ភ្នំពេញៈក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃប្រទេសចិន លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានលើកឡើងថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា ហើយលោកសង្ឃឹមថា ប្រទេសទាំង២ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតជាមួយគ្នាបន្តទៀត។
លោក វង សូត បានថ្លែងបែបនេះ នៅពេលជួបពិភាក្សាការងារជាមួយលោក វ៉ាង មីងយូ អនុប្រធានសភាពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
យោងតាមខ្លឹមសារនៃជំនួបដែលផ្តល់ដោយខុទ្ទកាល័យរបស់លោក វង សូត បានឱ្យដឹងថា លោកបានសម្តែងការអបអរសាទរចំពោះមិត្តចិនដែលបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមាន ប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចូលរួមផងដែរ។
នាឱកាសនោះ លោក វង សូត ក៏បានថ្លែងអំណរគុណចំពោះមិត្តចិនដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្រោមគម្រោងរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «កម្ពុជាតែងគាំទ្រជានិច្ចចំពោះគំនិតផ្តួចផ្តើមរបស់មិត្តចិន ជាអាទិ៍រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកលជាដើម»។
លោក វង សូត បន្តថា ៖ «ក្នុងនាមរដ្ឋសភាកម្ពុជា ខ្ញុំសូមសម្តែងការគាំទ្រចំពោះរដ្ឋាភិបាល ប្រទេសទាំង២ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននាពេលថ្មីៗនេះ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំង២»។
ក្នុងជំនួបនោះដែរ លោក វ៉ាង មីងយូ ក៏បានលើកឡើងដោយសម្តែងនូវមោទនភាពចំពោះប្រទេសទាំង២ កម្ពុជា-ចិន ដែលមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគ្នា ក្នុងនាមជាមិត្តដែកថែប និងជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយគ្នាតាំងពីឆ្នាំ២០១០មក។
តាមរយៈខ្លឹមសារពីខុទ្ទកាល័យលោក វង សូត បានបញ្ជាក់ថា ៖ «ដើម្បីឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំប្រទេសទាំង២ លោក វ៉ាង មីងយូ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងវប្បធម៌ រវាងខេត្តលាវនីង ជាមួយកម្ពុជា ជាពិសេសរវាងខេត្តលាវនីង ជាមួយខេត្តព្រះសីហនុ ដែលជាខេត្តបានចងសម្ព័ន្ធភាពជាមួយគ្នា»។
នៅថ្ងៃដដែលនោះដែរ លោក វង សូត ក៏មានជំនួបពិភាក្សាការងារជាមួយនឹងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងគណៈប្រតិភូ ដោយបានលើកឡើងពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាប្រពៃណីជាមួយគ្នា ក្នុងនាមប្រទេសមានភូមិផងរបងជាប់គ្នាដែលរហូតមកដល់សព្វថ្ងៃ ប្រទេសទាំង២មានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នាលើគ្រប់វិស័យ។
លោក វង សូត បានអបអរសាទរ និងមានមោទនភាពចំពោះប្រទេសទាំង២ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខណ្ឌសីមា រវាងប្រទេសទាំង២ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ និងសង្ឃឹមថា ប្រទេសទាំង២ នឹងសម្រេចបាននូវការព្រមព្រៀងលើព្រំដែន ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។
យោងតាមលទ្ធផលនៃជំនួបនេះ លោកអគ្គរដ្ឋទូតវៀតណាម ក៏បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំង២ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការថ្មីៗបន្ថែមទៀត។ លោក ង្វៀន ហ៊ុយតាំង ក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលរដ្ឋាភិបាលទាំង២បានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើការឃោសនាអប់រំ ដើម្បីឱ្យយុវជនជំនាន់ក្រោយ បានយល់អំពីទំនាក់ទំនង នៃប្រទេសទាំង២ កម្ពុជា-វៀតណាម។
លោក វង សូត បានគាំទ្រ និងឯកភាពចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ដោយលោកសង្ឃឹមថា ប្រទេសទាំង២ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍរួមគ្នាសម្រាប់កម្ពុជា-វៀតណាម៕