំបាទ​មាន​មោទនភាព​ណាស់​​ដែល​ជនជាតិខ្មែរ​ដំបូង​គេ​បង្អស់​ត្រូវបាន​ជ្រើសរើស​ឱ្យ​កាន់​តួនាទី​ក្នុង​ស្ថាប័ន​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ​ដែលមាន​ឈ្មោះ​ល្បី​ក្នុង​ពិភពលោក​។

១០ ​ឆ្នាំ​ក្រោយមក ​ក្នុង​ឆ្នាំ​ ២០១២ ខ្ញុំ​ត្រូវបាន​ជ្រើស​​រើស​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ WWF អូស្ត្រាលី ។ ក្នុង​តំណែង​ជា​នាយក​ប្រចាំ​តំបន់ ខ្ញុំ​ទទួលខុសត្រូវ​លើ​ប្រទេស Papua New Guinea​ និង​ប្រទេស Solomon Islands​។ ពាក់កណ្តាល​ឆ្នាំ ​២០១៣ ​ខ្ញុំ​បានមក​កាន់​មុខងារ​ជានា​យក​កម្មវិធី​អភិរក្ស​ប្រចាំ​មហា​អនុតំបន់​មេគង្គ​នៃ​អង្គការ WWF អន្តរជាតិ ដែល​មើល​ការខុសត្រូវ និង​គ្រប់​-​គ្រង​ការងារ​អភិរក្ស​ក្នុង​៥​ប្រទេស​រួមមាន​៖ កម្ពុជា ឡាវ ថៃ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ឆ្នាំ​ ២០១៧ រហូតមកដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​ក៏បាន​​មកកាន់​តួនាទី​ជា​នាយក​អង្គការ WWF កម្ពុជា​វិញ​។​

​ការសម្រេច​ត្រឡប់​មកកាន់​​ការងារ​នៅ​ថ្នាក់​ប្រទេស​វិញ​នេះ​ដោយសារ​ខ្ញុំ​មានបំណង​ចង់យក​ចំណេះដឹង ជំនាញ និង​បទ​ពិ​សោ​ធន៍​ជាច្រើន​របស់ខ្ញុំ​ដែល​មានមក​បម្រើ​ជាតិ និង​ចូលរួម​ក្នុងការ​ថែ​​រក្សា​មរតក​ធម្មជាតិ​របស់​កម្ពុជា​យើង​ដោយ​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​ការសហការ​យ៉ាង​ជិត​សិទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​របស់​រាជរដ្ឋាភិបាល អង្គការ​ដៃគូ​​អភិវឌ្ឍន៍ និង​សហគមន៍​មូលដ្ឋាន​។

តើ​ក្នុង​រយៈពេល​ជាង ២៥ ​ឆ្នាំ​ ដែល​លោក​បាន​ប្រឡូក​ក្នុងការ​ងារ​សត្វព្រៃ និង​កិច្ចការពារ​ធន​-​ធាន​ធម្មជាតិ​នេះ ទទួលបាន​​សមិទ្ធផល​សំខាន់ៗ​អ្វីខ្លះ​?

​ក្នុង​អាជីព​ការងារ​របស់ខ្ញុំ​ជាង ២៥ ​ឆ្នាំ​កន្លងទៅនេះ ខ្ញុំ​បាន​​សម្រេច​លទ្ធផល​សំខាន់ៗ​ជាច្រើន មានដូចជា​៖ លទ្ធផល​ទី​១ គឺ​ខ្ញុំ​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​បង្កើត និង​ដឹកនាំ​អង្គការ WWF ឱ្យមាន​ការរីកចម្រើន​ធំ​ធាត់ និង​ធ្វើឱ្យ​ស្ថាប័ន​នេះ​ឈរជើង​យ៉ាងរឹងមាំ​មាន​ទំនុក​ទុកចិត្ត​​ខ្ពស់​ពី​ដៃគូ​ពាក់ព័ន្ធ​លើ​ការងារ​​ប​ចេ្ច​ក​ទេស និង​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្នុង​បុព្វហេតុ​​ការពារ​ធនធានធម្មជាតិ​របស់​​កម្ពុជា​។ សមិទ្ធផល​សំខាន់​ទី​២ គឺ​ខ្ញុំ​បាន​ចូលរួម​សកម្ម និង​បាន​ជួយ​ដល់​សង្គមជាតិ​កម្ពុជា​ជាច្រើន​ក្នុងនោះ​រួមមាន​៖ ការ​កៀរគរ​ថវិកា​ដែល​នៅ​ឆ្ នាំ​១៩៩៨ ថវិកា​សម្រាប់​​ប្រតិបត្តិការ WWF កម្ពុជា គឺមាន​ត្រឹមតែ​ប្រហែល​ ៥ ​ម៉ឺន​ដុល្លារ​ ក្នុង ​១ ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់មក​ចំណូល​មានការ​កើនឡើង​ជាប្រចាំ​ឆ្នាំ​រហូតដល់​ ៧,៤​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ ​២០២៣ ​នេះ​។ បើ​គិត​ជា​មធ្យម​ចំណូល​ថវិកា​ប្រចាំឆ្នាំ​របស់ WWF កម្ពុជា​ប្រហែល​ពី ​៤ ​ទៅ ​៥​ លាន​​ដុល្លារ​ ក្នុង​ ១​ ឆ្នាំ​។ ដូច្នេះ​រយៈពេល​ ២៥ ​ឆ្នាំ​កន្លងទៅនេះ ​ខ្ញុំ​បាន​កៀរគរ​ថវិកា​សរុប​ប្រហែលជា ​១៥០​ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​អនុ​​វត្ត​គម្រោង​នៅ​ប្រទេស​កម្ពុជា​។​

​ចំពោះ​ការបង្កើត​ការងារ និង​មុខរបរ​វិញ ខ្ញុំ​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​ផ្តល់​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​។ បើ​គិត​ជា​មធ្យម​ការងារ​ដែល​ផ្តល់​ដោយផ្ទាល់​មិនតិចជាង​ ៥០០ ​ការងារ​ទេ ក្នុង​ ១ ​ឆ្នាំៗ​។ ការងារ​ទាំងនោះ​រួមមាន​៖ ការងារ​ជា​ឧ​ទ្យា​នុ​រក្ស សត្យា​នុ​រក្ស ឆ្មាំ​ទន្លេ​ការងារ​ក្នុង​សហគមន៍​ការពារ​តំបន់​ធម្មជាតិ សហគមន៍​ព្រៃឈើ ​សហគមន៍​នេសាទ សហគ្រាស​ខ្នាតតូច និង​ពិសេស​បុគ្គលិក​ទាំង​​អស់​របស់​អង្គការ WWF កម្ពុជា ជាង​ ១០០​ នាក់ ផងដែរ​។ ចំណែក​លទ្ធផល​សំខាន់​ទី​៣ គឺ​ខ្ញុំ​បាន​ចូលរួម​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​កម្មវិធី​គម្រោង​គាំទ្រ​ការ​-​បង្កើន​ជីវភាព​រស់នៅ​របស់​ស​ហ​-​គម​ន៍​នៅក្នុង​ខេត្ត​គោលដៅ​របស់​អង្គការ WWF ក្នុងនោះ​រួមមាន​៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះសីហនុ កំពត កោះកុង និង​ខេត្ត​មណ្ឌល​​គិរី​។

ក្នុងនោះ​មាន គម្រោង​ចិញ្ចឹមសត្វ ដាំ​បន្លែ ដាំ​ស្រូវ​មិត្តភាព​​សត្វព្រៃ ធនាគារ​គោ ការផ្តល់​​ឥណទាន​ខ្នាតតូច គម្រោង​គាំទ្រ​សិប្បកម្ម​ឫស្សី​-​ផ្តៅ ដំណាំ​ម្រេច ដំណាំ​កៅស៊ូ​គ្រួសារ ឃ្មុំ​ព្រៃ​ថាមពល​ស្អាត សហគមន៍​ទេស​ចរណ៍​ធម្មជាតិ និង​គម្រោងការ​ប្រើប្រាស់ និង​ផលិតកម្ម​ដោយ​​និរន្តរភាព​នៅ​កម្ពុជា​ជាដើម​។​

​លទ្ធផល​សំខាន់​មួយទៀត ​គឺ​ខ្ញុំ​បាន​ចូលរួម​ជា​វិភាគទាន​យ៉ាងសំខាន់​ក្នុង​ការជួយ​ជា​ថវិកា​បទ​ពិសោធន៍ និង​ជំនាញ​បច្ចេកទេស​ក្នុងការ​រៀបចំ​តំបន់​អភិរក្ស​សត្វ​​ព្រៃ តំបន់ការពារធម្មជាតិ និង​​គោលនយោបាយ​សំខាន់ៗ និង​ផែនការ​យុទ្ធសាស្ត្រ​ជាច្រើន​សម្រាប់​ការគ្រប់គ្រង​តំបន់​មាន​​ដូចជា តំបន់​អភិរក្ស​ផ្សោត​ទ​នេ្ល​មេគង្គ តំបន់​អភិរក្ស​សត្វ​ក្តាន់​តំបន់​អភិរក្ស​សត្វ​ស្លាប​ពង​កូន តំបន់ដីសើម តំបន់ការពារធម្មជាតិ និង​តំបន់​របៀង​សត្វព្រៃ​សំខាន់ៗ នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

​ក្នុង​រយៈពេល​ជាង ​២៥ ​ឆ្នាំ​កន្លងទៅនេះ​ សមិទ្ធផល​សំខាន់ៗ​ដែល​លេចធ្លោ​ជា​ផ្លែផ្កា​ចេញពី​កិច្ច​​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​នានា​ផងដែរ​។ ខ្ញុំ​បាន​​ចូលរួម​បង្កើត ដឹកនាំ និង​រៀបចំ​​ទិវា​ជាតិ និង​យុទ្ធនា​ការសំខាន់ៗ ជាច្រើន​ផងដែរ​ដូចជា​៖ ទិវា​សត្វផ្សោត​ទន្លេ សត្វ​ខ្លាធំ សត្វ​ដំរី ជីវ​ចម្រុះ អនាម័យ​បរិស្ថាន ដី​សើម ទិវា​ ១​ ម៉ោង​សម្រាប់​ភពផែនដី និង​យុទ្ធនាការ​អន្ទាក់​សូន្យ ជាដើម​។​

​ការចូលរួម​ដ៏​សកម្ម​របស់ខ្ញុំ​នេះដែរ​ធ្វើឱ្យ​ចំនួន​សត្វ​ផ្សោត​ទន្លេ​លើក​ទី​១​ ក្នុង​រយៈពេល​ជាង​ ២​ ទសវត្សរ៍ ចុងក្រោយ​បាន​កើនឡើង​ប្រហែល ​១៥% ពី ​៨០ ​ក្បាល ​(២០១៥) ដល់ ​៩២ (២០១៧) ចំនួន​សត្វ​​ក្តាន់​កើន​ពី​ ៥០ ​ក្បាល ​(២០០៦) ដល់ ៨៦ ​ក្បាល (២០២២) ​និង​ប្រភេទ​ជាច្រើន​ទៀត​មានការ​កើន​-​ឡើង​ចំនួន​ដូចជា​សត្វ​រំពេ​ទន្លេ ​ត្រយង​យក្ស ត្រយង​ចង្កំ​កស ត្មាត ត្រដក់ ទោច និង​ក្រពើ​ភ្នំ​...​។​

​ក្នុងចំណោម​កិច្ចការ​ទាំងនេះ​តើ​មូលហេតុ​អ្វីដែល​ WWF ចាប់​អារម្មណ៍​អភិរក្ស​លើ​សត្វ​ផ្សោត​?

​មូលហេតុ​ចម្បង​មាន​ ៣ ​សំខាន់ៗ​៖ ទី​១. សត្វ​ផ្សោត​គឺជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​ក្នុង​លោក​កំណត់ដោយ​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​អង្គការ WWF បាន​កំណត់ថា ជា​ប្រភេទ​សត្វ​អា​-​ទិ​ភាព​ខ្ពស់​សម្រាប់​ការអភិរក្ស​។ ​ទី​២.​អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​​បាន​កំណត់ថា សត្វ​ផ្សោត​ទ​នេ្ល​ជា​រតនសម្បត្តិ​ជាតិ​មានជីវិត​។ ចំពោះ​ខ្ញុំ​ការពារ​សត្វ​ប្រភេទ​នេះ ​គឺជា​មោ​ទ​​ន​ភាព​ជាតិ​មួយ​។ ចំណែក​ចំណុច​ទី​៣ ​គឺ​សត្វ​ផ្សោត​ជា​ប្រភេទ​សត្វ​ដែល​ទាក់ទាញ និង​គួរឱ្យ​ស្រឡាញ់ ​និង​ជាស​ត្វ​សុច​នាករ​ដែល​អាច​បញ្ជា​ក់ថា​ ទីកន្លែង​ដែលមាន​សត្វ​ផ្សោត​រស់នៅ ប្រព័ន្ធ​អេកូឡូស៊ី និង​ទ​នេ្ល​នៅ​ទីនោះ​មាន​សុខភាព​ល្អ សម្បូរ​ត្រី និង​ធនធាន​វា​រី​សាស្ត្រ​ជាច្រើន​ទៀត​។ ចំពោះ​ខ្ញុំ ការ​ការ​ពារ​សត្វ​ប្រភេទ​នេះ​គឺអាច​ជួយ​​បង្កើត​ការងារ​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ និង​សហគមន៍​មូលដ្ឋាន តាមរយៈ​ទេសចរណ៍ធម្មជាតិ​។​

តើ​ផ្សោត​ទឹកសាប​មាន​សារៈ​\​សំខាន់​អ្វីខ្លះ​សម្រាប់​កម្ពុជា ហើយ​បច្ចុប្បន្ន​មាន​ប៉ុន្មាន​ប្រទេស​ដែលមាន​សត្វ​ផ្សោត​ទឹកសាប​រស់នៅ​?

​ផ្សោត​ទន្លេ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ព្រោះ​វា​ជាស​ត្វ​ដែល​ជិត​ផុត​ពូជ​ក្នុង​លោក​។ ជា​មោទនភាព​ណាស់​ដែល​ប្រទេស​កម្ពុជា ​យើង​នៅមាន​ថនិកសត្វ​ដ៏​កម្រ​នេះ​រស់នៅ​។ ថនិកសត្វ​​ប្រភេទ​នេះ​បាននិងកំពុង​ធ្វើឱ្យ​​កម្ពុជា​កាន់តែ​ល្បីឈ្មោះ​នៅក្នុង​

​ពិភពលោក​បន្ថែម​ពីលើ​សម្បត្តិ​វប្បធម៌​រូបី និង​សម្បត្តិ​វប្បធម៌​អរូបី​​ជាច្រើន​ដែល​បានក្លាយ​ជា​បេ​តិក​​ភណ្ឌ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ​។ ជាងនេះទៀត​ប្រភេទ​សត្វ​កម្រ​ដូច​សត្វ​ផ្សោត​ទ​នេ្ល​នេះ​អាចបង្កើត​ការងារ និង​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ទេសចរណ៍​​ធម្មជាតិ​ផងដែរ​។ តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ប្រភេទ​សត្វ​ផ្សោត​ដូចគ្នា​នឹង​ផ្សោត​ទន្លេ​យើង​នេះ​គឺមាន​នៅតែ​ក្នុងប្រទេស ​៣ ​ប៉ុណ្ណោះ​គឺ កម្ពុជា មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី​។​

​តាម​ការធ្វើជំរឿន​ក្នុង​ឆ្នាំ ​២០២០ ចំនួន​ផ្សោត​ទន្លេ​មាន​ប្រហែល​ ៨៩ ​ក្បាល​។ រដ្ឋបាល​ជលផល និង​អង្គការ WWF គ្រោង​នឹង​ចេញ​របាយការណ៍​ជំរឿន​សត្វ​ផ្សោត​សម្រាប់​ឆ្នាំ​ ២០២៣​ ខាងមុខនេះ​។

តើ​លោក​មាន​ជួប​ផល​លំបាក អ្វីខ្លះ ចំពោះ​ការងារ​អភិរក្ស​សត្វ​​ផ្សោត​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ តើ​អង្គការ​មាន​គម្រោង​អ្វីខ្លះ​ក្នុងការ​ចូលរួម​អភិរក្ស​?

​បញ្ហា​ប្រឈម​ចំពោះ​សត្វ​ផ្សោត គឺ​ការនេសាទ​ដោយ​ការប្រើ​ឧ​ប​​ករ​ណ៍​ខុសច្បាប់​ក្នុង​តំបន់​សត្វ​ផ្សោត​រស់នៅ​ដូចជា មង និង​ការ​​ឆក់​ជាដើម​។ ទោះបីជា​មានការ​​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​នេសាទ​ជាប្រចាំ​ក៏ដោយ ក៏​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​អាច​នៅ​ជា​កត្តា​គំរាមកំហែង​ដល់​ផ្សោត​ទន្លេ​ដែរ​។ អង្គការ WWF ​នឹង​នៅ​បន្ត​ការគាំទ្រ​ដល់​​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​តាមរយៈ​ការ​​ជួយ​បណ្តុះបណ្តាល​ជំនាញ ការ​ផ្តល់​ថវិកា​សម្ភារ និង​ការសាងសង់​ប៉ុ​ស្ត​តាម​តំបន់​យុទ្ធសាស្ត្រ​សម្រាប់​ឆ្មាំ​ប្រើប្រាស់​ក្នុង​ការងារ​ល្បាត​

​និង​ការងារ​គ្រប់គ្រង​សត្វ​ផ្សោត​។ ​គម្រោង​ដែល​អនុវត្ត​ដោយ WWF នឹង​ជួយ​ចូលរួម​ដោះស្រាយ​សេដ្ឋ​កិច្ច​មូលដ្ឋាន​របស់​ស​ហគ​មន៍​ដែល​រស់នៅក្នុង​តំបន់​សត្វ​ផ្សោត​បន្ត​ការជួយ​តាមដាន និង​សិក្សា​ស្រាវ​ជ្រាវ​ពីស​ត្វ​ផ្សោត និង​បន្ត​អប់រំ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់ និង​ផល​-​ប្រយោជន៍​របស់​សត្វ​ផ្សោត​ទ​នេ្ល​។ ជាមួយគ្នានេះដែរ WWF ក៏​កំពុង​រៀបចំ​គម្រោង​ដែល​ប្រើប្រាស់​​បច្ចេកវិទ្យា​ទំនើប​ដូច​ជ្រា​ដូន ឧ​ប​-​ករ​ណ៍​ចាប់​សំឡេង និង​ឧបករណ៍​បញ្ចេញ​សំឡេង​ជាដើម​សម្រាប់​ការអនុវត្ត​ច្បាប់ និង​ការគ្រប់គ្រង​ផ្សោត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

ចំណេះដឹង​ពលរដ្ឋ ជាពិសេស​អ្នករស់នៅ​តាម​សហគមន៍​ ឬ​​មូលដ្ឋាន​មានការ​ប្រែប្រួល​ដែរ​ទេ​ក្នុងការ​ចូលរួម​ការពា​រ​ផ្សោត​?

​នៅ​មិនទាន់មាន​ការសិក្សា​ជា​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​នៅឡើយ​ទេ​ទាក់ទង​នឹង​ការផ្លាស់​​ប្តូរ​ឥរិយាបថ និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​លើ​ការចូល​រួមការ​​ពារ​សត្វ​ផ្សោត ប៉ុន្តែ​បើតាម​ការ​​អង្កេត​ជាក់ស្តែង​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ផ្សោត​រស់នៅ មានការ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​តាមដាន និង​ការរាយការណ៍​ពីបទ​ល្មើស​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ផ្សោត​រស់នៅ រាយ​ការ​ណ៍​ពី​កូន​ផ្សោត​កើត​ថ្មី ផ្សោត​ស្លាប់​និង​ផ្សោត​ដែល​ចល័ត​ចេញពី​ដែន​ជម្រក​របស់​វា​ជាដើម​ជូន​មន្ត្រី​មាន​សមត្ថកិច្ច​។ ខ្ញុំ​យល់ថា សកម្មភាព​ទាំងនេះ​របស់​ប្រជាពលរដ្ឋ​យើង​គឺជា​សកម្មភាព​វិជ្ជមាន និង​បាន​​បង្ហាញថា ​ពួកគាត់​កំពុង​យកចិត្ត​ទុកដាក់ ចូលរួម​ថែរក្សា និង​ការ​ពារ​សត្វ​ដ៏​កម្រ​របស់​យើង​។

​ជាការ​កត់សម្គាល់​សម្រាប់​លោក តើ​រដ្ឋាភិបាល​បានធ្វើ​អ្វីខ្លះ​ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​នេះ​?

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់ និង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេ​តាមរយៈ​ការ​បង្កើតជា​តំបន់​គ្រប់​​គ្រង និង​ការពារ​សត្វ​ផ្សោត​ទន្លេ បង្កើត​គណៈកម្មាធិការ​អភិរក្ស​ ​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេមេគង្គ បង្កើត​យុទ្ធសាស្ត្រ​អភិរក្ស​សត្វ​ផ្សោត ជ្រើសរើស និង​បណ្តុះបណ្តាល​ឆ្មាំ​ទន្លេ​ចំនួន​ ៧២ ​នាក់​ ដើម្បី​ការពារ​សត្វ​ផ្សោត​។

​ខ្ញុំ​សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ រដ្ឋបាល​ជល​​ផល​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ​រដ្ឋបាល​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​និង​បងប្អូន​ឆ្មាំ​ទន្លេ​ទាំងអស់ ចំ​ពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គការ ​WWF ​កម្ពុជា​លើ​ការគ្រប់គ្រង​សត្វ​ផ្សោត​ទន្លេ​ដែលជា​រតនសម្បត្តិ​ជាតិ​មានជីវិត​របស់​យើង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕