ភ្នំពេញៈ លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា អគារ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​ជិត ៤០០ ​អគារ ត្រូវ​បានកំណត់​អត្តសញ្ញាណ​កម្ម​រួចរាល់​ហើយ ខណៈដែល​ប្រតិបត្តិការ​បន្តទៀត នឹងធ្វើ​ការដោះស្រាយ​អគារ​ទាំងនោះ​ម្ដង​មួយៗ​ករណី ដើម្បី​ទទួលបាន​វិធានការ​ជា​កញ្ចប់​របស់​រាជរដ្ឋាភិបាល​។​


​លោក ឡុង ឌី​ម៉​ង់ ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​២៣ ខែតុលា ថា មកដល់ពេលនេះ ក្រុមការងារ​ដោះស្រាយ​បញ្ហា​ការវិនិយោគ​អគារ​ដែល​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងដំណាក់កាល​ទី​១​នេះ គឺ​បានធ្វើ​អត្តសញ្ញាណ​កម្ម​អគារ​ដែល​ជាប់គាំង​ជិត ៤០០ ​អគារ​បាន​រួចរាល់​អស់ហើយ​។

​លោក​បាន​បន្តថា ដូច្នេះ​អគារ​ដែល​បានធ្វើ​អត្តសញ្ញាណ​កម្ម​ជិត ៤០០​ អគារ​នេះ ត្រូវបាន​កំណត់ថា អគារ​ប្រភេទ​ណា​ដែល​ត្រូវ​ចាត់ទុកថា ជា​អគារ​ជាប់គាំង និង​ចាត់ទុកថា អគារ​ណា​ដែល​ត្រូវ​ដោះស្រាយ ក៏ដូចជា​កំណត់​អគារ​ណា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​កញ្ចប់​ថវិកា​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​។​


​លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា​៖ «​យើង​កំពុងតែ​ធ្វើ​លើ​ការងារ​ហ្នឹង ដូច្នេះ​យើង​មិនទាន់​អាច​ឆ្លើយបាន​ថា មាន​ចំនួន​អគារ​ប៉ុន្មាន​ដោះស្រាយបាន​នោះទេ​»​។​

​ចំពោះ​ប្រតិបត្តិការ​បន្តទៀត គឺ​ក្រុមការងារ​ដោះស្រាយ​អគារ​ជាប់គាំង កំពុង​កំណត់​តំបន់ ឬ​ទីតាំង​អគារ​ជាប់គាំង​ដែល​បានធ្វើ​អត្តសញ្ញាណ​កម្ម​រួចរាល់ ដើម្បី​ជាការ​លើកយក​បង្ហាញ​ទៅកាន់​អ្នកវិនិយោគ​ថ្មី ឬ​អ្នក​អភិវឌ្ឍ​ន៍ថ្មី ក្នុងការ​ពិចារណា​សម្រាប់​ការវិនិយោគ​ទៅលើ​តំបន់​នីមួយៗ​ថា ត្រូវ​សាក​សម​ធ្វើ​អាជីវកម្ម​អ្វី​។ នេះ​បើតាម​ការ​បញ្ជាកបន្ថែម​ពី​លោក ឡុង ឌី​ម៉​ង់​។​


​លោក​ក៏បាន​ឱ្យដឹងទៀតថា ដោយឡែក​ក្រុមការងារ​ដោះស្រាយ​អគារ​ជាប់គាំង ក៏បាន​ពិភាក្សាគ្នា ដើម្បី​រៀបចំ​បង្កើតជា​យន្តការ​មួយ​ច្បាស់លាស់ សម្រាប់​ដោះស្រាយ​ករណី​អគារ​ជាប់គាំង​នេះ​មួយ​ករណី​ម្ដងៗ ឱ្យស្រប​ទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ដាក់ចេញ​ជា​កញ្ចប់​វិធាន​លើកទឹកចិត្ត​។

​លោក​ថា​៖ «​ដូច្នេះ​ការរៀបចំ​យន្តការ​ទាំងនេះ នឹង​ជួយ​ទទួល​នូវ​សំណូមពរ សំណើ​ផ្សេងៗ​ពី​ម្ចាស់​អគារ ក៏ដូចជា​ម្ចាស់​ដី ដើម្បី​ដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ម្ដង​មួយៗ​ករណី​»​។​

​បើតាម​លោក ឡុង ឌី​ម៉​ង់ អះអាងថា អគារ​ដែល​បានធ្វើ​អត្តសញ្ញាណ​កម្ម​ជិត ៤០០​អគារ​នេះ ក្រុមការងារ​ដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង កំពុងធ្វើការ​ដោះស្រាយ ដោយបាន​ទទួល​សំណើ​ពី​ម្ចាស់​អគារ​ផង និង​ពី​ម្ចាស់​ដី​ផង​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ប្រជុំ​ជាមួយ​អន្តរក្រសួង ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត «​វិធានការ​ជា​កញ្ចប់​» សម្រាប់​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រៀមលក្ខណសម្បត្តិ​ទទួលយក​សំណើសុំ​ដោះស្រាយ​ពី​ម្ចាស់​គម្រោង ឬ​អ្នក​អភិវឌ្ឍន៍ និង​ឈានទៅរក​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ស្របតាម​ស្មារតី​ឈ្នះ​-​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕