ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម នៃក្រសួង​សុខាភិបាល​លោក លាង ឬទ្ធា បានឱ្យដឹង​ថា គិតពី​ខែមករា រហូតដល់​ខែតុលា ឆ្នាំ២០២៣​នេះ រកឃើញ​ករណី​ជំងឺ​គ្រុនឈាម​ជាង ២ ម៉ឺន​ករណី ខណៈដែល​ចំនួន​ករណីទាំង​នេះស្ថិត​ក្រោមការ​គ្រប់គ្រង​បាន ក៏ប៉ុន្តែ​លោកអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវបន្ត​ការរក្សា​អនាម័យ​ជុំវិញ​លំនៅឋាន​របស់​ខ្លួន។


លោក លាង ឬទ្ធា បានថ្លែងប្រាប់​ឱ្យដឹង​ថា គិតចាប់ពី​ដើម​ឆ្នាំ២០២៣ រហូតមក​ដល់​ថ្ងៃទី១៩ ខែតុលា​នេះ គឺក្រសួង​បានរកឃើញ​ករណី​គ្រុនឈាម​សរុប​ចំនួន ២៣០០០ ករណី ដែលក្នុងនោះ​មានករណី​ស្លាប់​មួយចំនួន តែវា​មិនច្រើន​នោះទេ ខណៈ​ដែលការរកឃើញ​ចំនួន​ជំងឺ​គ្រុនឈាម​ឥឡូវនេះ ក៏មានការ​ថយចុះ​ផងដែរ។

លោកបានឱ្យដឹង​ថា ករណី​ជំងឺ​គ្រុនឈាម ដែលរកឃើញ​មានច្រើន​ជាងគេគឺ​នៅរាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល សៀមរាប និងខេត្ត​បន្ទាយមានជ័យ ខណៈដែល​ស្ថានភាព​បច្ចុប្បន្ន​នេះ ការរកឃើញ​ករណីជំងឺ​គ្រុនឈាម​បានថយចុះ ដោយសារតែ​មានការយកចិត្ត​ទុកដាក់​ពីរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានណែនាំ និងពង្រឹង​វិធានការ​ទៅដល់​ខេត្ត​ទាំងអស់។ យ៉ាងណាមិញ​លោក​ថា ជំងឺគ្រុន​ឈាម​ដែលរកឃើញ​ជាង ២ ម៉ឺន​ករណីនេះ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុនរយៈពេល​ដូចគ្នា គឺមានការកើន​ឡើង​ចំនួន​ពីរដង។


លោកថា​៖«ដូច្នេះ​ទោះបីឆ្នាំ​នេះ ករណី​ជំងឺគ្រុនឈាម​មានការកើនឡើង​ក៏ដោយ ប៉ុន្តែ​ស្ថានភាពនេះ​ស្ថិតក្នុង​កម្រិតមួយ​ដែលអាច​គ្រប់គ្រង​បាន ហើយវា​មិនមាន​អ្វីធ្វើឱ្យ​ជាការគួរព្រួយ​បារម្ភ​ហួសពី​សមត្ថភាព ក៏ដូចជា​ការឆ្លើយតប និងការទទួលខុសត្រូវ​របស់​ក្រសួង​នោះទេ»។

លោកបានបញ្ជាក់​ថា៖ «ស្ថានភាព​នៅពេល​នេះ គឺស្ថិតក្នុង​កម្រិតមួយ​ដែលយើងអាច​គ្រប់គ្រង​បាន ប៉ុន្តែយើងនូវ​តែបន្ត​អំពាវនាវ​ឱ្យប្រជាជន​ត្រូវរស់នៅ​រក្សា​អនាម័យ បរិស្ថាន​នៅជុំវិញ​ផ្ទះហ្នឹង។ ហើយប្រសិនជា​មាននរណាម្នាក់ ក្មេងក៏​ដោយ ចាស់​ក៏ដោយ ដែលក្ដៅខ្លួន សង្ស័យ​ថា​កើតជំងឺ​គ្រុនឈាម​នោះ ដាច់ខាត​ត្រូវតែយក​មក​មន្ទីរពេទ្យ​ឱ្យបាន​លឿនបំផុត»។


ក្រៅពីនេះ លោក​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​ទាំងអស់គ្នា ចាប់ពី​គ្រួសារ សហគមន៍ គឺបន្តរស់នៅ​អនាម័យ​ជុំវិញ​ផ្ទះ និងលាង​សម្អាត​ពាងទឹក​ឱ្យបាន​ពីរឬមួយដង​ក្នុង​មួយ​សប្តាហ៍ សំរាម​សម្បក​កំប៉ុង ត្រឡោកដូង និងរបស់របរ​ដែលអាច​ដក់ទឹក​ជាដើម គឺត្រូវ​ផ្កាប់វា កុំឱ្យ​មានទឹកដក់ ដែលអាច​កើតទៅ​ជាដង្កូវ​ទឹក។ ហើយក្នុង​ករណី​ដែលមានភ្នាក់ងារ​មន្ត្រីសុខាភិបាល​ចុះទៅ ត្រូវឱ្យ​ពួកគាត់​ដាក់ថ្នាំ​អាប៊ែត និងបាញ់ថ្នាំ​ផងដែរ។

សូមបញ្ជាក់​ថា កាលពីពេល​ថ្មីៗនេះ លោក ឈាង រ៉ា រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល បានអំពាវនាវ​ឱ្យអាជ្ញាធរ​រាជធានី-ខេត្ត​ទាំងអស់ ត្រូវបន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​នានា ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​គ្រុនឈាម​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​លើកកម្ពស់​ការយល់ដឹង អំពីវិធានការ​បង្ការ​ជំងឺឆ្លង​នានា​តាមរយៈ​បង្កើនការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យកាន់តែ​ទូលំទូលាយ ទៅដល់​បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិ​ទាំងមូល៕