លោក Park Jung Wook ឯកអគ្គរដ្ឋ​ទូតសាធារណរដ្ឋ​កូរ៉េ​ប្រចាំនៅ​ព្រះរាជា​ណាចក្រ​កម្ពុជា បានបង្ហាញ​ជំហរ​ថា កូរ៉េ នឹងនៅ​បន្តគាំទ្រ​លើគម្រោង​អភិវឌ្ឍ​ក្នុងវិស័យ​មុខងារ​សាធារណៈ​នៅ​កម្ពុជា សំដៅ​ឈានទៅ​សម្រេច​នូវចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​លើកិច្ចការ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ។


ការបង្ហាញ​ជំហរ​របស់​ភាគី​កូរ៉េ បានលើកឡើង​នៅក្នុងជំនួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការ​ក្រសួង​មុខងារសាធារណៈ។ តាមរយៈ​ជំនួប​នេះ ថ្នាក់​ដឹកនាំ​ទាំងពីរ បានបង្ហាញ​ការសាទរ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី និងកិច្ចសហប្រតិបត្តិការរ​វាង​កម្ពុជា និងកូរ៉េ​ខាងត្បូង ដោយប្រទេស​ទាំងពីរ​បានរក្សា​ទំនាក់ទំនង​យ៉ាងល្អ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់​ដឹកនាំ​ជាបន្តបន្ទាប់ ក៏ដូចជា​ការសហការ​គាំទ្រ​ក្នុងនាមជា​ដៃគូ​អភិវឌ្ឍ​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំង​លើគម្រោង​អភិវឌ្ឍន៍​តាម​វិស័យ​ផ្សេងៗ​ក្នុងនោះក៏​មានវិស័យ​មុខងារសាធារណៈ​ផងដែរ។ នេះបើតាម​ក្រសួង​មុខងារសាធារណៈ។

ថ្លែងក្នុងជំនួប​នោះ លោក Park Jung Wook បានបញ្ជាក់​ពីជំហរ​ថា៖«សាធារណរដ្ឋ​កូរ៉េ នៅតែបន្ត​គាំទ្រ​កម្ពុជា ដើម្បី​ចូលរួម​ជាចំណែក និងបម្រើ​ជាប្រយោជន៍​ក្នុងការអនុវត្ត​នូវបេសកកម្ម​របស់​ក្រសួង ក៏ដូចជា​ឆ្ពោះទៅរក​ការសម្រេចនូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧ លើកិច្ចការ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​នៅកម្ពុជា»។


ជាការឆ្លើយតប លោក ហ៊ុន ម៉ានី បានបង្ហាញ​ការស្វាគមន៍​ចំពោះការបន្ត​គាំទ្រ និងកិច្ចសហការ​នានា របស់​ស្ថានទូត​កូរ៉េ ពិសេស​លើវិស័យ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែង​រំឭក​ពីកិច្ចសហ​ប្រតិបត្តិការ​កន្លងមក រវាង​កម្ពុជា​ជាមួយ​ភាគី​កូរ៉េ​ខាងត្បូង ជាពិសេស​ការចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​រវាង​ក្រសួង​មុខងារសាធារណៈ ជាមួយ​ក្រសួង​គ្រប់គ្រងបុគ្គលិក​នៃសាធារណរដ្ឋ​កូរ៉េ ស្តីពី «ការគ្រប់គ្រង​ធនធានមនុស្ស​ក្នុងវិស័យ​មុខងារ​សាធារណៈ» កាលពី​ឆ្នាំ២០២១។


កិច្ចសហការ​អនុវត្ត​គម្រោងអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​សាលា​ភូមិន្ទរដ្ឋបាល និងក្រសួង​មុខងារសាធារណៈ រយៈពេល ៣ ឆ្នាំ (២០១៩-២០២១) រវាង​សាលា​ភូមិន្ទរដ្ឋបាល និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) កិច្ចសហ​ប្រតិបត្តិការ​រវាង​ក្រសួង និងវិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ (KDI) ព្រមទាំងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យមុខងារសាធារណៈ (ACCSM និង ACCSM+3)។

គួររំឭកថា លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់បាន​លើកឡើង​ថា វិស័យ​មុខងារសាធារណៈ ​គឺជារឿង​អាទិភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧នេះ ខណៈ​លោកជំរុញ​ឱ្យគ្រប់​ភាគី​ពាក់ព័ន្ធ​បន្តកិច្ចសហ​ប្រតិបតិ្តការ ដើម្បី​លើកកម្ពស់​វិស័យ​នេះ តាមរយៈ​ការជំរុញ​នវានុវត្តន៍​ក្នុងវិស័យ​ផ្ទាល់ ក៏ដូចជា​ការទាញ​ប្រយោជន៍​ពីប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការអនុវត្ត​ការងារ​ឱ្យកាន់តែ​មានប្រសិទ្ធភាព ភាពឆ្លើយតប និងបរិយាបន្ន​ជាដើម៕

ទីកំណាយ​ដែល​បង្ហាញ​រោងចក្រ​ផលិតស្រា​​បៀរដ៏​ចំណាស់​។ រូបថត AFP