ភ្នំពេញៈ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ​(CARDI) ឱ្យដឹងថា ពូជស្រូវ​សែន​ក្រអូប ​០១​ ជា​ប្រភេទ​ស្រូវ​ក្រអូប​ស្រាល​ដែលមាន​រយៈពេល​ខ្លី មិន​ប្រកាន់​រដូវ ទទួលបាន​ទិន្នផល​ខ្ពស់ ខណៈ​បច្ចុប្បន្ន​កសិករ​ ៤០% ​កំពុង​ដាំ​ដុះ​ពូជស្រូវ​នេះ ដោយសារ​តែមាន​តម្រូវការ​ច្រើន​នៅ​ទីផ្សារ​ចិន និង​នៅ​អឺ​រ់ុ​ប​។

​លោក ឡោ ប៊ុណ្ណា នាយក CARDI បានឱ្យដឹង​នៅ​ថ្ងៃទី ​២៣ ខែតុលា​ថា ពូជស្រូវ​សែន​​ក្រអូប​ ០១​ នេះ ជា​ប្រភេទ​ពូជស្រូវ​ស្រាល ដែលមាន​ក្លិនក្រអូប បើសិនជា​កសិករ​ធ្វើជា​ស្រូវពង្រោះ​អាច​ប្រើប្រាស់​ពេល​ ១០៥ ​ថ្ងៃ ប៉ុន្តែ​បើ​ស្ទូង ត្រូវ​ប្រើពេល ​១១៥ ថ្ងៃ​។


​ពូជស្រូវ​នេះ​បានធ្វើ​ចេញពី​ពូជស្រូវ​សែន​ក្រអូប​ចំនួន ​៤​ ពូជ ក្នុង​រយៈពេល​ ៦ ​ឆ្នាំ ទើប​អាច​ជ្រើសរើស​ស្រ​ឡាយ​ពូជ​នេះ បាន​ ៣ ​ស្រ​ឡាយ​ហើយ​យកមក​ដាំ​លើដី​ស្រែ​ ២ ​ឆ្នាំ​ទៀត​ទើប​ចម្រាញ់​បាន​ស្រ​ឡាយ ​១ ​ដែល​ល្អ​ជាងគេ គឺ​ពូជ​សែន​ក្រអូប ​០១ ​នេះ ដែល​កសិករ​អាច​ដាំ​ដុះ​បាន​ដោយ​មិន​ប្រកាន់​រដូវ ប្រសិនបើ​គាត់​គ្រប់គ្រង​ទឹកបាន​ល្អ​។

លោក​បញ្ជាក់ថា​៖ «​ពូជស្រូវ​សែន​ក្រអូប០១ ​នេះ ជា​ពូជស្រូវ​មួយ​ដែលមាន​ទីផ្សារ​ល្អ ដោយ​តម្រូវការ​ទីផ្សារ​នៅក្រៅ​ប្រទេស​មាន​ច្រើន​ជុំវិញ​ពិភពលោក​។ ដូចនេះ​ពូជស្រូវ​នេះ មាន​លក្ខណៈ​ល្អ​ណាស់ សម្រាប់​កសិករ​យើង​ក្នុង​ការផលិត ដោយ​មិន​បារម្ភ​ក្នុង​ការខ្វះ​ទីផ្សារ​»​។​


​លោក​ថា ចំពោះ​ទិន្នផល​វិញ ស្រូវ​ប្រភេទ​នេះ ទទួលបាន​ផល​ចន្លោះ​ពី​ ៣,៩​ តោន ទៅ​ ៦ ​តោន ក្នុង ​១​ ហិកតា អាស្រ័យទៅលើ​ដី មាន​ជីជាតិ និង​មានទឹក​គ្រប់គ្រាន់​។ ពូជស្រូវ​សែន​ក្រអូប ​០១ ​នេះ ក្រសួងកសិកម្ម​បាន​បញ្ចេញ​ឱ្យ​កសិករ​ប្រើប្រាស់​កាលពី​ឆ្នាំ​ ២០១៩ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋា​​ភិ​បាល ជាពិសេស​ក្រសួងកសិកម្ម​បាន​ជំ​រុញឱ្យ​ប្រជាកសិករ​ប្រើប្រាស់​ពូជ​សុទ្ធ ដែល​ធ្វើឱ្យ​វា​មាន​លក្ខណៈ​ងាយស្រួល សម្រាប់​សហព័ន្ធ​ស្រូវ​អង្ករ​ក្នុង​ការប្រមូលទិញ​ដើម្បី​នាំចេញ​។​

​លោក​លើកឡើងថា​៖ «​កាលណា​គាត់​យក​ពូជ​សុទ្ធ​ទៅប្រើ​ប្រាស់ គឺ​កសិករ​យើង​គាត់​ចំណេញ​ច្រើន ដោយ​ទី​១ គាត់​អាច​កើន​ទិន្នផល​ដល់​ ១៥​ ភាគរយ​,​ ទី​២ ស្រូវ​មានគុណ​ភាពល្អ​មាន​ទីផ្សារ​។ ម្យ៉ាងវិញទៀត កសិករ​ត្រូវ​ប្រមូល​ផល​នៅពេល​ស្រូវ​ទុំ និង​មាន​សំណើម ២៥​ ទៅ​ ២៧ ​ភាគរយ ទើប​អាច​ផលិត​អង្ករ​ដែលមាន​គុណភាព​ល្អ​បាន​»​។​

​លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហ​​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ស្រូវ​សែន​ក្រអូប​ ០១ មាន​តម្រូវការ​ប្រហាក់ប្រហែលគ្នា​នៅ​ខាង​ទីផ្សា​អឺរ៉ុប និង​ចិន​។ ថ្វី​ដ្បិត​ការ​នាំចេញ​ស្ថិតនៅក្នុង​បរិមាណ​ប្រហែល​គ្នា​មែន​ប៉ុន្តែ​ចំពោះ​តម្លៃ​ទឹកប្រាក់​នៃ​ការនាំចេញ​វិញ អង្ករ​ផ្ការំដួល​ទទួលបាន​ទឹកប្រាក់​នាំ​ចេញ​ច្រើនជាងគេ​។

​លោក​ថា​៖ «​ពូជស្រូវ ផ្ការំដួល ដែល​ផលិត​ចេញ​ជា​អង្ករ​ប្រណីត​ផ្ការំដួល​ជា​អង្ករ​ល្អផ្តាច់គេ​លើ​លោក និង​មានតម្លៃ​ថ្លៃ ហើយ​ពូជស្រូវ​នេះ​ធ្វើបាន​តែម្តង​ទេ​ក្នុង ​១​ ឆ្នាំ គេ​ហៅថា ពូជស្រូវ​ប្រកាន់​រដូវ​។ ចំណែក​សែន​ក្រអូប​វិញ ជា​ពូជ​អង្ករ​ក្រអូប​ធម្មតា ដែល​មិន​ប្រកាន់​រដូវ​។ ដូច្នេះ​តម្លៃ​ពូជ​ទាំង​ ២​ នេះ​មិនអាច​ប្រៀបផ្ទឹម​គ្នា​បានទេ​»​។​

​តាម​របាយការណ៍​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៥៦ ៥៨១ តោន​នាំចេញ​ដោយ​ក្រុមហ៊ុន​ចំនួន​ ៥៥ ​ក្រុមហ៊ុន ទៅកាន់​គោលដៅ​ចំនួន ៥៧ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៣២៧,៤៥ លាន​ដុល្លារ​។

ក្នុង​នោះបាន​នាំ​ចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន និង​ហុងកុង​, ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ចំនួន ២៦ ​ប្រទេស​, ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៥ ​ប្រទេស និង​នាំចេញ​ទៅកាន់​គោលដៅ​ផ្សេងទៀត​នៅ​អាហ្រ្វិក មជ្ឈិមបូព៌ា​ចំនួន ២៤ ​ប្រទេស​។​

​ការនាំចេញ​នេះ​មាន​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន​​ ៨២,៤៣​ ភាគរយ​, អង្ក​រស​ជិត​ ១២,២៦​ ភាគរយ​, អង្ករ​ចំហុយ ៣,៣៣​ ភាគរយ​, អង្ករ​សរីរាង្គ ១,៧៧​ ភាគរយ និង​អង្ក​រស​គ្រាប់ខ្លី​ចំនួន​ ០,០២​ ភាគរយ​៕