នាយករដ្ឋមន្ត្រី​វៀតណាម លោក​ ផាម មី​ញ​ជី​ញ (Pham Minh Chinh) បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ត្រីភាគី ប្រទេស​ ៣ គោលដៅ​តែមួយ (Three Countries One Destination) ក៏ដូចជា​គម្រោង​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ និង​ការតភ្ជាប់​ផ្លូវដែក​។ នេះ​បើ​យោងតាម​តេ​ឡេ​ក្រាម​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។​


​តាម​ប្រភព​ដដែល​បានឱ្យដឹងថា នា​ព្រឹក​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ផាម មី​ញ​ជី​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​” នៅ​ទីក្រុង​រី​យ៉ា​ដ ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអ៊ូឌីត​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក ផាម មី​ញ​ជី​ញ បាន​អបអរសាទរ​សាជាថ្មី​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​ការ​ចូលកាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា រួមជាមួយ​នឹង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង​ជូន លោក ហ៊ុន សែន ផងដែរ​។


លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏បាន​ថ្លែង​កោតសរសើរ​ថា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុង​រយៈកាល​កន្លងមក​នេះ ប្រទេស​កម្ពុ​ជាមាន​លំនឹង​ស្ថិរភាព និង​វឌ្ឍនភាព​រីកចម្រើន​លើ​គ្រប់​វិស័យ គួរឱ្យកត់សម្គាល់​។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​៖ "​ប្រទេស​វៀតណាម​កំពុងតែ​រៀបចំ​ចាំ​ទទួល​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​ធិបតី ទៅកាន់​ប្រទេស​វៀតណាម នាពេល​ឆាប់ៗ​ខាងមុខនេះ​"​។​

​ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកនាយក​រដ្ឋមន្ត្រី​ ផាម មី​ញ​ជី​ញ ម្តងទៀត​ជា​លើក​ទី​៤ បន្ទាប់ពី​ជំនួប​ចុងក្រោយ ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៨ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក ព្រមទាំង​បាន​រំឭក​ផងដែរ​អំពី​លទ្ធផល​សំខាន់ៗ នៃ​ជំនួប​ពិភាក្សា​ជាមួយ លោក​ប្រធាន​រដ្ឋ​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​៣” នៅ​រដ្ឋធានី​ប៉េកាំង កន្លងទៅ​ថ្មីៗ​នេះ ជាពិសេស​ការពិភាក្សា​អំពី​ការចរចា​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ ដែល​ការតភ្ជាប់​នេះ នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​។​


​តាម​ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹងថា ជា​លទ្ធផល​នៃ​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត ជាពិសេស លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បានបញ្ជាក់​អំពី​ការគាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​ត្រីភាគី កម្ពុជា​-​ឡាវ​-​វៀតណាម “​ប្រទេស​បី គោលដៅ​តែមួយ (Three Countries One Destination) ក៏ដូចជា​គម្រោង​នៃ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បាវិត​-​ហូជីមិញ និង​ការតភ្ជាប់​ផ្លូវដែក​។ ក្រៅពីនេះ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ សន្តិសុខ និង​ការអនុវត្ត​ច្បាប់ ជាដើម​៕​