ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​សកល​លើកទី១ ស្តីពី «សម្ព័ន្ធភាព​រដ្ឋ​ផ្តល់​អាហារ​តាមសាលារៀន» នៅប្រទេស​បារាំង ដោយផ្តោត​ទៅលើ​ការផ្តល់​អាហារ​តាមសាលារៀន​ប្រកបដោយ​និរន្តរភាព។


បើតាម​ក្រសួងអប់រំ យុវជន និងកីឡា កិច្ចប្រជុំ​នេះ ផ្ដោតលើ​ការវិនិយោគ​លើមនុស្ស​ជំនាន់​ក្រោយ «ធនធាន​មនុស្ស ប្រព័ន្ធ​អាហារ​ប្រកបដោយ​និរន្តរភាព និងសកម្មភាព​ប្រឆាំង​នឹងការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការផ្តល់​អាហារ​តាមសាលារៀន» ដែលបាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៨ ដល់ ១៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល​សន្និសីទ នាទីក្រុង​ប៉ារីស ប្រទេស​បារាំង។

កិច្ចប្រជុំ​នេះ ក្រោមការរៀបចំ​ដោយប្រធានាធិបតី​នៃសាធារណរដ្ឋ​បារាំង ហើយលោក​បានចាត់​តំណាង​របស់ខ្លួន គឺលោកស្រី​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​អឺរ៉ុប និងការបរទេស ដើម្បី​ចូលរួម​ក្នុងកម្មវិធី​នេះ។


គួររំឭកបន្តិច​ថា ការបង្កើត​សម្ព័ន្ធភាព​នៃអាហារ​តាមសាលារៀន​នេះ ត្រូវបានកើត​ចេញពីការជជែក​ដេញដោល​កម្រិតខ្ពស់​ជាមួយ​ប្រធានាធិបតី​នៃសាធារណរដ្ឋ​បារាំង ប្រធានាធិបតី​នៃសាធារណ​រដ្ឋ​ហុងឌូរ៉ាស និងនាយក​ប្រតិបត្តិ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។

លោកស្រី​រដ្ឋលេខាធិការ​តំណាង​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​បារាំង បានសង្កត់ធ្ងន់​ទៅលើសារៈ​ប្រយោជន៍​នៃកម្មវិធី​អាហារ​តាម​សាលារៀន ដែលនោះ​មិនត្រឹមតែ​ផ្តល់​ដល់​កុមារ​នូវឱកាស​ទទួលបាន​ការសិក្សា​រៀនសូត្រ​នោះទេ តែវា​បានផ្តល់​ជាគុណប្រយោជន៍​ជាច្រើន​ដូចជា សុខភាព និងអាហារូបត្ថម្ភ បរិវត្តកម្ម​ប្រព័ន្ធ​ស្បៀង​អាហារ សកម្មភាព​បរិស្ថាន ការពង្រឹង​សន្តិភាព សមធម៌ និងសមភាព និងកំណើន​សេដ្ឋកិច្ច។


លោកស្រីក៏​បានឱ្យដឹង​ថា កិច្ចប្រជុំ​នេះ​មានគោលបំណង​ដូចជា បង្ហាញ​ពីការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់ប្រទេស​នានា​ក្នុងការពង្រីក និងវិនិយោគ​ក្នុងកម្មវិធី​អាហារតាម​សាលារៀន ដោយផ្តល់​ឱកាស​ដល់កុមារ​គ្រប់រូប​នៅជុំវិញ​ពិភពលោក​ទទួលបាន​នូវ​កម្មវិធី​នេះ។

បង្ហាញភាព​ជាអ្នកដឹកនាំ​នៃស្ថាប័ន​ក្នុង​តំបន់ និងបង្ហាញ​ពីចក្ខុ​វិស័យ​ក្នុង​តំបន់ និងការប្តេជ្ញា​ចិត្ត​ជាក់ស្តែង​កម្រិត​ជាតិ ដែលកើតចេញ​ពីកិច្ចប្រជុំ​ថ្នាក់​តំបន់​ជាបន្តបន្ទាប់​ក្នុង​ឆ្នាំ២០២៣។ ជួយ​សម្រួល​ដល់ការប្រកាស​របស់​ដៃគូ ដើម្បី​ចាប់ផ្តើម​គំនិតផ្តួចផ្តើម​ប្រកបដោយ​មហិច្ឆតា​ទាក់ទងនឹង​កម្មវិធី​អាហារ​តាម​សាលារៀន សកម្មភាព​អាកាសធាតុ និងការអប់រំ។ បង្ហាញ​កម្មវិធី​នយោបាយ​ច្បាស់លាស់ សំដៅ​លើកកម្ពស់​គុណភាព​កម្មវិធី និង ដាក់​កម្មវិធី​អាហារ​តាមសាលា​ក្នុង​របៀបវារៈ​ជាសកល ដើម្បី​រួមចំណែក​ក្នុងការដោះស្រាយ​បញ្ហាប្រឈម​ធំៗ​មួយចំនួន​ដែលកំពុង​ជួបប្រទះ និងការផ្លាស់ប្តូរ​គំរូ​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច និងសុខុមាល​ភាព ​ដែលរួមមាន​សន្តិភាព សាមគ្គីភាព​សង្គម និងស្ថិរភាព​សកល។

ក្នុងឱកាសនេះ​លោក ហង់ជួន ណារ៉ុន បានថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល នៃសាធារណរដ្ឋ​បារាំង និងសាធារណរដ្ឋ​ហ្វាំងឡង់ ដែលបាន​ផ្តួចផ្តើម​គំនិត​ក្នុងការរៀបចំ​ឱ្យមាន​កិច្ចប្រជុំ​នេះឡើង។

លោកថ្លែង​ថា ការប្រារព្ធ​វេទិកាសកល​នេះ ជាសក្ខីកម្ម​នៃការប្តេជ្ញាចិត្ត​រួមគ្នា របស់​ថ្នាក់ដឹកនាំ​ពីបណ្ដា​ប្រទេស ៩០ និងដៃគូ​អភិវឌ្ឍន៍ ៩៨ ដែលជា​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ ភ្នាក់ងារ​ផ្តល់​ជំនួយ អង្គការជាតិ-អន្តរជាតិ និងអ្នកស្រាវជ្រាវ ដើម្បី​បង្កើន​ការផ្តល់​អាហារ​តាមសាលារៀន​ឡើងវិញ និងការផ្លាស់ប្តូរ​សេវា​អប់រំ ក្នុង​សតវត្សរ៍​ទី២១។

លោកបានបន្ថែម​ថា ៖«រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រសួង​អប់រំ យុវជន និងកីឡា អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដើម្បី​បង្កើតជា​សំណាញ់​សុវត្ថិភាព​សម្រាប់​កុមារមក​ពី​គ្រួសារ​ក្រីក្រ ងាយរងគ្រោះ ដែលកំពុង​ប្រឈម​បញ្ហា អសន្តិសុខ​ស្បៀង និងកង្វះ​អាហារូបត្ថម្ភ»។

កម្មវិធី​នេះ​ក៏បានផ្តល់​អាហារូបត្ថម្ភ​បន្ថែម និងជួយ​កុមារ​បំបាត់ភាព​ស្រេកឃ្លាន​ក្នុងរយៈពេល​ខ្លី ដែលអាច​ឱ្យ​ពួកគេ​មករៀន​បានទាន់​ពេលវេលា កាត់បន្ថយ​អវត្តមាន ចូលរួម​សកម្មភាព​រៀនសូត្រ​បានល្អ កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា និងបង្កើន​អត្រា​បញ្ចប់ការសិក្សា​នៅកម្រិត​បឋមសិក្សា​ផងដែរ។

បន្ថែមពី​នោះ ក្រៅពីកម្មវិធី​ផ្ដល់​អាហារ​តាមសាលារៀន រាជរដ្ឋាភិបាល​កម្ពុជា បានសហការ​ជាមួយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក អនុវត្ត​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ជាស្បៀង ពី​ឆ្នាំ២០០៤-២០១៩ និងបាន​ពង្រីក​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ជាសាច់​ប្រាក់ ពី​ឆ្នាំ២០១១-២០១៨ ជូនដល់​សិស្សរៀន​ថ្នាក់ទី៤-ទី៦ មកពី​គ្រួសារ​ក្រីក្រ និងងាយ​រងគ្រោះ។

កម្មវិធី​ផ្ដល់​អាហារូបករណ៍​ជាស្បៀង និងជាសាច់​ប្រាក់​នេះ ត្រូវបាន​ផ្ទេរ​ជូនរាជ​រដ្ឋាភិបាល​ជាបណ្ដើរៗ ចាប់ពី​ឆ្នាំ២០១៥ រហូតផ្ទេរ​បញ្ចប់​ទាំងស្រុង​នៅឆ្នាំ២០១៩ ស្របតាម​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​តាមសាលារៀន ឆ្នាំ២០១៥-២០២១។

កម្មវិធី​នេះ ក៏បានរួម​ចំណែក​ដល់​ការជំរុញ​ឱ្យ​កុមារ មកចុះ​ឈ្មោះចូល​រៀន​ប្រកបដោយ​សមធម៌ ពង្រឹង​ប្រសិទ្ធភាព និងគុណភាព​អប់រំ បង្កើន​ការចូលរួម​ពីគ្រប់​អ្នកពាក់ព័ន្ធ៕

លោក​ គឹម​ ពន្លក​​​ អធិ​ការ​នគរ​បាល​ស្រុក​កំរៀងដែ​លត្រូវ​បាន​បញ្ឈប់ពីការងារ។ រូបថត ហ្វេសប៊ុក