​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​គណៈប្រតិភូ បាន​បន្តដំណើរ​ចេញពី​ទីក្រុង​​ប៉េកាំង​ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ ​(ASEAN-GCC Summit) នៅ​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២៣ នៅ​រាជ​ធានី​រី​យ៉ា​ដ ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអ៊ូឌីត​។


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​ ១៨ ខែតុលា បានឱ្យដឹងថា ប្រតិភូ​កម្ពុជា​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី មាន​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ រួម​នឹង​ទេសរដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ព្រម​ទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​ផងដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​កំពូល​នេះ គឺជា​វេទិកា​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ ពិភាក្សា​រិះ​រកម​ធ្យោ​បាយ​នានា ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក រួមមាន​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ ទីក្រុង​ឆ្លាត ថា​ម​ពល ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ទេសចរណ៍ ជាដើម​»​។


​ប្រភព​ដដែល​បន្តថា កិច្ចប្រជុំ​កំពូល​នេះ​គ្រោង​នឹង​កត់សម្គាល់​នូវ​ឯកសារ​លទ្ធផល​ចំនួន ​២​។ ទី​១ សេចក្តីថ្លែងការណ៍​រួម​សម្រាប់​កិច្ចប្រជុំ​កំពូល និង​ទី២ ឯកសារ​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (​សម្រាប់​ឆ្នាំ​២០២៤-២០២៨)​។ អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​នេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ឥស្សរ​ជនបរទេស មួយចំនួន​នៅ​រាជ​ធានី​រី​យ៉ា​ដ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ជា​សមាជិក នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ដែរ​។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៩ ខែ​តុលា​ថា ការចូលរួម​នៃ​កិច្ចប្រជុំ​នេះ បង្ហាញឱ្យឃើញ​ពី​ភាព​សកម្ម​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្នុង​ឆាក​អន្តរជាតិ ក្នុង​នយោបាយ​អន្តរជាតិ​ជាច្រើន ដែល​មានន័យថា កម្ពុជា​ចូលរួម​រាល់​សកម្មភាព​ធំៗ​របស់​ពិភព​លោក​ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មានមុខ​លើ​ឆាក​អន្តរជាតិ​ច្រើន​។​


​លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​អ្វីដែល​យើង​ចង់​បានឱ្យ​កម្ពុ​ជាមាន​តួនាទី​កាន់តែច្រើន​សម្រាប់​កិច្ចការ​អន្តរជាតិ កិច្ចការ​តំបន់​ទាំងឡាយ​ដែល​កំពុងតែ​កើតមាន​ដ៏​ក្តៅគគុក​នេះ​។ ដូចនេះ ប្រសិនបើ​យើង​មាន​តួនាទី​នេះ​កាន់តែច្រើន មុខមាត់​កម្ពុជា​ក៏​ត្រូវបានគេទទួលស្គាល់​កាន់តែច្រើន​ផងដែរ​»​។​

​លោក យង់ ពៅ បាន​បន្ថែមទៀតថា​៖ «​ណាមួយ​កម្ពុជា​យើង​ក៏​ធ្លាប់​រងគ្រោះ​នឹង​សង្គ្រាម​ស៊ីវិល​ដែល​ត្រូវបាន​សហគមន៍​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​យើង​ផងដែរ ដែល​នៅពេលនេះ​យើង​ក៏ត្រូវ​ជួយ​ជ្រោមជ្រែង​នៅក្នុង​កិច្ចការ​អន្តរជាតិ​វិញ​»​។​

​លោក​ថ្លែងថា ការចូល​រួមទាំង​អស់នេះ មិនថាតែ​ការចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត ក៏ដូចជា​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​ផ្សេងទៀត គឺ​សុទ្ធតែ​បាន​ទាញ​ប្រយោជន៍​ប្រទេស​ជាតិ ប្រយោជន៍​ជា​គោ​លន​យោ​បាយ​ការបរទេស ប្រយោជន៍​ជា​ទំនាក់ទំនង​អន្តរជាតិ និង​ប្រ​យោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផងដែរ​។​

​លោក យង់ ពៅ ថ្លែងថា​៖ «​ជាធម្មតា​ប្រតិភូ​ធំៗ​កំពូលៗ​របស់​យើង​តែងតែ​ឆ្លៀត​ជួប​អ្នកការ​ទូត​ទាំង​ទ្វេភាគី និង​ពហុភាគី រួម​នឹង​អ្នកជំនួញ​ធំៗ​របស់​ពិភព​លោក​ដែរ ដែល​ទាំងអស់​នេះហើយ​ជា​អ្វីដែល​យើង​អាច​ផ្សព្វ​ផ្សាយ​ពី​គុណ​តម្លៃ​ការវិនិយោគ​នៅ​កម្ពុជា ដែល​ទាំងនេះ​ជា​ផល​​ចំណេញ​ដែល​កម្ពុជា​នឹង​ទទួល​​បាន​»​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែងថា កិច្ច​​ប្រជុំ​កំពូល​នេះ វា​ជា​ផល​ប្រ​យោជន៍​មួយ​សម្រាប់​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អា​រ៉ា​ប៊ី​ សា​អ៊ូ​ឌី​ត​នេះ កាន់តែ​កើនឡើង​មួយកម្រិត​ថែមទៀត​។​

​លោក​ថា ចាប់ពី​ឆ្នាំ​ ២០១៥ មកដល់​ឆ្នាំ​ ២០២១-២០២២ បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ​២​ មានការ​កើន​ឡើងជា​លំដាប់ ដែល ១​ ឆ្នាំៗ​កើន​ពី​ ៣០ ទៅ​ ៤០% ហើយ​គិត​ជា​ទឹកប្រាក់ ក្នុង​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​អារ៉ាប៊ីសាអ៊ូឌីត មាន​ប្រហែលជា​ ២៦​ លាន​ដុល្លារ ហើយ​បើ​ធៀប​ជា​មួយ​នឹង​ឆ្នាំ​ ២០២០ មាន​ ១៨ ​លាន​ដុល្លារ​អាមេរិក​។​

​លោក វណ្ណៈ ថ្លែងថា​៖ «​ខ្ញុំ​គិតថា ប្រទេស​អារ៉ាប់ ​ក៏​ជាទី​ផ្សារ​ធំ​ដែរ​ឱ្យតែ​យើង​មាន​ទំនាក់ទំនង​ល្អ យើង​ពង្រឹង និង​ពង្រីក​បន្ថែម​ទី​ផ្សារ​ថ្មី​ដើម្បី​ជំរុញ និង​បង្កើន​ការ​នាំចេញ ជាពិសេស​កសិផល​ខ្មែរ និង​ផលិតផល​ធ្វើដំណើរ​ជាដើម ដែល​កន្លងទៅ​យើង​ក៏បាន​នាំ​ចេញ​ផលិតផល​ទាំងអស់នេះ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រួម​នឹង​អង្ករ​ផងដែរ​»​។​

​នា​រសៀល​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ​ ២០២៣ ​នេះ ថ្នាក់ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត បានចេញ​ដំណើរ​ពីរ​ដ្ឋ​ធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្តទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ នៅ​ទីក្រុង​រី​យ៉ា​ដ ព្រះរាជា​ណា​ចក្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​៕