ក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ទាំងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងការស្លៀកពាក់ឯកសណ្ឋាន ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។


ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់នេះលោក សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្តីអំពីការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញមកពីអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។ នេះបើតាមក្រសួងមហាផ្ទៃ។

បើតាមលោក សេង ផល្លី ការរៀបចំយន្តការធ្វើកំណែទម្រង់ពង្រឹងកងកម្លាំងនគរបាលជាតិនេះ ដោយទទួលបានការឯកភាពពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


លោកថាបញ្ជាក់ថា៖«ក្រសួងមហាផ្ទៃ កំពុងតែស្ថិតក្នុងដំណាក់កាលដែលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ជាពិសេសទាក់ទងលើការងារបុគ្គលិក ជាក់ស្ដែង អគ្គនាយកដ្ឋានធនធានមនុស្ស ជាសេនាធិការផ្ទាល់ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ទៅលើការងារធនធានមនុស្សលើការងារបុគ្គលិកនេះផងដែរ»។

លោកបន្ដថា ទាក់ទងទៅនឹងកិច្ចប្រជុំនៃការធ្វើកំណែទម្រង់នាពេលនេះ បានលើកយកនូវកម្មវត្ថុ ដើម្បីយកមកជជែកវែកញែក និងប្រមូលផ្ដុំធាតុចូលសម្រាប់ដាក់ចេញនូវផែនការសម្រាប់កំណែទម្រង់ក្នុងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិចំនួន ៤ សំខាន់ៗ។


កំណែទម្រង់នោះរួមមាន ១ ការស្លៀកពាក់ឯកសណ្ឋាន និងការពង្រឹងវិន័យ ២ កាអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការទាំង ៣ ក្របខ័ណ្ឌ (មន្រ្តីរាជការស៊ីវិល, នគរបាលជាតិ និងពន្ធនាគារ) ៣ ការរៀបចំឱ្យមានគ្រូបង្គោលទៅតាមអង្គភាពនីមួយៗ និងទី៤ បញ្ហាពាក់ព័ន្ធក្នុងការខ្ចីមន្ត្រីយកទៅប្រើប្រាស់។

លោក សេង ផល្លី បានរំលេចផងដែរថា៖«អគ្គនាយកដ្ឋានធនធានមនុស្ស នឹងខិតខំប្រឹងប្រែងបំពេញការងារ មានផែនការ និងគោលដៅច្បាស់លាស់ទៅតាមភារកិច្ចដែលបានកំណត់ជាមួយនឹងអង្គភាពពាក់ព័ន្ធ នៅក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រសួងមហាផ្ទៃ ទទួលបានជោគជ័យទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់»៕ ក្រសួងមហាផ្ទៃ