កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រមប្រកាសឱ្យប្រើជាការប្រញាប់នូវច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចក្រោយពីរដ្ឋសភាបានអនុម័តកាលពីពាក់កណ្តាលខែកញ្ញា ហើយព្រឹទ្ធសភាក៏បានពិនិត្យរួចរាល់នៅថ្ងៃទី ២១ ខែកញ្ញា ព្រមទាំងមានការប្រកាសយល់ស្របពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៅថ្ងៃទី ២៨ ខែកញ្ញាផងដែរ។
ក្រសួងអធិការកិច្ចមានការងារ និងរចនាសម្ព័ន្ធបន្តពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ដែលមន្ត្រីកំពុងបម្រើការងារជាមួយក្រសួងចាស់ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចចាស់របស់ខ្លួនដដែល។
ទាក់ទងនឹងការអនុវត្ដច្បាប់នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងដំណើរការការងារក្រសួង និងការប្តេជ្ញាចិត្តរបស់លោកក៏ដូចក្រសួងក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពស្ថាប័នជាតិជាពិសេសការទប់ស្កាត់ និងបង្ក្រាបការរំលោភអំណាចនានានិងប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈសំណួរដែលមានខ្លឹមសារដូចខាងក្រោម៖
តើលោកអាចជម្រាបបានទេថា រដ្ឋាភិបាលមានភាពចាំបាច់អ្វីខ្លះក្នុងការបង្កើតក្រសួងអធិការកិច្ចថ្មីនេះ?
លោករដ្ឋមន្ត្រី៖ ក្រសួងអធិការកិច្ចកើតឡើងពីការប្តូរឈ្មោះមកពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចដោយផ្អែកតាមសាវតារប្រទេសកម្ពុជាពីសម័យសង្គមរាស្ត្រនិយមចន្លោះឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ ស្ថាប័នវិស័យអធិការកិច្ចត្រូវបានគេឱ្យឈ្មោះថា«គណៈកម្មាធិការជាតិនៃការបោសសម្អាតទូទៅ»។
ក្រោយឆ្នាំ ១៩៧៩ ពេលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំទៅ រដ្ឋាភិបាលកម្ពុជាក៏បានរៀបចំរចនាសម្ព័ន្ធចាត់តាំងនយោបាយឡើងវិញដែលវិស័យអធិការកិច្ចសម័យនោះមានឈ្មោះថា «ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ» ដែលបង្កើតឡើងនៅឆ្នាំ ១៩៨១ បន្ទាប់មកប្តូរឈ្មោះទៅជា «ក្រសួងត្រួតពិនិត្យ» នៅឆ្នាំ ១៩៨៧។ ក្នុងនីតិកាលទី១ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ស្ថាប័នអធិការកិច្ចត្រូវបានកែសម្រួលមកជា«អគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល» វិញ។
ការបង្កើតក្រសួងអធិការកិច្ចជាផ្នែកមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលវិស័យអធិការកិច្ចជាមូលដ្ឋានសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំពង្រឹងយុត្តិធម៌សង្គម និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោកអាចបញ្ជាក់បានឬទេថា តើក្រសួងអធិការកិច្ចនេះនឹងផ្តល់សារៈសំខាន់យ៉ាងណាដល់កម្ពុជា ជាពិសេសសម្រាប់ដំណើរការរដ្ឋាភិបាល?
លោករដ្ឋមន្ត្រី៖ វិស័យអធិការកិច្ច បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងពង្រឹងអភិបាលកិច្ចដោយបានចុះធ្វើអធិការកិច្ចលើគ្រប់វិស័យ និងដោះស្រាយបណ្តឹងក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលសំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានាក្នុងសង្គម។ ទន្ទឹមនឹងនោះបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយនឹងឈានទៅលុបបំបាត់អំពើពុករលួយដែលជាកត្តាបំផ្លិចបំផ្លាញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្រសួងអធិការកិច្ចមានតួនាទីយ៉ាងសំខាន់ក្នុងការធានាដល់ការលើកកម្ពស់អភិបាលកិច្ចគ្រប់ស្ថាប័ន គ្រប់ថ្នាក់ ពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ពង្រឹងភាពស្អាតស្អំ ក្រមសីលធម៌ ពង្រឹងយន្តការវិន័យការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។ ក្រសួងក៏ចូលរួមដោះស្រាយវិវាទដែលអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គមប្រកបដោយប្រសិទ្ធភាពផងដែរ។អធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើនិងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម។គ្មានភាពជឿជាក់ណាមួយអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ។
តើលោកអាចជម្រាបត្រួសៗបានទេថា ក្រសួងអធិការកិច្ចដំណើរការយ៉ាងដូចម្តេច?
លោករដ្ឋមន្ត្រី៖ ក្រសួងអធិការកិច្ចចែកដំណើរការសកម្មភាពជា ២ កម្រិត ដែលទី១ ជាសកម្មភាពអភិវឌ្ឍន៍ផ្ទៃក្នុងក្រសួង និងទី២ សកម្មភាពការងារជំនាញ។នៅផ្នែកទី១ សកម្មភាពអភិវឌ្ឍន៍ផ្ទៃក្នុងក្រសួង គឺក្រសួងមានយន្តការចំនួន ៤។ ទី១ ការពង្រឹងស្ថាប័ន ដោយរៀបចំកែលម្អក្រសួង និងមន្ទីរអធិការកិច្ចរាជធានីខេត្តឱ្យមានរបៀបរៀបរយ កន្លែងធ្វើការសមរម្យ បំពាក់សម្ភារបច្ចេកទេសសមស្របតាមបទដ្ឋាននៃសង្គមឌីជីថល។
ទី២ ការកសាងមូលធនមនុស្សដោយរៀបចំបណ្តុះបណ្តាលមន្ត្រីរាជការនៅថ្នាក់ក្រសួងនិងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត លើគ្រប់ជំនាញពាក់ព័ន្ធឱ្យមានសមត្ថភាពខ្ពស់ មន្ត្រីមានឥរិយាបថល្អ មានគុណធម៌វិជ្ជាជីវៈថ្លៃថ្នូរសម្រាប់បម្រើការងារស័ក្តិសមជាមន្ត្រីអធិការកិច្ច។
ទី៣ ការកសាងលិខិតបទដ្ឋានគតិយុត្តដោយសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់ទាំងឡាយដែលគាំទ្រដល់ការងារលើវិស័យអធិការកិច្ច និងទី៤ គឺការបង្កើតសុខដុមនីយកម្មផ្ទៃក្នុងក្រសួង ដោយការបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង របៀបធ្វើការជាសមូហភាពមានការទទួលខុសត្រូវ មានទំនាក់ទំនងល្អពីថ្នាក់ដឹកនាំរហូតដល់មន្ត្រីថ្នាក់ក្រោម មានការប្រជុំពិភាក្សាជាប្រចាំដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងនៅថ្នាក់ក្រសួង និងមន្ទីរអធិការកិច្ចរាជធានីខេត្ត។
នៅផ្នែកទី២ សកម្មភាពតាមការងារជំនាញដោយក្រសួងនឹងមានយន្តការសំខាន់ៗចំនួន ៣ ក្នុងនោះ ទី១ ក្រសួងនឹងរៀបចំយន្តការឱ្យមានការអប់រំផ្សព្វផ្សាយច្បាប់តាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឱ្យបានទូលំទូលាយដើម្បីទប់ស្កាត់ជាមុននូវការប្រព្រឹត្តខុសច្បាប់។ ទី២ ក្រសួងនឹងតាមដានការអនុវត្តការងាររបស់ក្រសួង ស្ថាប័ន តាមរយៈការធ្វើអធិការកិច្ចចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ដោយសម្លឹងឱ្យឆ្ងាយ ស្តាប់ឱ្យច្បាស់ និងវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ស្វែងយល់ពីមូលហេតុនៃការលំបាក និងកំហុសឆ្គង ហើយជួយកែលម្អ និងតម្រង់ទិសចំពោះកន្លែងណាដែលអនុវត្តខុសឆ្គង ឬមិនស័ក្តិសម និងយកជាគំរូចំពោះស្ថាប័នណាដែលអនុវត្តបានល្អ។
រីឯទី៣ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ត្រូវធ្វើឡើងជាប់ជាប្រចាំលើវឌ្ឍនភាពនៃការអនុវត្តមុខងារ និងភារកិច្ចរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។សម្រាប់លោកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចនេះ តើលោកអាចជួយបង្ហាញការប្តេជ្ញាចិត្តបែបណាដើម្បីតាមដានការអនុវត្តការងាររបស់មន្ត្រី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយស្របតាមទិសដៅរដ្ឋាភិបាលថ្មី?
លោករដ្ឋមន្ត្រី៖ ខ្ញុំប្តេជ្ញាចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការបន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នឱ្យបានជាអតិបរមា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក៏ដូចជាទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែងពង្រឹងអភិបាលកិច្ចវិស័យឯកជន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម។
ជាពិសេសបន្តអនុវត្តអភិក្រមចំនួន ៥ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ក្រសួងអធិការកិច្ចនឹងលើកវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការរំលោភដោយអំណាចនិងប្រឆាំងអំពើពុករលួយចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលជាអំពើអសកម្មធ្វើឱ្យប៉ះពាល់ដល់ការស្តារការអភិវឌ្ឍជាតិ និងអភិបាលកិច្ចល្អ៕