ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ១៩ ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្តិភាព និងមានសណ្តាប់ធ្នាប់ល្អ ខណៈគ.ជ.បក៏ត្រៀមការបិទផ្សាយបញ្ជីបោះឆ្នោតបឋម នៅថ្ងៃទី ២៤ ខែវិច្ឆិកា ខាងមុខនេះដែរ។
លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ដូចនេះ នៅថ្ងៃទី ២៣ ខែតុលា ក្រោយពេលដែលបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ៖ «នៅក្នុងដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នេះ ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនបានចាប់អារម្មណ៍នៅក្នុងវិស័យបោះឆ្នោតនេះ ដោយបានត្រៀមលក្ខណៈ និងបានជំរុញឱ្យសាច់ញាតិរបស់ខ្លួនទៅចុះឈ្មោះ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតនៅពេលខាងមុខ។ ជាមួយគ្នានេះ ទោះបីមានការលំបាកអាកាសធាតុក៏ដោយ ខ្ញុំសង្កេតឃើញថា ក្រុមការងារបានអនុវត្តការងាររបស់ខ្លួនបានល្អ ដោយមានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងមិនមានបញ្ហានោះទេ»។
លោកបន្តថា ក្រោយពេលបិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣មន្ត្រីជំនាញរបស់ គ.ជ.ប បាននិងកំពុងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលត្រូវបានផ្ញើមកពីបណ្តារាជធានីខេត្តនានា ដើម្បីឱ្យប្រាកដថា ទាំងទិន្នន័យ និងបញ្ជីឈ្មោះត្រឹមត្រូវ ដើម្បីឈានទៅបិទផ្សាយបឋមនូវបញ្ជីឈ្មោះនេះ នៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ ដើម្បី ឱ្យអ្នកមានឈ្មោះបានពិនិត្យមើលទិន្នន័យ និងឈ្មោះរបស់ខ្លួន។
លោក ហ៊ែល សារ៉ាត់ សមាជិកគ.ជ.ប ថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត កាលពីថ្ងៃទី១៩ ខែតុលាកន្លងមកថា បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងភូមិសាស្ត្រមួយចំនួនក្នុងឃុំសង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នាក៏ដោយ ប៉ុន្តែមិនមានជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។
លោកថា៖ «គ.ជ.ប មានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌ គ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តំបន់នៅឆ្ងាយ និងមានភូមិសាស្ត្រស្មុគស្មាញ ឱ្យតែមានពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមការងារយើងព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះ ទៅដល់ក្បែរពួកគាត់តែម្តង ដើម្បីងាយស្រួលក្នុងការមកចុះឈ្មោះ»។
លោកក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បញ្ចប់ទៅដោយរលូន និងដោយជោគជ័យ។
យោងតាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ របស់គ.ជ.បបង្ហាញថា គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ២២៦ ០៨៧នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១១៧៩៩៥នាក់,អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន១៨០៥០នាក់និងអ្នកផ្ទេរចូលក្នុងឃុំសង្កាត់ថ្មីមានចំនួន៤៥៤០៩នាក់៕