គណៈប្រតិភូ​រដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម (CLV) បានបើក​កិច្ចពិភាក្សា និងជំរុញ​ឱ្យមានការវិនិយោគ​លើវិស័យ​ជាច្រើន ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស និងភេរវកម្ម​ឆ្លងដែន​នៃប្រទេស​ទាំងបី ខណៈភាគី​កម្ពុជា​បង្ហាញការគាំទ្រ​ជំរុញ​បញ្ចប់ការ​បោះបង្គោល​ព្រំដែន ដើម្បី​ធ្វើឱ្យ​ព្រំដែន​ទាំងបី ក្លាយជា​ព្រំដែន​សន្តិភាព​និងអភិវឌ្ឍន៍​យូរអង្វែង។


ការពិភាក្សា​នេះ ត្រូវបានធ្វើ​ឡើងនៅក្នុង​ខេត្ត​ចំប៉ាសាក់ ក្នុងចំណោម​ខេត្តចំនួន ៤ របស់​ឡាវ ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍ នៅថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៣។

រដ្ឋសភា​កម្ពុជា កាលពីថ្ងៃ​ទី២០ខែតុលា បានផ្សព្វផ្សាយ​ខ្លឹមសារ​នៃកិច្ចពិភាក្សានោះ​ថា គណៈប្រតិភូ​រដ្ឋ​សភា កម្ពុជា-ឡាវ-វៀតណាម បានស្ដាប់​របាយការណ៍​និងពិភាក្សា​ជាមួយ​អភិបាល​ខេត្ត​ទាំង៤ ក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍​ជាប់ព្រំដែន​ឡាវ រួមមាន​ខេត្ត​ចំប៉ាសាក់ ខេត្ត​សាលាវណ្ណ ខេត្ត​សេកុង និងខេត្ត​អាតាពឺ។ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​ត្រូវបានដឹកនាំ​ដោយលោក សួស យ៉ារ៉ា ប្រធាន​គណៈកម្មការកិច្ច​ការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាន។


នៅក្នុងកិច្ច​ប្រជុំនេះ លោក Linkham DOUANSAVANH ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធាន​គណៈប្រតិភូ​ឡាវ បានលើកឡើង​ថា ភាគីទាំងបី​ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍ គួរជំរុញ​សហគ្រាស​ធុនតូច និងមធ្យម (SME) វិនិយោគ​ឱ្យបានច្រើន​ក្នុងតំបន់​ត្រីកោណ ការបង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស​ទេសចរណ៍​បៃតង​ប្រឆាំងការ​ជួញដូរ​មនុស្ស និងការទប់ស្កាត់​ភេរវកម្ម​ឆ្លងដែន​ជាដើម។ លោកបន្ត​ថា ខេត្តទាំង​៤​មានគម្រោងអភិវឌ្ឍន៍​ជាច្រើន នៅក្នុងនោះ ខេត្ត​ចំប៉ាសាក់​តែមួយ មាន ៦៦ គម្រោង ក្នុងទំហំ​ទឹកប្រាក់​ជាង ៩០០ លានដុល្លារ។

លោកបានសង្កត់ធ្ងន់​ថា៖«គម្រោង​អាទិភាព​ចំនួន២ នៅក្នុងខេត្ត​ចំប៉ាសាក់ គឺគម្រោង​កសាងផ្លូវ​លេខ៧២ ចំណាយ​ថវិកា ៨ លានដុល្លារ និងគម្រោង​កសាងហេដ្ឋារចនា​សម្ព័ន្ធ​ច្រកទ្វារ​ព្រំដែន​កម្ពុជា-ឡាវ ចំណាយ​ថវិកាជាង ៣ លានដុល្លារ។ គម្រោង​ទាំងអស់នេះ​បាននិងកំពុង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ប្រមាណជា ១,៤ លាននាក់​នៅក្នុងខេត្ត​ទាំង៤នេះ​របស់​ប្រទេស​ឡាវ។ សក្ដានុពល​លេចធ្លោ​ផ្សេងទៀត​នៃខេត្ត​របស់​ប្រទេស​ឡាវ​ក្នុង​តំបន់​ត្រីកោណអភិវឌ្ឍន៍ គឺទំនប់​វារីអគ្គិសនី ដំណាំ​កាហ្វេ តែ រ៉ែ ឈើឧស្សាហកម្ម និងទេសចរណ៍​ជាដើម»។


ជាមួយគ្នានោះ លោក សួស យ៉ារ៉ា ប្រធានគណៈ​ប្រតិភូកម្ពុជា បានកោតសរសើរ​ចំពោះគម្រោង​វិនិយោគ​នានា​នៅក្នុង​ខេត្តទាំង៤ និងបានគាំទ្រ​គំនិតជំរុញបញ្ចប់​ការបោះបង្គោល​ព្រំដែន ដើម្បី​ធ្វើឱ្យ​ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ក្លាយជា​ព្រំដែន​សន្តិភាពនិងអភិវឌ្ឍន៍​យូរអង្វែង។

លោកក៏បាន​គាំទ្រ​ផងដែរ ដល់ការជួយ​ជំរុញឱ្យ​មាន SME ច្រើននៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ខណៈលោក​បានលើក​គំនិតផ្ដួចផ្ដើម​បង្កើត «សមាគមរដ្ឋ​សភា​ដងទន្លេ​មេគង្គ» គាំទ្រការ​ធ្វើ​សុខដុមនីយកម្ម​ច្បាប់​នៃប្រទេស​ទាំងបី និងជំរុញ​កិច្ចសហប្រតិបត្តិការ​បច្ចេកវិទ្យា និងទេសចរណ៍​ជាដើម។

ចំណែកលោក វ៉ូ ហាយហា ប្រធានគណៈប្រតិភូ​វៀតណាម មានប្រសាសន៍​ថា ប្រទេសទាំងបី​ត្រូវជំរុញ​ទេសចរណ៍​នៅក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍​ឱ្យបាន ៣,៣ លាននាក់ ក្នុងមួយឆ្នាំ​ ដូចដែលបាន​កំណត់​រួចហើយ ប៉ុន្តែ​មកទល់​ពេលបច្ចុប្បន្ន​នេះ តំបន់​ត្រីកោណ​ទើបទទួល​ទេសចរបាន​ជាង ២ លាននាក់ប៉ុណ្ណោះ។ លោកថា៖«ដូច្នេះ ភាគីទាំងបី​គួរពិចារណា​លើការជួយ​សម្របសម្រួល​បែបបទគយ និងលិខិត​ស្នាមផ្សេងៗ​ឱ្យទាន់​ពេលវេលា និងឆាប់រហ័ស»។

ជាមួយគ្នានេះ​ លោក វ៉ូ ហាយហា ក៏បានលើក​សំណើសុំ​ឱ្យមានការ​ចែករំលែក​ព័ត៌មាន​អំពីការបណ្ដុះបណ្ដាល​វិជ្ជាជីវៈជាមួយគ្នា ដើម្បី​ងាយបង្កើត​ផែនការ​ឱ្យ​ត្រូវនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

លោកបានគូសបញ្ជាក់​ផងដែរ​ថា វិស័យ​សុខាភិបាល ជាវិស័យ​អាទិភាពមួយ​សម្រាប់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដូច្នេះ​ប្រទេសទាំងបី​គួរជួយ​ជំរុញ​បង្កើត​មន្ទីរពេទ្យ និងជំរុញ​ឱ្យមាន​ការពិគ្រោះ​ជំងឺ​តាមអនឡាញ​ផងដែរ ៕

សកម្មភាព​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត​ពាន​រង្វាន់សម្តេច ហ៊ុន សែន កាលពី​រដូវ​កាល ឆ្នាំ​ ២០២០។ រូបថត CNCC