ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​សន្តិ​​ភាព​ទីក្រុង​ប៉ារីស ​២៣ តុលា ជា​គំរូ​បង្ហាញថា សង្គ្រាម​អាច​បញ្ចប់​ទៅបាន​ដោយ​កិច្ចចរចា​ជាង​ការបញ្ចប់​ដោយ​ប្រើប្រាស់​អាវុធ​ដើម្បី​អាច​ស្វែងរក​សន្តិ​ភាព​ពិតប្រាកដ​។​


​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បែបនេះ​ធ្វើឡើង​តាមរយៈ​សំណេរ​នៅលើ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់លោក​នៅ​ថ្ងៃទី ​២២ ខែតុលា ដោយ​លោក​បាន​ភ្ជាប់​ជាមួយ​ភាព​យន្ត​ឯកសារ​ស្តីអំពី​កិច្ច​ព្រម​​ព្រៀង​ទីក្រុង​ប៉ារីស​នៅ​ចំ​ខួប​លើក​ទី៣២ នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ១៩៩១ ដល់​ឆ្នាំ ២០២៣​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានសរសេរថា កិច្ចព្រមព្រៀង​នេះ​បាន​បិទ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ជាង​ ៥០០​ ឆ្នាំ របស់​មាតុភូមិ​កម្ពុជា ហើយ​មាន​គោលដៅ​ស្វែងរក​សន្តិភាព និង​បញ្ចប់សង្គ្រាម​ជូន​ប្រជាជាតិ​ដែលជា​គំនិត​ផ្តួច​ផ្តើមឡើង​ដោយ​ព្រះបាទ​នរោត្តម សីហនុ និង​លោក​អតីត​នាយក​​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​។​


​លោក​បាន​បញ្ជាក់ថា៖ «​គ្មាន​សង្គ្រាម​ណាមួយ​អាច​បញ្ចប់​ទៅបាន​ដោយ​ការប្រើប្រាស់​អាវុធ​នោះទេ ប៉ុន្តែ​សង្គ្រាម​បញ្ចប់​ទៅបាន​ដោយ​កិច្ចចរចា ដើម្បី​ស្វែងរក​សន្តិភាព​»​។​

លោក ​ទៀ បាញ់ អតីត​រដ្ឋ​​មន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​អមដំណើរ​លោក ​ហ៊ុន​ សែន គ្រា​ស្វែងរក​កិច្ចចរចា​សន្តិភាព​ទីក្រុង​ប៉ារីស​បានឱ្យដឹង​នៅ​ថ្ងៃទី ​២២ ខែតុលា ដែរ​ថា ទម្រាំ​អាច​កើតមាន​កិច្ច​ព្រម​​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន គឺជា​ដំណើរ​ពុះពារ​ដ៏​វែងឆ្ងាយ​មួយ ជាពិសេស​ឆន្ទៈ​របស់​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ដើម្បី​ទទួលបាន​សន្តិភាព ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ជម្លោះ​។​


​លោក ទៀ បាញ់ មានប្រសាសន៍ថា​៖ «​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ជា​ចំណែក​មួយ​ដើម្បី​បេសកកម្ម​កសាង​សន្តិភាព​នៅ​កម្ពុជា ពិសេស​ជា​ជំហាន​សម្រាប់​សន្តិភាព​ពេញ​លេញ​នៃ​ការអនុវត្តន​យោ​បាយ​ឈ្នះ​-​ឈ្នះ​»​។​

​លោក​បាន​បន្តថា កិច្ច​ព្រម​ព្រៀង​នេះ បង្ហាញ​ពី​សុច្ឆន្ទៈ​ពី​គ្រប់ភាគី​ជម្លោះ​ក្នុង​ការកសាង​សន្តិភាព ជាពិសេស​ពី​ភាគី​រដ្ឋ​កម្ពុជា ដែល​ចង់​បញ្ចប់​ជម្លោះ​ដោយ​កិច្ចចរចា ជាជាង​ការប្រើ​ប្រដាប់អាវុធ​និង​យោធា​។ កិច្ច​ព្រម​ព្រៀង​នេះ​ទៀតសោត​ជា​ច្រក​នាំមក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រ​ជា​ជាតិ​នៅ​កម្ពុជា​ពី​ឆ្នាំ​ ១៩៩១ ដល់​ឆ្នាំ ​១៩៩៣​ ដែល​ហៅ​កាត់​ថា អ៊ុនតាក់ ​(UNTAC)​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ១៩៩១ មាន​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ចំនួន​ ១៨ បូករួម​នឹង​កម្ពុជា ដែល​គ្រានោះ​កម្ពុ​ជាមាន​ភាគី​ចំនួន ​៤ គឺ​រដ្ឋ​កម្ពុជា​, ហ្វ៊ុន​ស៊ិន​ប៉ិច​,​ រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់លោក សឺ​ន​ សាន និង​ភាគី​ខ្មែរក្រហម ដោយ​រួមបញ្ចូល​គ្នា​បង្កើតជា​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់ SNC​។

​ក្នុងនោះ មាន​កិច្ចព្រមព្រៀង​តូចៗ​ចំនួន​ ២ និង​សេចក្តី​ថ្លែង​​ការណ៍​ ១ រួមមាន ទី​១ កិច្ច​ព្រម​ព្រៀង​ស្តីពី​ការដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា​,​ទី​២ កិច្ច​ព្រម​ព្រៀង​ពី​ការគោរព​ឯករាជ្យ​អធិប​តេ​យ្យ បូរណភាព និង​អ​ព្យា​ក្រឹ​តរបស់​កម្ពុជា និង​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​លើកឡើងថា កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ពិតជា​បាន​ចូលរួម​ចំណែក​កសាង​សន្តិភាព​នៅ​កម្ពុជា​ដែល​បាន​ផ្សះផ្សា​ជម្លោះ​រវាង​អ្នកនយោបាយ និង​អ្នក​នយោបាយ​ដោយ​ការចរចា ជាពិសេស​ពី​ភាគី​ព្រះ​បរម​រតន​កោដ្ឋ និង​ភាគី​លោក​ហ៊ុន សែន ដើម្បី​បិទ​បញ្ចប់​សោកនាដកម្ម​របស់​ខ្មែរ​ពី​ភ្នក់ភ្លើងសង្គ្រាម​។​

​លោក​បន្តថា ដំណើរ​ទៅរក​កិច្ចព្រមព្រៀង​សន្តិភាព​ថ្ងៃទី ​២៣ ខែតុលា ក្នុង​ឆ្នាំ​ ១៩៩១ ពោលគឺ ​៣២ ​ឆ្នាំមុន កើតចេញពី​ការបោះ​ដៃ​ឱ្យ​គ្នា​រវាង​ភាគី​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ចាប់​​ពី​ឆ្នាំ ១៩៨៧ ដែលមាន​កិច្ច​​សន្ទនា​គ្នា​ជា​ហូរហែ ជាច្រើន​ដំណាក់កាល​ដោយមាន​ការ​ជួយ​សម្របសម្រួល​ពីរ​ដ្ឋ​បរទេស​ក្នុង​តំបន់​អាស៊ាន ជាពិសេស​ក្រុម​ប្រទេស​មហាអំណាច ក្រោយពី​មានការ​បិទ​បញ្ចប់សង្គ្រាម​ត្រជាក់​។​

​លោក​ យង់ ពៅ បញ្ជាក់ថា​៖ «​បើ​គ្មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​មិន​អាចមាន​កម្ពុជា​សព្វថ្ងៃ​នេះឡើយ​។ កម្ពុជា​អាច​នឹង​បន្ត​ខ្ទេចខ្ទាំ​ដោយ​ភ្លើង​សង្គ្រាម​បើ​គ្មាន​ការចរចា​។ កិច្ច​ព្រមព្រៀង​នេះ​ជា​សារ​ប្រវត្តិ​សាស្ត្រ​ប្រាប់​ខ្មែរ​ជំនាន់​ក្រោយ​ថា មានតែ​ខ្មែរ​គ្នាឯង មានតែ​សាមគ្គី​គ្នា រួមគ្នា ទើប​អាច​សម្រេច​កិច្ចការ​ធំ​បាន​»​។​

​លោក​បាន​បន្តថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​កំពុង​លាយ​បញ្ចូល​ជាមួយ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដោយ​ការគោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​ជាតិ​ដែលមាន​បញ្ចូល​ខ្លឹមសារ​ពី​កិច្ច​ព្រម​ព្រៀង​នេះ​។​

​ចំណែក លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិ​ប​តេ​យ្យ​កម្ពុជា​បាន​ថ្លែង​ដែរ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​ជា​អន្តរជាតិ ដែលជា​យន្តការ​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ ព្រមទាំង​ខ្មែរ​និង​បរទេស​មួយចំនួន ដើម្បី​ឯកភាព​ជាតិ បូរណភាព​ទឹកដី អធិបតេយ្យ និង ឯករាជភាព​របស់​ក​ម្ពុ​ជា​ជាមួយ​គោលការណ៍​សិទ្ធិមនុស្ស​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍ​កម្ពុជា​សម័យ​ទំនើប​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កិច្ច​ព្រមព្រៀង​តូចៗ​មួយចំនួន​បាន​អនុវត្ត​បញ្ចប់​ហើយ ប៉ុន្តែ​នៅមាន​មួយចំនួន​នៅមាន​អាទិភាព​សម្រាប់​អនុវត្ត​ទាំង​សម្រាប់​កម្ពុជា និង​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ដើម្បី​ជួយ​កម្ពុជា​ឱ្យមាន​សន្តិភាព​ការបង្រួបបង្រួម​ជាតិ និង​អព្យាក្រឹតភាព​»​។​

​ចំណែក លោក ស្រ៊ុន ស្រ៊ន សកម្មជន​ដែល​ផ្សព្វផ្សាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ថ្លែង​ដែរ​ថា កិច្ច​ព្រម​ព្រៀង​នេះ​មាន​សារៈសំខាន់​ធំៗ​ចំនួន​ ៣ ​រួមមាន ទី​១ ជាការ​កាត់​ផ្តាច់​ស្រមោល​របប​និង​ព្រឹត្តិការ​ណ៍​នយោបាយ​អតីតកាល​,​ ទី​២ ជា​ក្បួន​បង្កើត​យុគសម័យ​កាល​ថ្មី​មួយ​សម្រាប់​រប​បន​យោ​បាយ​ដឹកនាំ​រដ្ឋ​កម្ពុជា​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ និង​ធានាបាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣​។​

​លោក​បន្តថា ទី​៣ ជាការ​ធានា​លើ​បូរណភាព​ទឹកដី​កម្ពុជា ទាំង​ការការពារ​លើ​ដែន​អធិប​​តេ​យ្យ​បច្ចុប្បន្ន និង​ជា​យន្តការ​ទាមទារ​ទឹកដី​ដែល​បរទេស​ឈ្លានពាន​មុន​កិច្ចព្រមព្រៀង​នេះ​ប្រសូត​ឡើង​។​

​លោក​ថា​៖ «​ឯកសារ​នេះហើយ ដែលជា​ក្បួន​បន្ត​សម្រាប់​ខ្មែរ ហើយ​យើង​អាច​សងគុណ​ដូនតា រក​យុត្តិធម៌​ពី​អតីតកាល​មុន​ ១៩៩១ និង​ទៅ​អនាគត​ជា​ឯកសារ​បង្គោល​ផ្លូវច្បាប់​ក្នុងការ​ការពារ​ខ្មែរ​ពី​ការឈ្លានពាន​របស់​បរ​ទេស ព្រមទាំង​ភាពចុះ​សម្រុង​នឹង​អន្តរជាតិ​ដើម្បី​សន្តិភាព​»៕