ភ្នំពេញ: ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ ដែលត្រូវបានរៀបចំឡើងនៅបរិវេណទីធ្លាវិទ្យាស្ថានបារាំងកម្ពុជា (IFC) កណ្ដាលរាជធានីភ្នំពេញ ចាប់ផ្ដើមបើកសម្ពោធក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ និងបន្ដរយៈពេល ១ ខែ។
លោក ទីណា ថ្លែងថា៖ «យើងមានមោទនភាពណាស់ដែលកម្ពុជានៅមានវត្ដមានសត្វផ្សោត ខណៈបណ្ដាប្រទេសផ្សេងៗបានផុតពូជអស់ទៅហើយ។ យើងចង់ឱ្យមានការស្វែងយល់អំពីរបៀបរស់នៅរបស់ផ្សោត និងភាពផុយស្រួយប៉ុនណាក្នុងការថែរក្សាពួកវា»។
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោកជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ ៦ ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។
យោងតាមអង្គការ WWF សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេចំនួន ៣ ប៉ុណ្ណោះក្នុងពិភពលោករួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ ២០២០ បានឱ្យដឹងថា សត្វផ្សោតទន្លេមេគង្គមានចំនួនសរុបប្រមាណតែ ៨៩ ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះសត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែងក្នុងចម្ងាយ ១៨០ គីឡូម៉ែត្រ។
ប្រជាជនកម្ពុជាមានជំនឿថា ផ្សោតទន្លេមេគង្គជារតនសម្បត្តិជាតិមានជីវិតដែល «ទីណាមានផ្សោតទីនោះមានត្រី»។ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ។
យ៉ាងណាក្តីការអភិរក្សសត្វផ្សោតមិនមែនជាកិច្ចការងាយស្រួលទេ។ ដោយសារផ្សោតមិនមែនជាអម្បូរត្រី លោក ទីណា បានឱ្យដឹងថា វាជាថនិកសត្វ ដែលជាហេតុធ្វើឱ្យកិច្ចការអភិរក្សជួបការលំបាក។ វាជាសត្វចិញ្ចឹមកូនដោយទឹកដោះ និងមានសួតដូចមនុស្ស ដែលទាមទារឱ្យពួកវាងើបពីផ្ទៃទឹក ដើម្បីដកដង្ហើម។
លោកបន្ដថា៖ «ផ្សោតរស់នៅជម្រកជាក់លាក់ ដែលនៅពេលទឹកឡើងហូរហៀរ ផ្សោត ១ ក្បាលបានវង្វេងផ្លូវទៅដល់ក្អមសំណ។ ពេលបានដឹងដំណឹងនេះ ក្រុមការងារយើងចេញទូកទៅកៀងពីក្អមសំណរហូតមកដល់អណ្ដូងវាវិញ»។ ចំណែកឯផ្សោត ២ ក្បាលទៀតជួបគ្រោះអកុសលបានស្លាប់ដោយសារជាប់មងប្រជានេសាទ ដែលលោករដ្ឋមន្ដ្រីថ្លែងថា វាជាប្រភេទមងដាក់យកត្រីធំៗ ខណៈ ១ ក្បាលទៀតស្លាប់ដោយសារចាស់ជរា។
លោក ទីណា ដែលយកចិត្ដទុកដាក់ខ្លាំងចំពោះសុខុមាលភាពសត្វកម្រប្រភេទនេះ បានទទូចសុំឱ្យប្រជានេសាទកុំប្រើមងក្រឡាធំ ជាពិសេស នៅបរិវេណហាមឃាត់នេសាទ ទោះបីជាពួកគេមិនមានគោលដៅប្រមាញ់ផ្សោតយ៉ាងណាក៏ដោយ។ ដើម្បីធានាវិធានការឱ្យមានប្រសិទ្ធភាព ក្រុមឆ្មាំទន្លេចំនួន ៧០ នាក់ ត្រូវបានប្ដូរវេនគ្នា ចេញល្បាត ៧ ថ្ងៃក្នុង ១ សប្ដាហ៍ និងប្រឈមសុវត្ថិភាពនៅតំបន់ចរន្ដទឹកហូរខ្លាំង ដែលបេសកកម្មរបស់ពួកគេបន្ដប្រមាញ់មងនៅក្បែរអន្លង់ផ្សោតជាហូរហែ។
លោក ទីណា និយាយថា៖ «ដោយមានការខិតខំប្រឹងពីគ្រប់ភាគី ១ ឆ្នាំចុងក្រោយនេះ យើងទទួលបានលទ្ធផលល្អមែនទែន។ ផ្សោតបានបង្កើតកូនបាន ៧ ក្បាល និងស្លាប់ ៤ ក្បាល»។
លោកបានស្នើឱ្យប្រជាជនធ្វើកិច្ចការរួមគ្នាតាមរយៈការណែនាំទាំងនៅលើដងទន្លេ និងនៅលើគោក ក៏ដូចជាការរៀបចំពិព័រណ៍ស្វែងយល់អំពីសត្វផ្សោត។
លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បន្ថែមថា៖ «សត្វផ្សោតនៅគង់វង្សដល់សព្វថ្ងៃនេះ ដោយសារតែប្រជាជនយើងជឿថា សត្វផ្សោតជាមនុស្ស។ ប៉ុន្ដែផ្សោតស្លាប់ជាយថាហេតុ ដោយសារតែប្រជានេសាទដាក់មងចង់បានត្រីធំ»។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជាបានឱ្យដឹងថា កម្ពុជាកំពុងយកចិត្ដទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សាសត្វផ្សោតទាំងនេះដល់ក្មេងជំនាន់ក្រោយ។ លោកបានឱ្យដឹងថា ចំនួនសត្វផ្សោតបច្ចុប្បន្ននេះ មានប្រមាណ ៩០ ក្បាល។ ក្នុងឆ្នាំ ២០២២ សត្វផ្សោតបានស្លាប់ក្នុងចំនួនខ្ពស់បំផុតពុំធ្លាប់មានក្នុងកំណត់ត្រារហូតដល់ ១១ ក្បាល។
លោកបន្ដថា៖ «នៅដើមឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម បានចាត់វិធានការតឹងរ៉ឹង និងជាក់លាក់តាមរយៈការអនុវត្ដច្បាប់ ការល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីទប់ស្កាត់ឧបករណ៍នេសាទខុសច្បាប់វិធានការអប់រំ ផ្សព្វផ្សាយអំពីសារៈសំខាន់ អំពីគុណតម្លៃរបស់សត្វផ្សោត»។
ក្រៅពីសត្វផ្សោត ដងទន្លេមេគង្គជាជម្រកវារីសត្វយក្សជាច្រើនទៀត ដូចជា បបែល កន្ធាយក្បាលកង្កែប ត្រីរាជ ត្រីគល់រាំង និងសត្វកម្រៗជាច្រើនទៀត។ បបែលទឹកសាបបានជាប់ក្នុងសៀវភៅកំណត់ត្រាហ្គីនណេសពិភពលោក។
លោក សេង ទៀក ឱ្យដឹងថា ការតាំងបង្ហាញរូបថតសត្វផ្សោតទន្លេនាពេលនេះ គឺជាសក្ខីភាព និងកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតដែលក្រសួងកសិកម្ម អង្គការ WWF និងវិទ្យាស្ថានភាសាបារាំង បានរួមគ្នាធ្វើក្នុងបំណងផ្សព្វផ្សាយឱ្យសាធារណជនបានដឹងពីតម្លៃពីបញ្ហាប្រឈមនានារបស់សត្វផ្សោត និងពិសេស ខិតខំប្រឹងប្រែងទទួលខុសត្រូវលើការគ្រប់គ្រងសត្វផ្សោតឱ្យនៅគង់វង្ស។
លោកបញ្ជាក់ថា ការតាំងពិព័រណ៍នេះ អាចទាក់ទាញមនុស្សចូលរួមទស្សនាប្រមាណ ៥ ម៉ឺននាក់ក្នុងរយៈពេល ៣០ ថ្ងៃ។
លោក ទីណា បញ្ជាក់ថា ការចូលរួមសំខាន់បំផុតគឺប្រជានេសាទខ្លួនឯង ដែលមិនគួរមើលឃើញតែអត្ថប្រយោជន៍រយៈពេលខ្លី តែផ្ដោតលើការប្រមូលផលប្រកបដោយចីរភាព និងអភិរក្សដល់សត្វកម្រថែមទៀត។ ផលនៃការបង្ក្រាបនេសាទខុសច្បាប់រួមគ្នា គឺទិន្នផលត្រីច្រើន ដែលផ្ដោតលើទាំងប្រជានេសាទ និងអតិថិជនទិញក្នុងតម្លៃថោកជាងមុន។
លោករដ្ឋមន្ដ្រីបន្ថែមថា ការតាំងពិព័រណ៍រូបថតសត្វផ្សោតដែលអាចមានចំនួនអ្នកទស្សនា ៥ ម៉ឺននាក់ក្នុងរយៈពេល ១ ខែនេះ ពួកគេនឹងបានឃើញ បានយល់ និងបានដឹងអំពីការលំបាក ការប្រឈម និងអ្វីដែលត្រូវធ្វើតទៅមុខទៀត ដើម្បីថែរក្សាសត្វកម្រនេះដល់កូនចៅជំនាន់ក្រោយៗទៀត។
អ្នកនាង មាស សុខសោភា ជាតារាចម្រៀង ជាទូតសុឆន្ទៈក្នុងកិច្ចអភិរក្សសត្វផ្សោត បានបង្ហាញអំពីអារម្មណ៍រំភើបរីករាយ ពេលបានទស្សនាវីដេអូចម្រៀងរបស់ខ្លួន ដែលផ្ដិតយកទិដ្ឋភាពជាក់ស្ដែងនៅតំបន់អន្លង់ផ្សោត។ «ខ្ញុំបានឃើញសត្វផ្សោតនៅពេលថតវីដេអូចម្រៀងប៉ុន្មានថ្ងៃនេះ និងមានច្រៀងបទចម្រៀង «ផ្សោតដួងចិត្ដ» ដែលបញ្ជាក់ថា សត្វផ្សោតរបស់យើងនៅមានរូបរាង។ សត្វផ្សោតពិតជាអស្ចារ្យមែនទែន ពីព្រោះផ្សោតដកដង្ហើមតាមសួត និងចិញ្ចឹមកូនដោយបំបៅដោះ ដូចមនុស្សស្រីយើង»។
តារាចម្រៀង ដែលទទួលការស្នើសុំពីលោករដ្ឋមន្ដ្រីកសិកម្មធ្វើជាទូតសុឆន្ទៈអភិរក្សសត្វផ្សោត បានស្នើឱ្យប្រជាពលរដ្ឋចូលរួមអភិរក្ស និងទៅទស្សនាសត្វផ្សោតផ្ទាល់ភ្នែកឱ្យបានម្ដងក្នុងឆាកជីវិត។
សម្លឹងទៅមុខដោយក្តីសង្ឃឹម លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ក្នុងរយៈពេល ១០ ឆ្នាំទៅមុខសត្វផ្សោតនឹងត្រូវបានដកចេញពីបញ្ជីប្រភេទសត្វជិតផុតពូជ។
ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គធ្វើឡើងចាប់ពីថ្ងៃទី ១៨ ខែតុលា ហើយនឹងដំណើរការរយៈពេល ៣០ ថ្ងៃ នៅវិទ្យាស្ថានបារាំងកម្ពុជា (IFC)៕