ភ្នំពេញៈ អាស៊ាន​បាន​ថ្កោល​ទោស​ចំពោះ​ការទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​ជំរំ​ជនភៀសខ្លួន​ក្នុង​រដ្ឋកា​ឈិន ​(Kachin)​ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​កើតឡើង​កាលពី​ប្រមាណ​ ១០ ​ថ្ងៃមុន​ ហើយ​បាន​បណ្តាលឱ្យ​ជន​​ស៊ីវិល​ដែល​ត្រូវបាន​រាយ​ការណ៍​ថា​មាន​ចំនួន​ ២៨​ នាក់​បាន​ស្លាប់ ដែល​ក្នុងនោះ​មាន​កុមារ​យ៉ាងតិច​ ១២ ​នាក់​ផង​។​


​អាស៊ាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ពីថ្ងៃ​ទី ​១៧ តុលា ថា​៖ «​យើង​ដែលជា​រដ្ឋ​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​(​អាស៊ាន​)​ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​ថ្កោលទោស​ចំពោះ​ការទម្លាក់​គ្រាប់​បែក​ដែល​ត្រូវបាន​រាយការណ៍​ថា ​បាន​ប៉ះពាល់​ដល់​ជំរំ​ជនភៀសខ្លួន​របស់​ប្រទេស​នេះ​នៅ​តំបន់ ​MunglaiHkyet រដ្ឋ Kachin កាលពី​ថ្ងៃទី ​៩ ខែតុលា ដែល​បាន​បណ្តាលឱ្យ​ជន​ស៊ីវិល​ជាច្រើន​នាក់​បាន​ស្លាប់​ដែល​ក្នុងនោះ​មាន​កុមារ​ផងដែរ​»​។

​ជាមួយគ្នានេះ​អាស៊ាន​បាន​អំពាវនាវ​សាជាថ្មី​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ទម្រង់​នៃ​អំពើហិង្សា ជាពិសេស​អំពើហិង្សា​ដែល​ប៉ះពាល់​ដល់​ជន​ស៊ីវិល និង​អនុវត្ត​ការអត់ធ្មត់​ជា​អតិបរមា​ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការសន្ទនា​ប្រកប​ដោយ​បរិ​យាប​ន្ន​ក្នុង​ការឈាន​ឆ្ពោះទៅរក​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ​ចំពោះ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​។​


​សេចក្តីថ្លែងការណ៍​ដដែល​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ១៨ តុលា បញ្ជាក់ថា​៖ «​យើង​សូមបញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី និង​យូរ​អង្វែង​ចំពោះ​វិបត្តិ​ដែល​កំពុង​កើតមាន​តាមរយៈ​ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ ទ​(​កុងសង់ស៊ីស​) ៥​ ចំណុច​របស់​អាស៊ាន សម្រាប់​សន្តិភាព សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​»​។​

​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃទី​ ១៣ ខែតុលាថា​៖ «​យោធា​មី​យ៉ាន់​ម៉ា​បានសម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោចណាស់​ ២៨ ​នាក់​នៅក្នុង​ការវាយប្រហា​រ​តាម​អាកាស​លើ​ជំរំ​ជនភៀសខ្លួន ដែលជា​ការវាយប្រហារ​មួយ​អាច​ឈានដល់​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ យ៉ាងហោចណាស់​មាន​កុមារ​ចំនួន ​១២​ នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ចំនួន ៥៧ នាក់ បាន​រងរបួស​»​។​


​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅ​ម៉ោង​ប្រហែល​ ១១:៣០​ នាទី យប់​ថ្ងៃទី​ ៩ ខែតុលា យោធា​មី​យ៉ាន់​ម៉ា​បាន​បើក​ការវាយប្រហារ​លើ​ជំរំ​ជនភៀសខ្លួន MunglaiHkyet នៅក្បែរ​ទីប្រជុំជន ​Laiza ​ក្នុង​រដ្ឋ Kachin ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា​ជាមួយ​ប្រទេស​ចិន​។​

​បើតាម​របាយការណ៍​ដ​ដែល សាក្សី​បាន​ប្រាប់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា គ្រាប់បែក​ដ៏​ធំ​មួយ​បាន​ផ្ទុះ​នៅ​ជិត​ជំរំ​នេះហើយ​ក្រោយមក​ក៏មាន​ការបាញ់​កាំភ្លើងត្បាល់​ចេញពី​ទីតាំង​យោធា​មី​យ៉ាន់​ម៉ា​នៅក្បែរនោះ​។​

​អង្គការ​លើកលែងទោស​អន្តរ​ជាតិ​បញ្ជាក់ថា គ្រួសារ​ជន​ភៀស​ខ្លួន​ប្រមាណ​ ១៥០​ គ្រួ​សារបាន​ស្នាក់នៅ​ជំរំ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ផ្ទះ​ជន​ស៊ីវិល​ផ្សេងទៀត​ក្នុងភូមិ ​MunglaiHkyet​។ ជំរំ​នេះ​មាន​ចម្ងាយ​ជិត​ ៥​ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ Laiza​ ដែលជា​ទីស្នាក់ការ​កណ្តា​ល​របស់​«​អង្គការ​ប្រដាប់អាវុធ​ឯករាជ្យ​កា​ឈិន ​(KIO/A)» ​ដែលជា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​ដែល​បាន​ប្រយុទ្ធ​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​បើតាម​របាយការណ៍​ដ​ដែល យោធា​មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា វា​ជាការ​ផ្ទុះ​ទីតាំង​មួយ​ដែល​អង្គការ​ប្រដាប់អាវុធ​ KIO/A រក្សាទុក​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​។​

​របាយការណ៍​អង្គ​ការលើក​​លែង​ទោស​អន្តរជាតិ​លើកឡើងថា ការលើកឡើង​របស់​យោធា​មី​យ៉ាន់​ម៉ា​នោះ​ផ្ទុយគ្នា​នឹង​ការលើកឡើង​របស់​សាក្សី​ដែលមាន​ភាព​ស៊ីចង្វាក់​គ្នា ដែលថា ការផ្ទុះ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការ​វាយ​ប្រហារ​។ លើសពីនេះ គ្រាប់បែក​នេះ​បាន​ធ្លា​ក់នៅ​ទីវាល​ចំហ​ដ៏​ធំ​មួយ​ដែលមាន​ចរាចរណ៍​យានយន្ត​ជាធម្មតា​ទំនង​មិនមែនជា​កន្លែង​ផ្ទុក​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ទេ​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៩ តុលា​ថា លោក​ក៏​សម្ដែង​ការ​សោកស្ដាយ​ផងដែរ​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​អំពើហិង្សា ជាពិសេស​ការទម្លាក់​គ្រាប់បែក​សម្លាប់​ជន​ស៊ីវិល​ទៀត​នេះ​។

​លោក​បាន​ថ្លែងថា នេះ​ជា​សោកនាដកម្ម​មិនគួរ​កើតមាន​នៅក្នុង​សម័យ​ទំនើប ជាពិសេស​ក្នុង​តំបន់​អាស៊ាន ដែល​កំពុងតែ​ផ្ចុងផ្តើម​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន​។​

​លោក​ថា​៖ «​នេះ​ជា​បរាជ័យ​របស់​សហគម​ន៍​អន្តរជាតិ​និយាយ​ជារួម និយាយ​ដោយឡែក​គឺ​សហគមន៍​អាស៊ាន​ដែល​មិនបាន​ទាញ​ប្រទេស​ភូមា​ទី ក្រុង​រដ្ឋបាល​របស់​ណៃ​ពិដោ​ឱ្យមក​ស្ថិតក្នុង​សភាព​ដើម​វិញ​ក៏ដូចជា​ឱ្យ​អនុវត្ត​ឱ្យខាងតែបាន​កុងសង់ស៊ីស​៥​ចំណុច​ដែល​អាស៊ាន​បានដាក់​ពី​ឆ្នាំ ​២០២១ មក​...»​។​

​លោក​បាន​បន្ដថា​៖ «​ខណៈ​នេះ​ជាការ​សង្កេត​របស់ខ្ញុំ​ផ្ទាល់​ហាក់​ដូចជា​នៅ​ទ្រឹង ហើយ​កាន់តែ​អាក្រក់​ទៅទៀត​ក្នុងខណៈដែល​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន ប៉ុន្តែ​ហាក់ដូចជា​មិនមាន​វិធានការ​ឬក៏​យន្តការ​ណាមួយ​ដែល​គួរឱ្យកត់សម្គាល់​ទាល់​​តែ​សោះ​សម្រាប់​ការវិល​ត្រឡប់មក​ប្រក្រតីភាព​វិញ​របស់​មី​យ៉ាន់​​ម៉ា​នេះ​។ អ៊ីចឹង​នេះ​ជា​រឿង​គួរឱ្យ​សោកស្ដាយ និង​ខាត​ពេលវេលា​សម្រាប់​ស្វែងរក​សន្តិភាព​»៕