ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អំពាវនាវ ក៏ដូចជា​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មានការ​យកចិត្ត​ទុកដាក់​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​និង​បញ្ហា​គ្រឿងញៀន​។​


​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ខេត្តស្ទឹងត្រែង នា​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៣ បានរៀបចំ​សិក្ខាសាលា​ស្តីពី ការចូលរួម​បញ្ចប់​ជំងឺអេដស៍​នៅ​កម្ពុជា​ឆ្នាំ​២០២៥ និង​ទប់ស្កាត់​ការប្រើប្រាស់ ជួញដូរ ចរាចរណ៍​គ្រឿងញៀន​តាម​បញ្ញើ​ប្រៃសណីយ៍​» ដោយមាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​នេះ ចំនួន​៥ រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្តក្រចេះ ព្រមទាំង​សាខា​ប្រតិបត្តិ​ករ​ផងដែរ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ប្រៃសណីយ៍ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ថ្លែងថា សិក្ខាសាលា​នេះ​ជាការ​ផ្សព្វផ្សាយ​និង​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ បង្កើន​ការគាំទ្រ​ចូលរួម​បញ្ចប់​អេដស៍​ឱ្យបាន​នៅ​ឆ្នាំ​២០២៥​។​


​លោក​បន្តថា ​ការចូលរួម​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​តាម​បញ្ញើ​ប្រៃសណីយ៍ សំដៅ​ឆ្លើយតប​តាម​ផែនការ​និង​ទិសដៅ​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺអេដស៍​និង​ការប្រើប្រាស់​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​លោក​ថ្លែងថា៖ «​សិក្ខាកាម​ដែល​បាន​ចូលរួម​នាពេលនេះ គឺជា​សកម្មជន ជា​ចលករ ចូលរួម​បញ្ចប់​ជំងឺអេដស៍ និង​ទប់ស្កាត់​ការប្រើប្រាស់ ជួញដូរ និង​ចរាចរណ៍​គ្រឿងញៀន ក្នុងការ​ត្រួតពិនិត្យ​និង​រឹតបន្តឹង​ការទទួល​កញ្ចប់​បញ្ញើ ដែល​ក្រុមហ៊ុន​របស់ខ្លួន​កំពុងតែ​បម្រើសេវា​លើ​បញ្ញើ​ប្រៃសណីយ៍​ផងដែរ​»​។​


​ដោយឡែក យោងតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ដដែល លោក ថោង សុគន្ធា អគ្គលេខាធិការ​​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​លើកឡើង​ដែរ​ថា អ្នក​ប្រើ​គ្រឿងញៀន​ដោយ​ចាក់​គ្រឿងញៀន​នៅតែ​ជា​ក្រុម​គោលដៅ​ប្រឈម​ខ្ពស់​នឹង​មេរោគ​អេដស៍ ជំងឺអេដស៍​។​ លោក ថោង សុគន្ធា ថ្លែង​ដូចនេះ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​លើក​ទី ៦(២០២៤-២០២៨)​។​

​លោក​ថា៖ «​មិន​ត្រឹមតែ​អ្នក​ប្រើ​គ្រឿងញៀន​ដោយ​ចាក់​ប៉ុណ្ណោះ​ទេ គឺ​អ្នក​ប្រើ​គ្រឿងញៀន​តាម​ប្រភេទ​ផ្សេងទៀត​នៅតែ​ជា​ក្រុម​ប្រឈមមុខ​ខ្ពស់​ទៅនឹង​ការឆ្លង​មេរោគ​អេដស៍ រោគ​ថ្លើម និង​រោគ​ឆ្លង​ដ​ទៃ​ទៀត​»​។​

​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ស្នើឱ្យ​សមាជិក​អង្គប្រជុំ​បន្ត​យកចិត្តទុកដាក់​ចាត់ទុក​អ្នក​ប្រើ​គ្រឿងញៀន​ជា​ក្រុម​គោលដៅ​ប្រឈម​ខ្ពស់​ដែល​ត្រូវ​ផ្តល់​កិច្ច​អន្តរាគមន៍​ឱ្យបាន​សមស្រប​ចៀសវាង​នូវ​ផលប៉ះពាល់​ដល់​សុខុមាលភាព ជីវភាព​បុគ្គល និង​ក្រុមគ្រួសារ​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​សប្តាហ៍​មុន បានចេញ​គោលការណ៍​ណែនាំ សម្រាប់​ចាត់តាំង​អនុវត្ត​ការងារ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ទូទាំងប្រទេស​៕