ភ្នំពេញៈ​លោក អ៊ាង សុ​ផល្លែត រដ្ឋមន្ត្រី​ក្រសួងប​រិស្ថាន​ថ្លែង​ថា ការ​បំពុល​ដោយ​ប្លា​ស្ទិ​កនៅ​ទន្លេ​មេគង្គ​គឺជា​បញ្ហា​បរិស្ថាន​ឆ្លង​ដែន ដ៏​ស្មុគ​ស្មាញ ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ដោះស្រា​យ​រួមគ្នា និង​មាន​ការ​ចូលរួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន ​ទាំង​ថ្នាក់​ជាតិ​ និង​អ​ន្តរជា​តិដោយមិន​អាច​ឱប​ដៃ​ឈរ​មើល​​ពុំមាន​សកម្ម​ភាព ឬ​ដំណោះ​ស្រាយ​អ្វី​សោះ​នោះ​ទេ​។​


​លោក​រដ្ឋ​មន្ត្រី​ក្រសួងប​រិស្ថាន​ ថ្លែង​បែប​នេះ​ក្នុង​កម្មវិ​ធី​សប្តាហ៍​ការ​ទូត​បៃតង​សហ​ភាព​អឺរ៉ុប​-​អាស៊ាន ​ដែល​ធ្វើ​នៅ​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី ជ្រោយច​ង្វារ​ នៅ​ថ្ងៃទី​២២ ខែតុ​លា ឆ្នាំ​២០២៣​។ កម្មវិធី​នេះ​ត្រូវបា​ន​រៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន សហ​ការ​ជាមួ​យ ​ស្ថានទូ​ត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ និង​អង្គការ​River Ocean Cleanup ប្រចាំ​កម្ពុជា​ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​បរិ​ស្ថាន​ ដែល​បាន​និងកំពុ​ង​តែ​ប្រឈម​នៅតាម​ប្រទេសនៃ​មហា​អនុ​តំបន់​មេគង្គ​។

​លោក ​អ៊ាង សុផ​ល្លែត ​លើកឡើ​ងថា ​កម្មវិធី​នេះ​មាន​សារៈសំ​ខាន់ណាស់ ​ព្រោះ​ជា​សកម្ម​ភាព​រួម​សម្រាប់​សហ​គមន៍​អឺរ៉ុប​ និង​អាស៊ាន​ទាំង​មូល​ដែល​មិន​មែន​តែ​កម្ពុជា​ទេ​មាន​បញ្ហា​បរិស្ថាន​ពាក់​ព័ន្ធ​នឹង​សំណល់​ប្លា​ស្ទិក​គឺ​ទូទាំង​ពិភព​លោក​ក៏មាន​បញ្ហា​ដូចគ្នានេះ​​ផងដែ​រ​។ លោក​ថា ​កម្មវិធី​នេះ​ក៏បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​​អន្តរ​ជាតិ​ និង​ការ​ទូត​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ និង​ចូលរួម​គាំទ្រ​ដល់​សកម្ម​ភាពដែល​ធ្វើឱ្យ​ពេល​អនា​គត​គ្មាន​សំណល់​ប្លា​ស្ទិក​និង​ការ​រស់​នៅ​ប្រកប​ដោយ​និរន្តរ​ភាព​ ជា​ពិសេស​ក្នុង​បុព្វ​ហេតុ​សុក្រឹត​កម្ម​បរិ​ស្ថាន​កិច្ច​។​


​បើ​តាម​លោក​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ទន្លេមេ​គង្គ​បាន​ជួប​បញ្ហា​ជាច្រើន​ រួមមាន​ របប​លំហូរ​ទឹក​ទាប ​បញ្ហា​កង្វះ​ទឹក ​ទឹក​ជំនន់ និ​ង​គ្រោះរាំង​ស្ងួត​ដោយសា​រ​ការប្រែ​ប្រួល​​អាកាស​ធាតុ​ ការអ​ភិវឌ្ឍ​ហេដ្ឋារ​ចនា​សម្ព័ន្ធ ​ដែល​ពុំ​គិត​គូរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ ​ការបំពុល​-​ទឹក​ និង​ប្លា​ស្ទិ​ក​ជាដើម​។ ​

លោក​បាន​បន្ថែម​ថា តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​មាន​សំណល់​ប្លា​ស្ទិ​កជាង​ ៣៧ ​០០០(​បី​ម៉ឺន​ប្រាំ​ពីរ​ពាន់​)​តោន​ ក្នុង​១​ឆ្នាំ ​បាន​ហូរ​ពី​ទន្លេ​មេគង្គ​ចូល​ទៅក្នុ​ង​សមុទ្រ ដែ​ល​បង្ក​ឱ្យ​ប៉ះពា​ល់​ដល់​ប្រព័ន្ធ​អេកូឡូ​ស៊ី សុខ​ភាព និង​សុខុ​មាលភា​ព​ប្រជា​ពលរដ្ឋ ដែល​អាស្រ័យ​ផល​ពី​ទន្លេ​មេ​គង្គ​នេះ​។​


​លោក​អ៊ាង ​សុផល្លែត បាន​​លើក​ឧទា​ហរណ៍​បញ្ជាក់ថា​ សំ​ណល់​ប្លា​ស្ទិ​ក​ទាំង​នោះ​នឹង​បំ​ប្លែង​ជា​មីក្រូ​ប្លា​ស្ទិ​ក​តូចៗ ​ពិបាក​នឹង​មើល​ឃើញ ​ហើយ​ត្រី​អាច​នឹង​ស៊ី​ប្លា​ស្ទិ​ក​ទាំង​នោះ ​នាំឱ្យ​មាន​ការ​បំពុល​ដ​ល់​ចង្វាក់​ម្ហូបអា​ហារនិង​បង្ក​ផល​ប៉ះពា​ល់​ដល់​សុខ​ភាព​មនុស្ស​។ លោក​បន្ថែម​ថា ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​យុទ្ធ​នាការ​ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដោយអនុវត្ត​នៅ​តាម​សា​លារៀ​ន​ទូទាំង​ប្រទេសចាប់ពី​ថ្ងៃទី​១ ​ខែ​កញ្ញា ​២​០២៣​ រហូត​ដល់​ពេល​នេះ​មាន​សិស្សានុ​សិស្ស និ​ង​យុវជន​ច្រើន​ជាង ​១ ៦០០ ​០០០(​មួយ​លាន​ប្រាំ​មួយ​សែន​)​នាក់ ​ចូល​រួម​យ៉ាងស​កម្ម ដែ​ល​នេះ​គឺជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ក្នុង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​បញ្ហា​នៅ​ទន្លេ​មេគង្គ​។​

​លោក​ថ្លែង​ថា​៖«​យើង​ជឿជាក់​ថា​ សមិទ្ធផ​លនៃ​យុទ្ធនា​ការ​នេះ​អាច​ធ្វើជា​គំរូ​ដ៏​ល្អ​មួយ​នៅ​ក្នុង​តំបន់​ហើយ​យើង​កំពុង​បន្ត​ក្នុង​ការ​អញ្ជើញ​ប្រទេស​ជិត​ខាង ​ប្រទេស​សមា​ជិក​នៃ​មហា​អនុ​តំបន់​ទន្លេមេ​គង្គ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឱ្យចូ​ល​រួមជា​មួយ​ប្រទេស​កម្ពុជា​ ក្នុង​បេសកក​ម្ម​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹ​ង​ថង់​ប្លា​ស្ទិ​ក​ក្រោម​ពាក្យ​ស្លោក​«​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​។

​លោក អ៊ី​ម​រ៉​ន ហាស្សា​ន់ អភិបា​លរ​ងនៃ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ថ្លែង​ថា ចំ​នួន​ប្រជាជន​ក្នុង​រាជ​ធានី​ភ្នំពេញ​មានកា​រ​កើន​ឡើង​ពី១​ថ្ងៃ​ទៅ១​ថ្ងៃដែលសក​ម្មភាព​រស់​នៅនិង​ការប្រកប​អាជីវ​កម្ម​ របស់​ប្រជា​ពលរដ្ឋ​នៅ​រាជធា​នី​ភ្នំពេញ​បាន​បង្កើត​សំរាម ​៣ ៧០០​តោន​​ក្នុង​១​​ថ្ងៃ​។​

លោក​ថា បញ្ហា​សំរាម​នេះ​ជា​កង្វល់​មួយ​របស់​រដ្ឋ​បាល​រាជធា​នី​ភ្នំពេញដែល​តែង​យក​ចិត្ត​ទុកដាក់​គ្រប់​គ្រង​សំណល់​ឱ្យមាន​ប្រសិ​ទ្ធភា​ពដោយផ្តោត​លើក​កត្តា​ចម្បង​មួយ​ចំនួន​ដូចជា​ ​ការគ្រប់​គ្រង​ទីលាន​ចាក់សំ​រាម ​ការបំ​ពាក់​ធុងសំ​រាម​សាធា​រ​ណៈ និង​ការ​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​អំពី​គោល​ការណ៍​​ប្រមូល​សំរាម ​និង​ម៉ោង​ពេល​ប្រមូល​សំរាម ​ព្រមទាំ​ង​មាន​ដាក់​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣ ​ដើម្បី​ផ្តល់​សេវា​ប្រ​មូល ​និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធា​នី​ភ្នំពេញផង​ដែរ​។

​លោក​ថ្លែងថា​​៖«​ស្ថាន​ភាព​គ្រប់គ្រ​ង​កាកសំ​ណល់​ក្នុង​រាជ​ធានី​ភ្នំពេញ ​មាន​ការ​ប្រសើរ​ឡើងជា​លំដាប់ ​ហើយ​ខ្ញុំ​ក៏មាន​សុទិដ្ឋិ​និយម​ខ្ពស់លើ​ការ​គ្រប់​គ្រង​សំរាម ​ដោយ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ប្រជា​ពលរដ្ឋ​ សិស្សានុ​សិស្ស ​សាធា​រណ​ជន​ទាំង​អស់​នឹង​បន្ត​ចូលរួម​យក​ចិត្ត​ទុក​ដា​ក់ចូល​រួម​ដាក់​សំរាម​តាម​ផ្ទះ​រៀងៗ​​ខ្លួន​ឱ្យបា​ន​ត្រឹម​ត្រូវ​​»​។

​​លោក Igor Driesmans​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​ដែរថា​ ការ​ជួប​ជុំគ្នា​ក្នុង​កម្មវិធី​នេះ​គឺជា​ការចូ​ល​រួម​ធ្វើ​សកម្ម​ភាព​ទាក់ទ​ង​នឹង​ការផ្លាស់​ប្តូរ​ការប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​ទាមទា​រ​ឱ្យ​គ្រប់គ្នា​ត្រូវ​តែ​ពួត​ដៃ​គ្នា​ដោះ​ស្រា​យ ដែ​ល​ឧទាហ​រណ៍​ជាក់ស្តែ​ង​ទាក់ទ​ង​នឹង​ការ​​ទុកដាក់​ និង​គ្រប់គ្រង​កា​សំណល់ ​ការកាប់បំ​ផ្លាញ​​ព្រៃឈើ​ និ​ង​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថាម​ពល​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​។ ក្នុងឱកា​ស​នោះ​លោក Igor Driesmans បាន​កោតស​រសើ​រ​ចំពោះ​ការប្តេជ្ញា​ចិត្ត​​របស់​កម្ពុ​ជាចំពោះ​គោល​នយោ​បាយ​អាកាសធា​តុ ​ដើម្បី​ធានាបា​ន​​គំរូ​កំណើន​សេដ្ឋកិច្ច​បៃតង ។​

​លោក​ថ្លែង​ថា​៖«​ការ​ផ្លាស់​ប្តូរ​បៃតង ​មិន​មែន​អាស្រ័យ​តែ​លើ​រដ្ឋាភិបាល​​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​នៅលើ​យើងទាំ​ងអស់​គ្នា​។ វា​ជា​ការទទួល​​ខុស​ត្រូវ​រួម​របស់​យើង​។ មាន​តែ​តាម​រយៈ​ការធ្វើកា​រ​រួមគ្នា​ ហើយ​អ្នក​គ្រ​ប់គ្នា​ត្រូវធ្វើ​អ្វី​ដែលជា​​ចំណែក​នៃ​ការចូល​រួម​​របស់​ពួក​គេ ​ទើប​យើង​អាច​សម្រេច​បាន​គោល​ដៅនៃ​អនាគ​ត​ដ៏​បៃត​ង​មួយបាន​​»៕