​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បាន​ជួបពិភាក្សា​ការងារ​រួមគ្នា ដើម្បី​ជំរុញ​លើ​កិច្ចសហការ​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា សំដៅ​កសាង​ធនធានមនុស្ស​ឱ្យ​កាន់​តែមាន​គុណភាព​ថែមទៀត​។


​កិច្ចពិភាក្សា​រវាង​ភាគី​ទាំង ២ បាន​ធ្វើឡើង​តាមរយៈ​វេទិកា​អន្តរជាតិ​លើក​ទី​១០ ស្តីពីជំនាញរៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​ ១៧-១៩ ខែតុលា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​ក្រសួង​អប់រំ បាន​បង្ហោះ​ខ្លឹមសារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។

​លោក អ៊ុម រម្យ​ណី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កម្មវិធី​នេះ បាន​លើកឡើងថា វេទិកា​នេះ ធ្វើឡើង​ក្នុង​គោលបំណង កំណត់​ទិសដៅ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​នៃ​ការអប់រំ​តាមរយៈ​បរិវត្ត​កម្ម​នៃ​ការអប់រំ ជាពិសេស​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ វេទិកា​អប់រំ​ឌីជីថល បញ្ញា​សប្ប​និម្មិត និង​ទិន្នន័យ​ធំ និង​ពង្រីក​តួនាទី​នៃ​ការអប់រំ និង​ការបណ្តុះបណ្តាល​ក្នុងការ​បង្កើត​ធនធានមនុស្ស​ដែលមាន​បំ​ណិ​ន​ឌីជីថល និង​ភាព​ធន់​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​។​


​លោក​បន្តថា​៖ «​តាមរយៈ​វេទិកា​នេះ ក៏​ធ្វើឡើង​ក្នុង​បំណង​ការដាក់បញ្ចូល​ការ​បម្រែបម្រួល​អាកាសធាតុ​ក្នុង​កម្មវិធីសិក្សា ការអភិវឌ្ឍ​ជំនាញ និង​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​នវានុវត្តន៍ និង​លើកកម្ពស់​នៃ​ការវិនិយោគ​ក្នុង​វិស័យ​អប់រំ តាមរយៈ​អភិក្រម​ពហុ​វិស័យ និង​អន្តរ​វិស័យ​ផងដែរ​»​។

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ បានឱ្យដឹង​ទៀតថា តាមរយៈ​វេទិកា​នោះ គណៈប្រតិភូ​អប់រំ​កម្ពុជា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​រិះរក​យុទ្ធសាស្ត្រ​លើ​កិច្ចសហការ​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ជាពិសេស​លើ​ការអប់រំ​កម្រិត​មធ្យមសិក្សា បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​អប់រំ និង​ការកសាង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​អប់រំ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។


​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជាបាន​ថ្លែងថា ការធ្វើកំណែទម្រង់​វិស័យ​អប់រំ​របស់​ក្រសួង តាមរយៈ​ការពង្រឹង​វិជ្ជាជីវៈ​គ្រូបង្រៀន ការអភិវឌ្ឍ​ជំនាញ និង​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង

​នវានុវត្តន៍ និង​ការលើកកម្ពស់​កិច្ចសហការ​ជាមួយ​គ្រប់ភាគី ទាំង​វិស័យ​សារ​ធារ​ណៈ និង​វិស័យ​ឯកជន ពិសេស​ធនាគារ ADB ដើម្បី​ពង្រឹងគុណភាព​អប់រំ​កម្ពុជា​ឱ្យ​រីកចម្រើន​ទៅមុខ​។​

​លោក​បន្តថា​៖ «​វិស័យ​អប់រំ​កម្ពុជា ត្រូវការ​កិច្ចសហការ​នានា​លើ​ការពង្រឹង​ធនធានមនុស្ស​លើ​វិស័យ​អប់រំ​បន្ថែម ដូច្នេះ​ការជួយ​គ្នា​ពី​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា​ដែលមាន​បទពិសោធន៍​លើ​វិស័យ​អប់រំ និង​បច្ចេកវិទ្យា មកជួយ​ដល់​ប្រទេស​ដែល​មិនទាន់មាន​ការរីកចម្រើន​ខ្លាំង​លើ​ជំនាញ​នេះ គឺជា​រឿង​ចាំបាច់​ដើម្បី​ជំរុញ​គុណភាព​ធនធានមនុស្ស​ក​ម្ពុ​ជា​»​។​

​យ៉ាងណាមិញ លោក​ថា ទន្ទឹម​ការពិភាក្សា​នេះដែរ លោក​ជំរុញ​ឱ្យ​ក្រសួង​បន្ត​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​តាមរយៈ​ការដំឡើងប្រាក់បៀវត្សរ៍ និង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​គ្រូ អាច​ទៅ​បង្រៀន​នៅតាម​សាលារៀន​នៅ​តំបន់​ដាច់ស្រយាល​សំដៅ​ទទួលបាន​គុណភាព​អប់រំ​ស្មើគ្នា​ផងដែរ​។

​តាមរយៈ​វេទិកា​ខាងលើនេះ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត គណៈប្រតិភូ​អប់រំ​កម្ពុជា ក៏បានផ្តល់​បទ​អន្តរាគមន៍​ស្តីពី​អាទិភាព និង​គោលនយោបាយ​អប់រំ​កម្ពុជា​ក្នុង​ការកសាង​ធនធានមនុស្ស​ដែលមាន​គុណសម្បទា​ឌីជីថល និង​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​។​

​តាមរយៈ​បទ​អន្តរាគមន៍​នោះ កម្ពុជា​បានលើកឡើង​ពី​ការរៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​គាំទ្រ​បរិវត្ត​កម្ម​ឌីជីថល​នៃ​ការអប់រំ និង​ភាព​ធន់​នឹង​ប​ម្រែ​ប​ម្រែ​ល​អាកាសធាតុ​ទៅក្នុង​គ្រប់​អនុវិស័យ ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​, ការបញ្ជ្រាប​គោល​គំនិត និង​វិធីសាស្ត្រ​នៃ​ការអប់រំ​ឌីជីថល ការកសាង​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន ក្នុងការ​គាំទ្រ​ការអនុវត្ត​គោលនយោបាយ និង​គម្រោង​ស្តីពី​ការអប់រំ​ឌីជីថល​៕