ភ្នំពេញៈ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា មាន​ក្រុមហ៊ុន​ផលិត​កង់​រថយន្ត​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន ដែលមាន​ឈ្មោះថា ​Wanli Tires បានសម្រេច​ចិត្តនឹង​សិក្សា​លម្អិត ដើម្បី​ពិនិត្យ​លទ្ធភាព​បើក​រោងចក្រ​ផលិត​សម្បកកង់​រថយន្ត​រប​ស់​ខ្លួន​នៅ​កម្ពុជា​។​

​តាម​ការចេញផ្សាយ​រប​ស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ជី​ង គ័ង​ជីន​(Jing Guangjun)​ នាយករង និង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជា​សមាជិក​របស់​ក្រុមហ៊ុន​ធំ​បំផុត ​៥០០ នៅលើ​ពិភពលោក (Fortune 500) និង​មាន​ក្រុមហ៊ុន Wanli Tires ដែល​ផលិត​កង់​រថយន្ត​ដ៏​ធំ​របស់​ប្រទេស​ចិន​ជា​បុត្រ​សម្ព័ន្ធ​។​


​នា​ជំនួប​នោះ ក្នុងទិសដៅ​ដើម្បី​ជំ​រុញឱ្យ​ក្រុមហ៊ុន​សម្រេចចិត្ត​ចូលមក​វិនិយោគ​នៅ​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​លើក​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ ដែល​កើន​ជា​មធ្យម​៧​ភាគរយ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពេញ​ផ្ទៃ​ប្រទេស ​ដែល​ត្រូវបាន​ចាត់ទុកជា​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​សម្រាប់​វិនិយោគិន ក្នុងនោះ​រួមមាន អាកាសយានដ្ឋាន​ថ្មី​ខេត្តសៀមរាប អាកាសយានដ្ឋាន​ថ្មី​ក្រុងភ្នំពេញ ការសិក្សា​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវ​រថភ្លើង​ភ្នំពេញ​-​បោយ​ប៉ែត និង​គម្រោង​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ជាដើម​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បន្តថា ការលើកឡើង​នូវគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី មាន​គោលដៅ​ចង់​ទាក់ទាញ ក្រុមហ៊ុន​ផលិត​កង់​រថយន្ត Wanli Tires ឱ្យទៅ​បើក​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​កម្ពុជា ដោយ​លោក​អះអាងថា ​កន្លងទៅ​មាន​វិនិយោគិន​ចិន ដែល​ធ្លាប់​ទទួលបាន​ជោគជ័យ លើ​ការដាក់​បណ្ដាក់ទុន​ផលិត​សម្បក​កង់​រថយន្ត​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។


​នាឱកាស​នោះដែរ លោក ជី​ង គ័ង​ជីន (Jing Guangjun)​ នាយករង និង​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ក្រុមហ៊ុន Wanli Tires​ បានសម្រេច​ចិត្តនឹង​មក​សិក្សា​លម្អិត​លើ​ការបណ្ដាក់ទុន​វិនិយោគ ដើម្បី​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​ប្រទេស​កម្ពុជា ខណៈ​លោក ស៊ុន ចាន់ថុល អះអាងថា នឹង​ព្យាយាម​ផ្តល់​ការសម្របសម្រួល​លើ​ការសិក្សា​របស់​ក្រុមហ៊ុន ដើម្បី​អាចឱ្យ​ក្រុមហ៊ុន​ចាប់ផ្តើម​ការវិនិយោគ សាងសង់​រោងចក្រ និង​ផលិត​សម្បក​កង់​ទី​១​របស់ខ្លួន​នៅ​កម្ពុជា ឱ្យបាន​លឿន​បំផុត​។​

​ទាក់ទង​នឹង​គម្រោង​នេះដែរ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា យល់ឃើញថា កំណើន​នៃ​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត ឬក៏​រោងចក្រ​ផលិត​សម្ភារ​នានា​ធ្វើ​ពី​កៅស៊ូ គឺជា​អ្វីដែល​កម្ពុជា​ចង់បាន​បំផុត ខណៈដែល​កម្ពុជា មាន​ការដាំដុះ​កៅស៊ូ ដែលជា​វត្ថុធាតុដើម​យ៉ាង​សំខាន់​សម្រាប់​ការផលិត​សម្បកកង់​យានយន្ត ឬ​សម្ភារ​ទាំងនោះ​។​

​លោក​បាន​ថ្លែងថា តាម​ការសង្កេត​របស់​លោក ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ ចាប់ផ្តើម​មានការ​ថម​ថយ​បន្តិច ដោយសារតែ​កន្លងមក​ទីផ្សារ​និង​តម្លៃ​កៅស៊ូ​ឡើង​ចុះ​ទៅតាម​ឈ្មួញ​ដែល​នាំចេញ​។​ហេតុនេះ បើសិន​ជាមាន​រោងចក្រ​កែច្នៃ កៅស៊ូ​នៅក្នុង​ស្រុក កសិករ ឬ​អ្នក​ដាំ​ដុះ​កៅស៊ូ នឹងមិន​ចាំបាច់​ព្រួយបារម្ភ​ពី​បញ្ហា​ធ្លាក់​ថ្លៃ​កៅស៊ូ​ទៀត​នោះទេ​។​

​លោក លឹម ហេង បាន​បញ្ជាក់ថា​៖«​កន្លងមក​កៅស៊ូ​យើង​ផលិត​បានមក​នាំ​ចេញទៅ​ក្រៅ​ច្រើន ដូចជា​ទៅ​វៀតណាម​ជាដើម ដែល​វា​ធ្វើឱ្យ​យើង​បាត់បង់​តម្លៃបន្ថែម​ច្រើន ហើយ​តម្លៃ​កៅស៊ូ​នាំចេញ​នោះ​ទៀតសោត អាស្រ័យ​តែ​លើ​ឈ្មួញ​វៀតណាម​ឱ្យ​ថ្លៃ​ប៉ុណ្ណោះ ក្នុងករណី​គេ​មិន​ទិញ នោះ​វា​នឹង​នាំឱ្យ​គាំង​ចរន្ត​សាច់ប្រាក់​ក្នុងស្រុក​យើង​»​។​

​បើតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា នាំចេញ​កៅស៊ូ​ទៅ​ក្រៅប្រទេស​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣៣៣​លាន​ដុល្លារ កើនឡើង​ជាង​២២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២៕