ភ្នំពេញ: ក្នុង​ដំណើរ​ឆ្ពោះទៅ​​ការ​បង្កើត​ធនធាន​មនុស្ស​លើ​វិស័យ​​អប់រំ​អន្តរជាតិ​ សម្រាប់​និស្សិត​កម្ពុជា ​កម្មវិធី​ពិព័រណ៍​សិក្សា​ឆ្នាំ​២០២៣​ នឹង​ត្រូវបាន​រៀបចំលើក​ដំបូង​ និង​ធំបំផុត​​​នៅ​ថ្ងៃទី២៥​ និង២៦​ ខែតុលា ឆ្នាំ២០២៣​​។​


​កញ្ញា​ ឈាង យូគី​លី​សា មន្ត្រី​ផ្នែក​ទីផ្សារ​នៃ SpringBoard4Education បាន​​ឱ្យដឹង​ថា នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​​ពីមុនមក ក្នុង​គោលបំណង​ជំរុញ​និស្សិត​កម្ពុជា ទៅកាន់វេទិកា​អប់រំ​ពិភពលោក​។​

កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​Study Fair 2023 មិនមែន​គ្រាន់តែ​ជា​ពិព័រណ៍​ទេ វា​ជា​ច្រក​ផ្លូវ​សម្រាប់​យុវជន​របស់​យើង​ ដើម្បី​ទទួលបាន​បទពិសោធន៍​នៃ​ការអប់រំ​លំដាប់​ពិភពលោក​​»។​


​លើសពី​ការផ្ដល់​ព័ត៌មាន​ដល់​អ្នក​មាន​​​ទស្សន​វិស័យ​អប់រំអន្ដរជាតិ​ ពិព័រណ៍​ការ​សិក្សា​​មាន​តួនាទី​ជា​វេទិកា​មួយ​ដែល​សិស្ស​អាច​ស្វែងយល់​ពីលក្ខខណ្ឌ​​ជាក់លាក់​នៃ​តម្រូវ​ការមុន​ឈាន​ជើង​ចូល​​​សាកលវិទ្យាល័យ​។​

​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​នឹងមាន​ឱកាស​ធ្វើ​​ការ​ប្រស្រ័យ​ទាក់ទង​ផ្ទាល់​​​ជាមួយ​អ្នកតំណាង​មកពី​សាកលវិទ្យាល័យ​​នានា​​ ដើម្បី​ពិភាក្សា​អំពី​​តម្រូវការ​​​នាពេល​អនាគត និងគោល​ដៅ​​សិក្សា​របស់​ពួកគេ​។​


កញ្ញា​ លីសា​ បាន​និយាយថា៖​ «​​កម្មវិធី​ពិព័រណ៍​នេះបាន​ផ្ដល់​​ឱកាស​អាហារូបករណ៍សម្រាប់​សិស្សានុសិស្ស​ដែល​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ជំរុញ​បរិយា​កាស​​អំណោយ​ផលស​ម្រា​ប់​បណ្តាញ​និស្សិត​»។​

គ្រប់​មុខវិជ្ជាសិក្សា​​ទាំងអស់ត្រូវបាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ពិព័រណ៍​សិក្សា ជាមួយ​​​ការ​ផ្ដល់​ប្រឹក្សា​ពី​សំណាក់​អ្នក​​តំណាង​សាកល​វិទ្យាល័យនីមួយៗ​ ដោយ​ធានាថា ​សិស្សានុសិស្ស​គ្រប់រូប​ចាក​ចេញពី​សាល​ពិព័រណ៍​ជាមួយ​​ព័ត៌មាន​កាន់តែច្បាស់ និង​មាន​ចក្ខុវិស័យ​កាន់តែទូលំទូលាយ​​អំពី​ដំណើរ​សិក្សា​របស់​ពួកគេ​នៅខាងមុខ​។​

​សិស្ស​-និស្សិត​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​ឆ្នាំ២០២៣​ គឺ​ដើម្បី​ទទួលបាន​បទពិសោធន៍​ចម្រុះ​។ ក្រៅពី​ត្រូវបាន​ផ្ដល់​ប្រឹក្សា​​ដល់​តំណាង​​សាកលវិទ្យាល័យ​ជាង ១០០​ មកពី​ប្រទេស​ចំនួន ៧ ដូចជា អូស្ត្រាលី ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ស្វ៊ីស សិង្ហ​បុរី និង​ប្រទេស​ថៃ ​​ពួកគេ​នឹង​ទទួលបាន​ការយល់ដឹង​អំពី​តម្រូវការ​សាលារៀន​ផ្សេងៗ​គ្នា​។​

បុគ្គលិក​ផ្នែក​ទីផ្សារ កញ្ញា​ លីសា​ បាន​ពន្យល់ថា៖​ «​​សាលា​ខ្លះ​ផ្តល់​អាទិភាព​​លើ​ពិន្ទុ IELTS និង​ខ្លះ​ទៀត​សង្កត់ធ្ងន់​លើ GPA ​​ជាមូលដ្ឋាន​»​។​

SpringBoard4Education ​ជា​សហគ្រាស​សង្គម ដែល​ផ្តល់​ការប្រឹក្សា រៀបចំ​ទិដ្ឋាការ និង​ការ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​សម្រាប់​និស្សិត​ដែលមាន​បំណង​ចង់​សិក្សា​នៅ​បរទេស​។​

​​ប៉ុន្មាន​ឆ្នាំ​មកនេះ SpringBoard បាន​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​ទូទាំង​អាស៊ី ជាមួយនឹង​អង្គភាព​ដូចជា SpringBoard4Asia, SpringBoard4Cambodia និង​សាខា​របស់ខ្លួន​នៅ​វៀតណាម ថៃ និង​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​ឆ្នាំ២០១៥ ​​ជាការ​សម្គាល់​ពេលវេលា​ដ៏​សំខាន់​មួយ ដោយ​គ្រប់​អង្គភាពតាម​ប្រទេស​នីមួយៗ​ត្រូវ​បាន​ប្ដូរ​មក​ប្រើ​ឈ្មោះ​រួម​តែមួយ​ គឺ​​ Springboard4Education​។​

កញ្ញា លីសា បាន​និយាយថា​៖ «​​តាំងពី​ដំបូង​មក ការផ្តោត​សំខាន់​របស់​យើង​គឺ​ដើម្បី​ផ្តល់នូវ​ឱកាស​សិក្សា​ដ៏​ល្អ​បំផុត​។ ជា​រៀង​រាល់​ឆ្នាំ យើង​ណែនាំ​​សិស្ស​​រាប់រយ​នាក់​ទៅកាន់​ស្ថាប័ន​អប់រំ​ក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ តាមរយៈ​ការប្រឹក្សា និង​រៀបចំ​យ៉ាង​ហ្មត់​ចត់»​។​

កញ្ញា បាន​ឱ្យ​ដឹង​ថា អ្វីដែល​​គួរឱ្យ​ចាប់អារម្មណ៍ ​​គឺ​លទ្ធភាព​សម្រាប់​សិស្សានុសិស្ស​ដែល​រៀន​​ថ្នាក់​ទី ១០​ អាច​​ពិចារណា​អំពី​ឱកាស​សិក្សា​នៅក្នុង​ប្រទេស​​អូស្ត្រាលី​​​។​

​កញ្ញា​​បាន​បញ្ជាក់ថា​៖ «​សិស្ស​ថ្នាក់​ទី ១០ ​​អាច​សិក្សា​​តែ​១ឆ្នាំ​ក្នុងប្រទេស​អូស្ត្រាលី ហើយ​អាច​បញ្ចប់​បរិញ្ញាបត្ររ​បស់​ពួកគេ​ក្នុង​រយៈពេល​ត្រឹមតែ​៣​ឆ្នាំ​ប៉ុណ្ណោះ​»​។​

​សម្រាប់​អ្នក​ដែល​ពិចារណា​អំពី​ឱកាស​អាហារូបករណ៍ ពិព័រណ៍​សន្យា​ផ្តល់ព័ត៌មាន និង​ការណែនាំ​ច្រើន​។ ស្ថានទូត​ល្បីៗ​ចំនួន​៣​នឹង​បង្ហាញ​កម្មវិធី​អាហារូបករណ៍​របស់​ពួកគេ រួមមាន ​អាហារូបករណ៍ Fulbright របស់​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស Chevening និងអាហារូបករណ៍ Australia Awards របស់​​​អូស្ត្រាលី​។​

​លើសពីនេះ និស្សិត​អនាគត​មានឱកាស​ទទួល​បាន​នូវ​ខិត្តប័ណ្ណ​សម្រាប់​​ប្រឡង IELTS ដោយ​ឥតគិតថ្លៃ ប្រសិនបើ​ពួកគេ​កំពុង​ពិចារណា​សិក្សា​នៅ​បរទេស​។​

កញ្ញា លីសា​ បាន​បន្ថែម​ថា ស្ថាប័ន​​អប់រំ​អន្តរជាតិ​បច្ចុប្បន្ន​កំពុង​ចាប់​អារម្មណ៍​សិស្ស​-​កម្ពុជា​យ៉ាង​ខ្លាំង​ ដោយ​កញ្ញា​បាន​អះអាង​ថា​​៖ «​សិស្សានុសិស្ស​របស់​យើង​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្ពស់​ក្នុ​ងការ​សិក្សា​កម្រិត​ស្ដង់ដា​អន្ដរជាតិ​»​។​

​ពិព័រណ៍​ការ​សិក្សា​ថ្ងៃដំបូង ទី២៥ ​នឹង​ចាប់ផ្តើម​នៅ The Premier Center ​​សែន​សុខ និង​ថ្ងៃ​បន្ទាប់​នៅ Sofitel Phnom Penh Phokeethra​៕​