អង្គការសហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា ប្ដេជ្ញាចិត្ត​ក្នុងការគាំទ្រ​កម្ពុជា​ក្នុងការបំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ខណៈ​វិស័យ​យុត្តិធម៌នេះ ប្ដេជ្ញាចិត្ត​ក្នុងការជម្នះ​ផ្នត់គំនិត​យេនឌ័រ​ក្នុងវិស័យ​តុលាការ ដើម្បី​លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស និងការទទួល​បានយុត្តិធម៌​សម្រាប់​ស្រ្តី។


ការប្តេជ្ញា​នេះ ធ្វើឡើង​អំឡុងពេល​ដែល អង្គការសហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​បានបិទ​បញ្ចប់​វគ្គបណ្ដុះបណ្ដាល​ចំនួន ២​ថ្ងៃ រៀបចំ​ជូនដល់​ចៅក្រម និងព្រះរាជ​អាជ្ញា ដែលបានរៀបចំ​ឡើង​នៅថ្ងៃទី១៨ និង ១៩ ខែតុលា ឆ្នាំ២០២៣ ក្រោម​ប្រធានបទ «ការកាត់បន្ថយ​ការលម្អៀង​ដោយផ្អែក​លើយេនឌ័រ​ក្នុងវិស័យ​តុលាការ» ក្រោមកិច្ចសហ​ប្រតិបត្តិការ​ជាមួយ បណ្ឌិត្យសភាភូមិន្ទ​យុត្តិធម៌​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការសហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា បានឱ្យដឹង​ថា វគ្គបណ្ដុះបណ្ដាល​នេះ មានការសម្របសម្រួល​ពីអ្នកជំនាញ និងចៅក្រម​អន្តរជាតិ ហើយមាន​អ្នកចូលរួម​ចំនួន ៣៥ នាក់ (ស្រ្តី ២១នាក់ និងបុរស ១៤ នាក់) រួមមាន តំណាងពី​សាលាឧទ្ធរណ៍​ថ្នាក់​តំបន់ ចៅក្រម និងព្រះរាជា​អាជ្ញា​ពីខេត្ត​នានា ក៏ដូចជា វត្តមាន​របស់​មន្រ្តី​មកពី​បណ្ឌិត្យ​សភាភូមិន្ទ​យុត្តិធម៌​កម្ពុជា និងក្រសួង​យុត្តិធម៌ ផងដែរ។


វគ្គបណ្ដុះបណ្ដាល​នេះ ជាវគ្គ​សាកល្បង​ដែលមាន​គោលបំណង បកស្រាយពី​បទដ្ឋាន​ច្បាប់​សិទ្ធិមនុស្សអន្តរជាតិ ស្ដីពីផ្នត់​គំនិត​យេនឌ័រ និងទស្សនៈ​ដើម្បី​លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស និងការទទួលបាន​យុត្តិធម៌​សម្រាប់​ស្រ្តី និងបុគ្គល​ដទៃទៀត​ដែលស្ថិតក្នុង​ក្រុមដែលត្រូវបាន​ផាត់ចេញ ដោយផ្អែកលើ​មូលហេតុ​នៃ​ភេទ អត្តសញ្ញាណ​យេនឌ័រ និង/ឬនិន្នាការ​ភេទ។

នៅក្នុងសុន្ទរក​ថា​បើកវគ្គ​បណ្ដុះបណ្ដាល​របស់​ប្រធាន​បណ្ឌិត្យសភាភូមិន្ទ​យុត្តិធម៌កម្ពុជា លោក ឈន ព្រលឹង មានប្រសាសន៍​ថា «វគ្គបណ្ដុះបណ្ដាល​នេះ នឹងផ្ដោតជាសំខាន់​ទៅលើការពង្រឹង​សមត្ថភាព​បន្ថែម​របស់​ចៅក្រម និងការចែករំលែក​បទពិសោធន៍​ជាមួយ​អ្នកជំនាញ​ការអន្តរជាតិ តំបន់ និងជាតិ ក្នុង​វិស័យ​តុលាការ ដើម្បី​ចេះកត់​សម្គាល់ និងជម្នះ​ផ្នត់​គំនិត​យេនឌ័រ​ក្នុងវិស័យ​តុលាការ»។


ដោយបញ្ជាក់បន្ថែម​លើសារៈសំខាន់ នៃយុត្តិសាស្រ្ត​ក្នុងតុលាការ​កម្ពុជា​ដើម្បីអាច​អនុលោម​ទៅនឹងច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ អ្នកស្រី រួអេដា អិល ហាច តំណាង​ប្រចាំប្រទេស​នៃការិយាល័យ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា បានសង្កត់ធ្ងន់​ថា «វគ្គបណ្ដុះបណ្ដាល​សាកល្បង​នេះ គឺជាចំណុចគោល​មួយទៀត​ឆ្ពោះទៅរក​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ជាមួយ​ក្រសួង​យុត្តិធម៌ និងបណ្ឌិត្យ​សភាភូមិន្ទ​យុត្តិធម៌​កម្ពុជា»។

អ្នកស្រី​រំពឹង​ថា «ខ្លឹមសារ​នៃវគ្គបណ្ដុះបណ្ដាល នឹងអាចត្រូវ​បានបញ្ចូល​ទៅក្នុងកម្មវិធី​សិក្សា​របស់ បណ្ឌិត្យ​សភាភូមិន្ទ​យុត្តិធម៌​កម្ពុជា ដើម្បី​និរន្តរភាព​នៃការផ្ទេរ​ចំណេះដឹង»។

យោងតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ វិស័យ​យុត្តិធម៌ មានកាតព្វកិច្ច​ក្នុងការធានា​ថា​នីតិវិធី​ច្បាប់ ក្នុងសំណុំរឿង​ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ មានភាព​មិនលម្អៀង យុត្តិធម៌ និងមិនរង​ឥទ្ធិពលពី​ផ្នត់គំនិត​យេនឌ័រ ឬការបកស្រាយ​បទប្បញ្ញត្តិ​ច្បាប់​ដោយ​រើសអើង។ កាតព្វកិច្ច​នេះ មិនត្រឹមតែ​សម្រាប់ចៅក្រម​នោះទេ ប៉ុន្តែ មានវិសាលភាព​ចំពោះ​ព្រះរាជ​អាជ្ញា មេធាវី មន្រ្តី​អនុវត្តច្បាប់ និងតួអង្គ​នានា​ដែលពាក់ព័ន្ធ​ក្នុងវិស័យ​ច្បាប់។

អ្នកចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាល​សាកល្បងនេះ បានបង្ហាញពី​តម្រូវការ​ក្នុងការចែករំលែក​ព័ត៌មាន​ទៅកាន់​អ្នកមាន​កាតព្វកិច្ច​ផ្សេងទៀត រួមមាន មន្រ្តីប៉ូលិស ថ្នាក់ដឹកនាំ​សហគមន៍ បុគ្គលិក​តុលាការ បុគ្គលិក​ផ្នែក​ស៊ើបអង្កេត និងភាគី​ផ្សេងៗទៀត ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគេ និងធ្វើឱ្យ​ការគ្រប់គ្រង​ការទទួល​បានយុត្តិធម៌​សម្រាប់​បុគ្គល​គ្រប់រូប ជាពិសេស អ្នករស់រានមានជីវិត​ពីការរំលោភ​បំពាន​ផ្អែក​លើ​យេនឌ័រ កាន់តែ​ប្រសើរឡើង។

សេចក្តីប្រកាសព័ត៌មាន​ដដែលបញ្ជាក់​ថា៖«អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្ដេជ្ញាចិត្ត​ក្នុងការគាំទ្រ​កម្ពុជា​ក្នុងការបំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ និងកាត់បន្ថយ​ការអនុវត្ត​ក្នុងវិស័យ​តុលាការ​ដែលរង​ឥទ្ធិពលពី​ផ្នត់គំនិត​យេនឌ័រ»៕

ពលករ​ឆ្លងទៅ​ថៃ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ដូង​ក្នុង​ខេត្ត​បាត់ដំបង​។ ហេង ជីវ័ន