ដើម្បី​រួមចំណែក​ក្នុងវិស័យ​មនុស្សធម៌ និងលើកកម្ពស់​សុខុមាលភាព​សាធារណៈ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កាកបាទក្រហម​កម្ពុជា បានបន្ត​សកម្មភាព​ចុះផ្សព្វផ្សាយ​បង្កើនការយល់ដឹង​ពី បញ្ហា​មេរោគអេដស៍ និងកាមរោគ ជូនពលរដ្ឋ​ក្នុងខេត្ត​តាកែវ និងបានផ្តល់​អំណោយ​ជូនពលរដ្ឋ​ងាយរងគ្រោះ​ជាង ១២០ គ្រួសារ។


កាកបាទក្រហម​កម្ពុជា បានឱ្យដឹង​ថា ពិធី​ខាងលើ ត្រូវបានរៀបចំ​ឡើងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី១ កាកបាទក្រហម​កម្ពុជា និងជាអនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើមថ្នាក់​ជាតិ និងលោក អ៊ូច ភា អភិបាល​ខេត្ត និងជាប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​តាកែវ។

ពិធី​ជួបសំណេះសំណាល សួរ​សុខទុក្ខ និងអប់រំ​ផ្សព្វផ្សាយ​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ស្តីពី «មេរោគ​អេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ, អាហា​រូបត្ថម្ភ, ការថែទាំ​សុខភាព​បឋម, និងការកាត់​បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក» ដល់អ្នកផ្ទុក​មេរោគ​អេដស៍ ចាស់ឥត​ទីពឹង និងស្ត្រី​ទើប​សម្រាល​ផងដែរ។ ពិធី​នេះប្រព្រឹត្ត​ទៅនៅ​មន្ទីរពេទ្យ​បង្អែក​អង្គរបូរី ខេត្ត​តាកែវ ដែលមាន​ការចូលរួម​ពីភាគីពាក់ព័ន្ធ និងពលរដ្ឋ​រងគ្រោះដោយសារ​មេរោគ​អេដស៍​ជាច្រើន​នាក់​ផងដែរ។


កាកបាទក្រហម​កម្ពុជា បានឱ្យដឹង​ថា អ្នកផ្ទុក​មេរោគ​អេដស៍ ចាស់​ឥតទីពឹង និងស្ត្រី​ទើប​សម្រាល​កូនរួច ចំនួន ១២៥ គ្រួសារ ទទួលបាន​អំណោយ ដោយគ្រួសារ​និមួយៗ​ទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ទឹកត្រី ឬទឹកស៊ីអ៊ីវ ៦ដប និងថវិកា ២ម៉ឺនរៀល។

អ្នកទទួល​អំណោយ​ទាំងនោះ ក៏បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​កម្ពុជា និងក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ដែលបាន​ចុះអប់រំផ្ស​ព្វផ្សាយ ក្រើនរំឭក​ពីការទប់ស្កាត់​ការចម្លង​មេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងកាមរោគ ជាពិសេស​ការថែទាំ​សុខភាព​បឋម និងចំណេះដឹង​ផ្សេងៗ​ទាក់ទងនឹង​ប្រធាន​បទខាងលើ។


ដោយឡែកនៅ​ថ្ងៃដដែល​នេះ លោកស្រី ប៊ុន ស៊ីថូត សមាជិកា​គណ:កម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ បានអញ្ជើញ​ចុះសួរ​សុខទុក្ខ​នាំយក​អំណោយ​មនុស្សធម៌ ជាគ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់ និងថវិកា ជូនដល់​គ្រួសារ​ងាយ​រងគ្រោះ ចាស់ជរា​គ្មានទីពឹង មានជីវភាព​ខ្វះខាត សរុប​ចំនួន ៦ គ្រួសារ ស្ថិតនៅ​ឃុំកោះ​ខ្ញែរ ២ គ្រួសារ និងឃុំ​សំបូរ ៤ គ្រួសារ ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ។

ក្នុងឱកាស​នោះ លោកស្រីបាន​ក្រើន​រំឭក​បងប្អូន​ដែលជាគ្រួសារ​ងាយរងគ្រោះ ត្រូវមាន​ការយកចិត្ត​ទុកដាក់​អំពី​បញ្ហា​សុខភាព​ជាប្រចាំ បើកបរ​ត្រូវគោរពច្បាប់​ចរាចរណ៍ និងខិតខំ​បង្កបង្កើន​ផល ដាំដំណាំ​រួមផ្សំ​សម្រាប់​ទ្រទ្រង់​ជីវភាព និងបង្កើន​សេដ្ឋកិច្ច​គ្រួសារ​ឱ្យកាន់តែ​ប្រសើរ​ឡើងវិញ៕