​ភ្នំពេញៈ មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ក្រុមប្រឹក្សា​សហ​​ប្រតិបត្តិការ​ឈូង​សមុទ្រ ​(GCC) បាន​ថ្កោលទោស​ការ​វាយ​​ប្រហារ​លើ​ជន​ស៊ីវិល​ក្នុង​ជម្លោះ​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ ​(Gaza) ​របស់​ប៉ា​ឡេ​ស្ទី​ន និង​បាន​ជំរុញឱ្យមាន​បទ​ឈប់​បាញ់ ខណៈ​មនុស្ស​ជាង ​១ ៤០០ ​នាក់​នៅ​អ៊ី​ស្រា​អែល និង​ជាង ​៤ ០០០​ នាក់​នៅ​ហ្គា​ហ្សា​ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់​ចាប់តាំងពី​ជម្លោះ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ប្រមាណ​ ២​ សប្តាហ៍​មកនេះ​។​


​ការ​ថ្កោលទោស​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល GCC-​អាស៊ាន ​កាលពី​ថ្ងៃទី​ ២០ ខែតុលា នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ដែល​មេដឹកនាំ​ទាំង​នោះបាន​ផ្លាស​ប្តូរ​ទស្សនៈ និង​សម្ដែង​ការ​​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវឌ្ឍ​នៃ​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា​នៅ​មជ្ឈិមបូព៌ា​នេះ​។​

​កិច្ចប្រជុំ​កំពូល​នេះ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman​ព្រះមហា​​ក្សត្រ និង​ជា​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អា​រ៉ា​ប៊ី​ សាអ៊ូ​ឌី​ត និង​លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ដោយមាន​ការចូលរួម​ពី​មេដឹកនាំ GCC មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន និង​អគ្គលេខាធិការ GCC​។ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត និង​អគ្គ​​លេខាធិការ​អាស៊ាន លោក កៅ គឹមហួន ក៏មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះដែរ​។​


​សេចក្តីថ្លែងការណ៍​នៃ​កិច្ច​​ប្រជុំ​កំពូល​នេះ​បញ្ជា​ក់នា​ថ្ងៃទី ​២០ ខែតុលាថា​៖ «[​យើង​] ថ្កោលទោស​រាល់​ការវាយប្រហារ​លើ​ជន​ស៊ីវិល និង​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​យូរអង្វែង ព្រមទាំង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​បំផុត​ចំពោះ​ជំនួយ​មនុស្សធម៌ ជំនួយ​សង្គ្រោះបន្ទាន់ តម្រូវការ​ជា​មូលដ្ឋាន និង​សេវា​សំខាន់ៗ​ផ្សេងទៀត ក៏ដូចជា​ការស្ដារ​ឡើងវិញ​នូវ​អគ្គិសនី ទឹក និង​អនុញ្ញាត​ឱ្យមាន​ការដឹក​ជញ្ជូន​ប្រេងឥន្ធនៈ អាហារ និង​ថ្នាំ​ពេទ្យ​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា​ដោយ​មិនមាន​ការរារាំង​។​

​មេដឹកនាំ​ទាំងអស់​អំពាវនាវ​ឱ្យ​ភាគី​ជម្លោះ​ទាំងអស់ ការពារ​ជន​ស៊ីវិល ចៀសវាង​កំណត់​គោលដៅ​វាយប្រហារ​លើ​ជន​​ស៊ីវិល និង​គោរព​តាមច្បាប់​មនុស្សធម៌​អន្តរជាតិ ជាពិសេស​គោលការណ៍ និង​បទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ទាក់ទង​នឹង​ការការពារ​ជន​ស៊ីវិល​ក្នុងសម័យ​សង្គ្រាម ថ្ងៃទី​១២ ខែសីហា ឆ្នាំ ​១៩៤៩​។​


​មេដឹកនាំ​ទាំងអស់​ក៏​អំពាវ​​នាវ​ឱ្យមាន​ការដោះលែង​ចំណាប់​ខ្មាំង និង​អ្នក​ជាប់ឃុំ​ជា​ជន​ស៊ីវិល​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ជាពិសេស​ស្ត្រី កុមារ អ្នកជំងឺ និង​មនុស្ស​ចាស់​។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា​៖ «[​យើង​] ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ឈានទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នេះ​ក្នុង​គោលបំណង​សម្រេចបាន​នូវ​ដំណោះស្រាយ​រដ្ឋ​ ២ ដោយ​ផ្អែកលើ​ព្រំដែន​មុន​ឆ្នាំ ១៩៦៧ ស្របតាម​ច្បាប់​អន្តរជាតិ និងសេចក្តីសម្រេច​ពាក់​ព័ន្ធ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC)»​។​

​កិច្ចប្រជុំ​កំពូល​នេះ​បាន​ឯក​ភាព​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អារ៉ាប៊ីសាអ៊ូឌីត សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​រដ្ឋ​អារ៉ាប់ ដើម្បី​ស្តារឡើងវិញ​នូវ​ដំណើរការ​សន្តិ​ភាព​មជ្ឈិមបូព៌ា ដោយ​សហ​ការ​ជាមួយ​អេ​ហ្ស៊ី​ប និង​ហ្ស៊​ក​ដា​នី និង​ដោះស្រាយ​ជម្លោះ​រវាង​អ៊ី​ស្រា​អែល និង​ប្រទេសជិតខាង​ស្របតាម​ច្បាប់​អន្តរ​ជាតិ និងសេចក្តីសម្រេច​ទាំង​​អស់​គ្នា​របស់​អង្គការ​សហ​​ប្រជាជាតិ​ស្តីពី​ជម្លោះ​នេះ​។​

​ដោយឡែក​នៅ​ថ្ងៃទី ​២០ ខែតុលា ដដែល​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែរ​ដោយ​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃ​ជម្លោះ​ប្រដាប់អាវុធ​នាពេល​ថ្មីៗ​នេះ​នៅ​មជ្ឈិមបូព៌ា​។​

​រដ្ឋមន្ត្រី​ទាំងអស់​បាន​ជំ​រុញឱ្យ​បញ្ឈប់​អំពើហិង្សា​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការស្លាប់ និង​របួស​មនុស្ស​បន្ថែ​ម​ទៀត និង​អំពាវនាវ​ឱ្យមាន​ការគោរព​ឱ្យបាន​ពេញលេញ​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​បង្កើត​ច្រក​​របៀង​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព ឆាប់រហ័ស និង​គ្មាន​ការរារាំង​។​

​សេចក្តីថ្លែងការណ៍​នេះ​បញ្ជាក់ថា​៖ «​យើង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើហិង្សា​ដែល​នាំទៅដល់​ការស្លាប់ និង​របួស​ជន​ស៊ីវិល ដែល​ក្នុងនោះ​មាន​ជនជាតិ​នៃ​ប្រទេស​អាស៊ាន​ផងដែរ​។ យើង​សូមបញ្ជាក់​សា​ជាថ្មី​នូវ​ការគាំទ្រ​របស់​យើង​ចំពោះ​ដំណោះស្រាយ​រដ្ឋ​ ២ ​ដែល​ត្រូវបាន​បាន​ចរចា​រួចមកហើយ ដែល​អនុញ្ញាតឱ្យ​ទាំង​អ៊ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន​រស់នៅ​ក្បែរ​គ្នា​ក្នុង​សន្តិភាព និង​សន្តិសុខ​ស្របតាម​សេចក្តី​​សម្រេច​ពាក់ព័ន្ធ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​​ប្រជាជាតិ​។ នេះ​ជា​ផ្លូវ​តែ ​១ ​គត់​ដែល​អាច​ដោះស្រាយ​មូល​ហេតុ​នៃ​ជម្លោះ​»​។​

​រដ្ឋមន្ត្រី​ទាំងអស់​បាន​អំពាវ​នាវ​បន្ថែមទៀត​ដល់​ភាគី​ទាំង​អស់​ឱ្យ​ការពារ និង​ធានា​សុវត្ថិ​​ភាព និង​សន្តិសុខ​ដល់​ជន​ស៊ីវិល​ទាំងអស់ រួមទាំង​ជន​ជាតិ​អាស៊ាន និង​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​រដ្ឋមន្ត្រី​ទាំងអស់​បានបញ្ជាក់​សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជនជាតិ​អាស៊ាន ស្របតាម​សេចក្តីប្រកាស​របស់​អាស៊ាន​ស្តីពី​គោលការណ៍​ណែនាំ​ស្តីពី​ជំនួយ​កុងស៊ុល​ដោយ​បេសកកម្ម​របស់​ប្រទេស​សមាជិក​អាស៊ាន​នៅ​ប្រទេស​ទី​ ៣ ​ដល់​ជនជាតិ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ដទៃទៀត និង​គោល​ការណ៍​ណែនាំ​សម្រាប់​ការផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ ដោយ​បេសកកម្ម​អាស៊ាន​នៅ​ប្រទេស​ទី​៣ ​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ស្ថាន​ភាព​វិបត្តិ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា​៖ «​យើង​សូម​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​គាំទ្រ​ដំណើរការ​សន្តិភាព ដើម្បី​ធានាបាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​នៅក្នុង​តំបន់​នេះ​»​។​

​យោងតាម​សារព័ត៌មាន​អន្តរ​ជាតិ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ​២២ ខែតុលាថា ក្នុង​រយៈ​​ពេល ២​ សប្តាហ៍​ចាប់តាំងពី​ក្រុម​ហា​ម៉ាស់​បានចាប់ផ្តើម​ការវាយប្រហា​រ​របស់ខ្លួន​លើ​អ៊ីស្រា​អែល​កាលពី​ថ្ងៃទី​ ៧ ខែតុលា​មក មាន​មនុស្ស​ជាង​ ១ ៤០០​ នាក់​បាន​ស្លាប់​នៅ​អ៊ីស្រា​អែល និង​ជាង​ ៤ ០០០​ នាក់​បាន​ស្លាប់​នៅ​ហ្គា​ហ្សា​។ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ ១​ លាន​នាក់ ដែល​ក្នុងនោះ​ពាក់កណ្តាល​ជា​កុមារ ត្រូវបាន​រាយការណ៍​ថា​បាន​ភៀសខ្លួន​៕