អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(​អ​.​វ​.​ត​.​ក​.) និង​ស្ថាប័ន​ផ្សព្វផ្សាយ​អប់រំ​កម្ពុជា​ (EBC) កាលពី​ថ្ងៃទី​ ១៩​ ខែតុលា ឆ្នាំ ២០២៣ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ ដើម្បី​ផលិត​ និង​ផ្សព្វផ្សាយ​មាតិកា​អប់រំ​ឌីជីថល ដែលមាន​គោលបំណង​អប់រំ​សាធារណជន អំពី​ការជំនុំជម្រះ​ក្តី ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការងារ និង​កេរដំណែល​របស់ អ​.​វ​.​ត​.​ក​.​។​


​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​អនុស្សរណៈ​នេះ បានឱ្យដឹងថា មាតិកា​វីដេអូ​មួយផ្នែក ដែល​គ្រោង​នឹង​ផលិត នឹង​ផ្តោតលើ​សេចក្តីថ្លែងការណ៍​របស់​ជនរងគ្រោះ ដែល​បាន​ធ្វើឡើង​ក្នុងអំឡុងពេល​សវនាកា​រ​កាត់សេចក្តី ដែលមាន​លំនាំ​តាម​កម្មវិធី​ទូរ​ស្សន៍ «​រឿង​របស់ខ្ញុំ​» ឬ My Story​។ បើតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ អ​.​វ​.​ត​.​ក​. មាន​ភារកិច្ច​ជា​ចម្បង​សម្រាប់​ដំណាក់កាល​ដំបូង ចាប់ពី​ការរៀបចំ​បង្កើត​ខ្លឹមសារ​សាច់រឿង និង​ការប្រមូល​ព័ត៌មាន រហូតដល់​ការជ្រើសរើស​តួអង្គ និង​ការសរសេរ​សាច់រឿង

​ខណៈដែល EBC ទទួលខុសត្រូវ​ចំពោះ​ដំណាក់កាល​ចុងក្រោយ ចាប់ពី​ការថត និង​ការកាត់ត រហូតដល់​ការចែក​ចាយ និង​ការផ្សព្វផ្សាយ​។​


​លោក ក្រាញ់ តូ​នី ប្រធាន​រដ្ឋបាល​ស្តីទី​នៃ អ​.​វ​.​ត​.​ក​. មានប្រសាសន៍ថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​មុខងារ​សេសសល់ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​អប់រំ​សាធារណជន ក៏ដូចជា​ផ្សព្វផ្សាយ​អំពី​ការងារ​និង​កេរដំណែល​របស់ អ​.​វ​.​ត​.​ក​.»​។

លោក​មានប្រសាសន៍​បន្ថែ​ម​ថា​៖ «​មាតិកា​វីដេអូ ដែល​យើង​នឹង​សហការ​ផលិត​ជាមួយ EBC នេះ នឹង​ប្រើប្រាស់​ជា​ឧបករណ៍​អប់រំ​និង​ផ្សព្វផ្សាយ ដែល​ខ្លឹមសារ​របស់​វីដេអូ គឺ​ដកស្រង់​ចេញពី​ឯកសារ កំណត់ត្រា និង​បណ្ណសារ ដែល​រំលេច​នូវ​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​ការជំនុំជម្រះ​ក្តី និង​ការស៊ើបអង្កេត​ក្តី​ក្នុង​រយៈពេល ​១៦ ​ឆ្នាំ​។ វីដេអូ​អប់រំ​ទាំងនេះ នឹង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​សកម្មភាព​អប់រំ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ការងារ​របស់ អ​.​វ​.​ត​.​ក​. សម្រាប់​យុវជន​ជំនាន់​ក្រោយ​»​។​


​លោក​បន្ថែមថា ផ្អែក​តាម​លទ្ធផល​រំពឹងទុក​ពី​ការអនុវត្ត​គម្រោង​រួមគ្នា លោក​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា EBC និង ECCC នឹង​ជំរុញឱ្យមាន​សហ​ថាមភាព ​(Synergy) ក្នុង​ការផ្ទេរ​ចំណេះដឹង និង​ជំនាញ​ដែលមាន​លក្ខណៈ​ពហុ​វិស័យ រួមទាំង​ធនធានមនុស្ស និង​បទពិសោធន៍​អនុវត្ត​ល្អៗ​របស់ អ​.​វ​.​ត​.​ក​. ទៅ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ដល់​ការកសាង​សមត្ថភាព និង​ផ្តល់​សេវាសាធារណៈ​មួយ​ប្រកបដោយ​គុណភាព តាមរយៈ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​អប់រំ​និង​បណ្តុះបណ្តាល​ឱ្យមាន​គុណភាព​និង​សមត្ថភាព ប្រកបដោយ​បរិ​យាប​ន្ន​។​

​ជាមួយគ្នានេះ លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ស្តីពី​ការបង្កើត​និង​ប្រតិបត្តិការ​ថ្នាល​អប់រំ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មានប្រសាសន៍ថា ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅថ្ងៃនេះ នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ការអនុវត្ត​គម្រោង​រួមគ្នា​រវាង EBC និង ECCC​។

​លោក​បន្ថែមថា​អនុស្សរណៈ​នេះ​នឹង​ផ្តោតលើ​ការផលិត​មាតិកា​ឌីជីថល ឯកសារ​វីដេអូ និង​ការផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​ដំណើរការ​កាត់សេចក្តី​នៃ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ដើម្បី​ជំរុញ​ការយល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​បានផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ទាំង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ​ទាំង​អ្នក​នៅរស់​ដល់​សព្វថ្ងៃនេះ​។

​លោក​មានប្រសាសន៍​បន្ត​ថា​៖ «​ការផលិត​មាតិការ​ឌីជីថល​និង​កិច្ចការងារ​ផ្សព្វផ្សាយ​នេះ នឹង​ជួយ​ឱ្យ​ក្មេងជំនាន់ក្រោយ​អាច​ដឹង​ការពិត​ទាក់ទង​នឹង​អ្វីដែល​បាន​កើតឡើង​នៅក្រោម​របប​ខ្មែរក្រហម​»​។​

​គួរ​ជម្រាប​ថា ក្រោយពី​បានបញ្ចប់​ដំណើរការ​កាត់សេចក្តី​ដោយ​ជោគជ័យ​កាលពី​ចុងឆ្នាំ ​២០២២ ​កន្លងមក អ​.​វ​.​ត​.​ក​. ត្រូវ​បានផ្តល់​អាណត្តិ​ឱ្យ​អនុវត្ត​មុខងារ​សេសសល់​របស់ខ្លួន សម្រាប់​រយៈពេល​៣​ឆ្នាំ​ដំបូង​ពី​ឆ្នាំ​២០២៣ ដល់​២០២៥ ដែល​រួមមាន​មុខងារ​គតិយុត្តិ និង​មិនមែន​គតិយុត្តិ ជាពិសេស​ស ធ្វើការ​អប់រំ និង​ការផ្សព្វផ្សាយ​អំពី​បណ្ណសារ​នៃ​សំណុំរឿង​និង​សមិទ្ធផល​ការងារ​សម្រេចបាន​រប​ស់​អ​.​វ​.​ត​.​ក​.៕