ភ្នំពេញៈ ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន ប្រចាំឆ្នាំ ២០២៣ នឹងធ្វើឡើងនៅចុងខែតុលាខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានមហាវិទ្យាល័យល្បីជាច្រើននៅជប៉ុនបានមកដាក់ពិព័រណ៍ ដើម្បីផ្ដល់ព័ត៌មានដល់សិស្ស-និស្សិតពីឱកាសអាហារូបករណ៍។
យោងតាមសេចក្ដីប្រកាសរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា កម្មវិធី «ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣» នឹងត្រូវធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់ម៉ោង៤កន្លះរសៀល។
ប្រភពដដែលបានឱ្យដឹងថា ចំពោះសាកលវិទ្យាល័យ និងស្ថាប័ន ដែលនឹងដាក់ពិព័រណ៍ស្តីពីការសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំនេះមានចំនួន១៨ ដែលសុទ្ធតែជាសាកលវិទ្យាល័យល្បីៗនៅប្រទេសជប៉ុនខណៈដែលអ្នកចូលរួមពិព័រណ៍ឆ្នាំនេះនឹងអាចទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងអាហារូបករណ៍ផ្សេងៗដែលផ្ដល់ជូនពីស្ថាប័នដៃគូនានាទាំងនោះ។
កញ្ញា ជួប ណាឌី ប្រធានផ្នែកបណ្តុះបណ្តាលភាសាជប៉ុន និងជាប្រធានផ្លាស់ប្តូរវប្បធម៌ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែតុលាថា ពិព័រណ៍ស្តីពីការសិក្សាទៅប្រទេសជប៉ុនប្រចាំឆ្នាំ២០២៣នេះ រៀបចំឡើងពិសេសជាងឆ្នាំមុនៗ ដោយសារតែចំនួនមហាវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗដែលមកដាក់ពិព័រណ៍មានចំនួនច្រើន ហើយសុទ្ធតែសាកលវិទ្យាល័យល្បីៗ។
កញ្ញាបន្តថា នៅឆ្នាំនេះដែរមានមហាវិទ្យាល័យចំនួន១៨ បានមកធ្វើបទបង្ហាញនូវមុខវិជ្ជា ជំនាញដែលពេញនិយម និងឱកាសអាហារូបករណ៍នៅក្នុងមហាវិទ្យាល័យនីមួយៗទៅដល់សិស្សនិស្សិតដែលមកចូលរួមក្នុងកម្មវិធីពិព័រណ៍។
ក្រៅពីនេះអ្នកចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ពួកគាត់នឹងដឹងពីរបៀបនៃការដាក់ពាក្យយកអាហារូបករណ៍ របៀបដាក់ពាក្យដែលអាចទៅសិក្សានៅជប៉ុនបាន និងរបៀបដែលត្រូវត្រៀមខ្លួន ដើម្បីទទួលបានអាហារូបករណ៍ ហើយជាពិសេស គឺពួកគាត់នឹងទទួលបានព័ត៌មានទូទៅនៃការស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសជប៉ុនផងដែរ។
កញ្ញា ជួប ណាឌី ថ្លែងថា៖ «អ៊ីចឹង! ថ្ងៃពិព័រណ៍នេះ គាត់អាចមានឱកាសសួរនាំដោយផ្ទាល់ លម្អិតទៅតាមអ្នកតំណាងសាលានីមួយៗ ដើម្បីឱ្យគាត់អាចត្រៀមខ្លួនយ៉ាងម៉េច សម្រាប់ដាក់ពាក្យទៅកាន់សាលាដែលគាត់ចង់សិក្សា»។
ក្រោយពីអ្នកចូលរួមបានស្ដាប់ និងទទួលបានព័ត៌មានពីអ្នកតំណាងនៅតាមមហាវិទ្យាល័យនីមួយៗរបស់ជប៉ុនហើយ នោះពួកគាត់អាចត្រៀមខ្លួនសម្រាប់ផែនការសិក្សាបន្ទាប់។
កញ្ញាថា៖ «សម្រាប់រូបខ្ញុំផ្ទាល់ យល់ឃើញថា ពិព័រណ៍នេះ គឺមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ជនជាតិខ្មែរ ក៏ដូចជាសិស្សនិស្សិត ឬក៏សាធារណជន ដើម្បីឱ្យគាត់ដឹងព័ត៌មានលម្អិតអំពីមហាវិទ្យាល័យផ្សេងៗរបស់ជប៉ុនឱ្យកាន់តែទូលំទូលាយ»។
ចំណែក កញ្ញា ឃុន វត្តីស្រីលក្ខ័ណ៍ ជាអតីតនិស្សិតអាហារូបករណ៍របស់ CJCC បានឱ្យដឹងថា សម្រាប់រូបកញ្ញាផ្ទាល់ ដែលបានទៅសិក្សានៅប្រទេសជប៉ុន វាជាឱកាសមួយសម្រាប់សិក្សាពីបទពិសោធន៍ពីមិត្តរួមថ្នាក់ដែលមកពីទូទាំងពិភពលោក ក៏ដូចជាសាស្ត្រាចារ្យល្អៗដែលមានជំនាញ។
កញ្ញាថ្លែងថា៖ «ការទៅសិក្សានេះ វាជួយពង្រឹងអាជីវកម្មការងាររបស់ខ្ញុំផ្ទាល់ ក៏ដូចជានៅពេលអនាគតខ្ញុំចង់បើកអាជីវកម្មផ្ទាល់ខ្លួន ក៏ធ្វើឱ្យខ្ញុំអាចមានសមត្ថភាពតាមរយៈការសិក្សានៅខាងក្រៅប្រទេសនេះដែរ»។
កញ្ញាអះអាងថា នៅពេលដែលបង្កើតកម្មវិធីពិព័រណ៍នេះ វាជួយផ្ដល់ឱកាសល្អមែនទែនសម្រាប់សិស្សនិស្សិត មិនថា ពួកគាត់រៀនចប់ផ្នែកបរិញ្ញាបត្រ និងអនុបណ្ឌិតនោះទេ ពួកគាត់គួរតែចំណាយពេលមកចូលរួមកម្មវិធីពិព័រណ៍នេះ ព្រោះពួកគាត់អាចទទួលបានចំណេះដឹងពីការដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។
សូមបញ្ជាក់ថា ពិព័រណ៍ស្ដីពីការសិក្សានៅប្រទេសជប៉ុន ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៨មក ដោយគិតមកដល់ឆ្នាំ២០២៣នេះ ធ្វើបានសរុបចំនួន ១៥លើកហើយ៕