ភ្នំពេញៈ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​ រួម​នឹង​អង្គការ​ដៃគូ​មួយ​ចំនួន​កំពុង​អង្កេត​ប្រេ​វ៉ាឡង់​ជំងឺ​របេង​ថ្នាក់​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២៣ ​ខណៈ​​ការ​អង្កេត​លើក​នេះ ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​របេង និង​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ជំងឺ​របេង​របស់​ខ្លួន​។​


​សេចក្ដី​ប្រកាស​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ខាង​លិច​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែតុលា​ថា ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិ​បាល​អូស្ត្រាលីនិ​ង​មូល​និធិ​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ជំងឺ​របេង ​និង​គ្រុន​ចាញ់ និង​ជំនួយ​បច្ចេក​ទេស​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ វិទ្យាស្ថា​ន​ស្រាវ​ជ្រាវ​ជំងឺ​របេង និង​សមាគម​ប្រឆាំង​ជំងឺ​របេង​ជប៉ុន​( RIT/JATA) វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ និង​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេ​រិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរ​ជាតិ ​(USAID) មជ្ឈ​មណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និង​ហង់​សិន ​(CENAT) កំពុង​អង្កេត​ប្រេ​វ៉ាឡង់​ជំងឺ​របេង​ថ្នាក់​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២៣​ ដោយលទ្ធ​ផល​រំពឹង​ទុក​នឹងបង្ហាញ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤​។​

​សេចក្ដី​ប្រកាស​ដដែល​បាន​បន្ត​ថា ​លទ្ធ​ផល​នៃ​ការ​អង្កេត​លើក​ទី​៣​នេះ ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​យល់​អំពី​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​របេង ​និង​ការ​គ្រប់​គ្រង​ជំងឺ​របេង​របស់ខ្លួ​ន​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ឆ្ពោះ​ទៅរក​កា​របញ្ចប់​ជំងឺ​មួយ​នេះ និង​ជួយ​បញ្ចប់​ជំងឺរ​បេង​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ​១,៦​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២១​។​


​លោក ​ប៉ា​ស្កាល់ រីង​វដ (Pascal RingWald) តំណាង​ស្តីទី​នៃ​អង្គ​ការ​សុខភា​ព​ពិភព​លោក​ប្រចាំ​កម្ពុជា បា​ន​លើកឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ថា ​ទោះបី​ជាមាន​ភ័ស្តុតា​ង​ជាច្រើ​ន ​បាន​បង្ហាញ​ថា ស្ថានភាព​​ជំងឺរ​បេង​នៅ​ប្រទេស​កម្ពុជាកំពុង​ធ្លាក់​ចុះ​ក៏​ដោយ ​ប៉ុន្តែ​វា​មាន​ភាព​មិន​ទាន់​ច្បាស់លា​ស់​នោះ​ទេ ​ខ​ណៈ​ការ​អង្កេត​ចុង​ក្រោយ​ត្រូវបាន​ធ្វើឡើ​ង​កាល​ពី​ជាង១​ទសវត្សរ៍​មុន ហើយ​បាន​រកឃើ​ញ​ថា ការព្យា​បាល​ជំងឺ​របេង ​ត្រូវបាន​ប៉ះ​ពាល់​ដោយ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​​បញ្ជាក់ថា​​៖ «​ការ​អង្កេត​លើក​ទី​៣​នេះ​នឹង​រួម​ចំណែក​ដល់​ការធ្វើ​បច្ចុប្បន្ន​ភាព ​យុទ្ធសាស្ត្រ​ផ្អែក​លើ​ភ័ស្តុ​តាង ដែល​នឹង​ជួយ​ស្វែង​រក​គ្រប់​ករណី និង​លុប​បំបាត់​ជំងឺ​របេង​»​។​


​ដោយ​ឡែក​លោក ​ហួត ចាន់​យុ​ដា ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​កម្ចាត់​រោគ​របេ​ង និង​ហង់​សិន ​បាន​ឱ្យដឹង​ដែរ​ថា ក្រុម​អង្កេត​កំពុង​ប្រមូល​ទិន្ន​ន័យ​ក្នុង​តំបន់​គោលដៅ​​នៅ​ទូទាំង​ប្រទេស​ ហើយ​លទ្ធ​ផល​អង្កេត​លើក​ទី​៣​នេះ ​នឹង​ជួយ​កម្ពុជា​បង្កើត​ផែន​ការ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​បញ្ចប់​ជំងឺ​របេង សង្គ្រោះ​ជីវិត​ និង​ការ​ពារ​ប្រជា​ពលរដ្ឋ​ពី​ការ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​បន្ថែម​ទៀត​ស្រប​តាម​គោល​ដៅ​អភិវ​ឌ្ឍន៍​ប្រកបដោ​យ​ចី​រភាព​របស់​អង្គកា​រស​ហប្រជា​ជាតិ (SDGs) ​និង​គោល​ដៅ​យុទ្ធ​សាស្ត្រ​បញ្ចប់​ជំងឺ​របេង​។​

​លោក​ចាន់​យុ​ដា ​បាន​បន្ត​ថា​៖ «​ការ​អង្កេត​នេះ វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​កា​រតាម​ដាន​និន្នា​ការ​នៃ​ជំងឺរ​បេង ហើយ​តាម​រយៈ​ដំណើរ​ការ​ពិនិត្យ​ អ្នក​ដែល​បានធ្វើ​តេស្ត​វិជ្ជ​មាន​ក៏​ត្រូវ​បាន​បញ្ជូនទៅ​​ព្យាបា​ល​ផងដែ​រ​។ ការព្យាបា​ល​ទាន់ពេ​លវេលា​​អាច​ធ្វើឱ្យ​ប្រសើរឡើង​​នូវ​ឱកាស​នៃ​ការ​ជាសះស្បើយ​​របស់​ពួកគា​ត់ កាត់​បន្ថយ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ពួក​គាត់​និង​កាត់​បន្ថ​យ​ហានិ​ភ័យ​នៃ​ការរីក​រាល​ដាល​នៃ​ជំងឺរ​បេង​នៅ​ក្នុង​សហ​គមន៍​ពួកគា​ត់​ផង​ដែរ​»​។​

​ជាមួ​យគ្នា​​នោះ ​លោក Justin Whyatt​ ឯក​អគ្គរ​ដ្ឋទូ​ត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា ​ក៏បាន​ឱ្យដឹ​ង​ដែរ​ថា ការ​កសាង​ភ័ស្តុ​តាង​អំពី​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួ​យ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​លុបបំ​បាត់​ជំងឺ​របេង​ ខណៈ​ការ​លុបបំ​បាត់​នេះ វា​ស្ថិត​នៅ​ជាមួ​យនឹង​ការ​ងារ​របស់​​អូស្ត្រាលី​ក្នុង​ការ​ជួយ​កម្ពុជា​លើ​ការកែ​លម្អ​ប្រព័ន្ធ​សុខាភិបា​ល ​ដូច្នេះ​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា អាច​ទទួល​បាន​ការ​ព្យាបា​ល​ដែល​មាន​គុណភា​ព​ល្អ​។

​លោក​លើក​ឡើង​ថា​៖«​ជាមួ​យនឹ​ង​លទ្ធ​ផល​រំពឹងទុក​នៅ​ពាក់ក​ណ្តាល​​ឆ្នាំ​២០២៤ ​ទិន្នន័យ​ដែល​ប្រមូលបា​ន​ពី​ការអង្កេ​ត ​នឹងមិន​ត្រឹមតែ​ជួយ​កំណត់​អនាគត​ដែល​​គ្មាន​ជំងឺរ​បេង​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​រួមចំ​ណែក​ដល់​ការ​ប្រយុ​ទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង​ជា​សកល​ផង​ដែរ​»​។​

​​សូ​មប​ញ្ជាក់ថា​ យោងតា​ម​ការអ​ង្កេត​ប្រេ​វ៉ាឡង់​ជំងឺរ​បេង​ថ្នាក់​ជាតិ​លើក​ទី​២ បាន​ប​ង្ហាញថា នៅ​ប្រទេស​កម្ពុជា អត្រា​ប្រេ​វ៉ាឡង់​ជំងឺរ​បេង​បាន​ធ្លាក់​ចុះ​ពី ​២៦៩​នាក់ ​ក្នុងចំ​ណោម​មនុស្ស១០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០០២​ មក​នៅត្រឹម​ ១៧១​នាក់ ក្នុង​ចំណោម​មនុស្ស ​១០​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១១​៕