កាកបាទក្រហម​កម្ពុជា និងក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃទីស្នាក់ការ​កណ្តាល បានរៀបចំ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ស្តីពី «អាហារូបត្ថម្ភ សុខភាព​បឋម និងការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក» ដល់កុមារ​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​ដែលកំពុង​ប្រឈមនឹង​ជំងឺនេះ។


ពិធី​សំណេះសំណាល សួរ​សុខទុក្ខ និងអប់រំ​នេះ ត្រូវបានរៀបចំ​ឡើងនៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅអគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម សាខាកាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក យូ ឡាណា អគ្គលេខាធិការរង​ទី២ កាកបាទក្រហម​កម្ពុជា និងជាអនុប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ។ នេះបើតាម​កាកបាទក្រហម​កម្ពុជា។

ក្នុងឱកាស​នោះ លោក វ៉ា សុភ័ក្រ្ត ប្រធាន​ការិយាល័យ​ការពារ​ជំងឺឆ្លង និង​មិនឆ្លង​នៃកាកបាទ​ក្រហម​កម្ពុជា និងជាលេខាធិការ​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បានជម្រាប​ជូនកុមារ​អំពី​បច្ចុប្បន្នភាព​នៃស្ថានភាព​មេរោគ​អេដស៍ ជំងឺ​អេដស៍ ដែលអត្រា​ឆ្លងមេរោគ​អេដស៍​នៅ​កម្ពុជា មាន ៨៧% គឺស្ថិតក្នុង​ចំណោម​យុវវ័យ​ដែលមាន​អាយុ​ចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។


ជាមួយគ្នានេះ លោកបានកោត​សរសើរ​និងលើកទឹកចិត្ត​ដល់កុមារ​រងគ្រោះ​ទាំងអស់ ត្រូវ​បន្តលេប​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ឱ្យបាន​ទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ដើម្បី​ឱ្យ​បរិមាណ​មេរោគ​អេដស៍​ក្នុងខ្លួន​ធ្លាក់ចុះ​រហូត​ដល់​មិនអាច​ចម្លង​មេរោគ​អេដស៍​ទៅកាន់​អ្នកដទៃ​បាន។

ចំណែក​លោកស្រី ហង្ស ណាវី នាយិកា​អគារ​ផ្កាម្លិះ​គាំទ្រ​ចិត្តសាស្ត្រ​សង្គម បានបង្ហាញ​ជូនក្មួយៗ​កុមារ​អំពី​អាហារូបត្ថម្ភ​ចំពោះ​សុខភាព ដោយបាន​បញ្ជាក់​ពីសារៈសំខាន់​នៃការទទួល​ទានអាហារ​ទាំង ៣ក្រុម រួមមាន អាហារ​ថាមពល អាហារ​សាងសង់ និងអាហារ​ការពារ។


ក្នុងនាម​កាកបាទ​ក្រហម​កម្ពុជា​លោក យូ ឡាណា បានគូសបញ្ជាក់​ថា «ក្មួយៗ​ទាំងអស់​ជាទំពាំង​ស្នងឫស្សី យុវជន​គឺជាអ្នក​បន្តវេន ហើយដែល​បញ្ហា​នៃការឆ្លង​មេរោគ​អេដស៍​នេះ ភាគច្រើន​កើតឡើង​ក្នុងចំណោម​យុវជន ដូច្នេះ​យុវជន​ត្រូវលើកកម្ពស់​ការយល់ដឹង​ដើម្បី​បង្ការខ្លួន​ពីមេរោគ​អេដស៍»។

លោកបានបញ្ជាក់​ថា កាកបាទ​ក្រហម​កម្ពុជា បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការកាត់​បន្ថយ​អត្រាឆ្លង​មេរោគ​អេដស៍ តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ ជាពិសេស​ការមិនរើសអើង​ចំពោះអ្នក​ផ្ទុកមេរោគ​អេដស៍។

លោកបន្ថែម​ថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ជាជំនួយការ​ឱ្យ​អាជ្ញាធរសាធារណៈ​ក្នុងវិស័យ​មនុស្សធម៌, ការងារ​អប់រំ​ផ្សព្វផ្សាយ គឺដើរតួនាទី​យ៉ាងសំខាន់​ក្នុងនោះ​មានការផ្សព្វផ្សាយ​ពីច្បាប់​មនុស្ស​ធម៌​អន្តរជាតិ គោលការណ៍​គ្រឹះរបស់​ចលនា​អន្តរជាតិ​កាកបាទក្រហម​និងអឌ្ឍចន្ទ​ក្រហម ការអប់រំ​ផ្សព្វផ្សាយ​ខាងផ្នែក​សុខភាព​ស្ត្រី​និងកុមារ សុខភាព​មនុស្ស​ចាស់ ជំងឺឆ្លង​រាតត្បាត​នានា ជាពិសេស​បញ្ហា​មេរោគ​អេដស៍​ជំងឺ​អេដស៍ អាហារូបត្ថម្ភ និងសុខភាព​បឋម។

បន្ថែមពីនេះ ក្នុងនាម​ជាសមាជិក​ទី ៨៥ របស់​សហព័ន្ធ​អន្តរជាតិ, កាកបាទ​ក្រហម​កម្ពុជា ក៏បានចូលរួម​ក្នុងការអនុវត្ត​ធម្មនុញ្ញ​ស្តីពី​អាកាសធាតុ និងបរិស្ថាន ដែលក្នុង​នេះ កាកបាទ​ក្រហម​កម្ពុជា បានចូលរួម​ជំរុញ​ប្រជាពលរដ្ឋ យុវជន ក្នុងការដាំដើម​ឈើ និងចូលរួម​ក្នុងការកាត់​បន្ថយការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ជាដើម។ លោក យូ ឡាណា បានមានប្រសាសន៍​ថា៖«ការកាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក គឺត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម​ពីយើង​ទាំងអស់គ្នា ដោយចាប់​ផ្តើម​អនុវត្ត យក​ថង់​ដែល​អាចប្រើប្រាស់​ឡើង​វិញ ឬថង់​បរិស្ថាន សម្រាប់​ទិញ​ទំនិញ ឬវេច​ខ្ចប់​អាហារ ជាដើម»៕