​ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ​(CMAC) បាន​បង្កើត​ក្រុមការងារ​ផ្តល់​សេវា​ជួយ​គាំទ្រ​សេដ្ឋកិច្ចសង្គម​ដល់​ជនពិការ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម ក្នុង​គោលដៅ​ចូលរួមចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​និង​សុ​ខុ​មាល​ភាព​របស់​ជនពិការ​។​


​លោក ហេង រតនា អគ្គនាយក​ CMAC បានលើកឡើង​តាម​​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ចុង​ថ្ងៃ​សប្តាហ៍​មុន​ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ នេះ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​បង្កើត «​ក្រុមការងារ គម្រោង​ផ្តល់​សេវា​ជួយ​គាំទ្រ​សេដ្ឋកិច្ចសង្គម​ដល់​ជនពិការ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​»​។ ការបង្កើត​នេះ​ក្នុង​គោលដៅ​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ជន​មាន​​ពិការភាព​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​។​

​បើតាម​លោក ហេង រតនា ខេត្ត​គោលដៅ​សម្រាប់​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី​១ ​នេះ មាន​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ ខណៈ​មន្ត្រី​ជំនាញបានទទួល​ការហ្វឹកហ្វឺន​និង​បំពាក់​សម្ភារ​បច្ចេកទេស​រួចជាស្រេច ដើម្បី​ចាប់ផ្តើម​ដំណើរ​ការប្រតិបត្តិ​ការ​តាម​គោលដៅ​ក្នុង​ផែនការ​គម្រោង​។


​លោក​បញ្ជាក់ថា៖ «​ក្រុមការងារ ផ្ដល់​សេវា​ជួយ​គាំទ្រ​សេដ្ឋកិច្ចសង្គម​ដល់​ជនពិការ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម​នេះ​មាន​ភារកិច្ច​អនុវត្ត​សកម្មភាព​សំខាន់ៗ​រួមមាន ការផ្តល់​សារ​អប់រំ​យល់ដឹង​ពី​មីន​និង​ប្រមូល កម្ទេច​សំណល់​ជាតិ​ផ្ទុះ​សង្គ្រាម និង​ផ្ដល់​សេវាកម្ម​ជួសជុល​ជើង និង​ដៃ​សិប្បនិម្មិត​ជនពិការ​តាម​លំនៅឋាន រួម​នឹង​ការពិនិត្យ​និង​ប្រឹក្សា​យោបល់​ពី​សុខភាព​របស់​ជនពិកា​រ ចងក្រង​សហគមន៍​ជនពិការ​»​។

​ការបង្កើត​ក្រុមការងារ​នេះ ក៏មាន​ភារកិច្ច​វាយតម្លៃ​ពី​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ផ្តល់​ការហ្វឹកហ្វឺន​ជំនាញ​បច្ចេក​​ទេស​កសិកម្ម និង​ផ្ដល់​ការគាំទ្រ​ការបង្កើត​មុខរបរ​ខ្នាតតូចៗ ជាពិសេស​គឺ​ប្រមូល​ព័ត៌មាន​ និង​ភ័ស្តុតាង​ពាក់ព័ន្ធ​ជនពិការ ចងក្រង​ឯកសារ​ប្រវត្តិសាស្ដ្រ​ដើម្បី​រក្សាទុក និង​ផ្សព្វផ្សាយ​នៅ​សារ​មន្ទីរ​តេ​ជោ​សន្តិភាព​សម្រាប់​អប់រំ​ការយល់ដឹង​ពី​ផលវិបាក​នៃ​សង្គ្រាម​នៅ​កម្ពុជា​។​


​ដោយឡែក កាលពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២៣ ខែតុលា អាជ្ញាធរ​មីនមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា និង​អង្គការ UNDP បាន​សម្របសម្រួល​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​វិស័យ​សកម្មភាព​មីន​ជូន​គណៈប្រតិភូ​ប្រទេស​អា​មេ​នី​។ យោងតាម​អាជ្ញាធរ​មីន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ទៅ​ទស្សនាការ​ហ្វឹកហ្វឺន​បោស​សម្អាត​មីន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​នៅ​ខេត្តកំពង់ឆ្នាំង នៅ​មជ្ឈមណ្ឌល​ស្តារ​កាយសម្បទា និង​ការ​បោសសម្អាត​មីន​នៅ​ខេត្តបាត់ដំបង​។​

​នា​ព្រឹក​ថ្ងៃទី ​២៣ ខែតុលា លោក ហេង រតនា បានទទួល​ស្វាគមន៍ និង​ពិភាក្សា​ការងារ​ជាមួយនឹង​គណៈប្រតិភូ​ប្រទេស​អា​មេ​នី ដែល​ដឹកនាំ​ដោយ​លោក Vaghinak Sargsyan នាយក​មជ្ឈមណ្ឌល​បោសសម្អាត​មីន​មនុស្ស​ធម៌​ប្រទេស​អា​មេ​នី ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​ការពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​រវាង​អង្គភាព​ទាំង​២​។

​បើតាម​លោក ហេង រតនា តាមរយៈ​កិច្ចពិភាក្សា​នេះ អង្គភាព​បោសសម្អាត​មីន​មនុស្សធម៌​ប្រទេស​អា​មេ​នី បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង លើ​បទ​ពិសោធន៍​ជំនាញ​បច្ចេកទេស​របស់​អង្គ​ភាព​ស៊ីម៉ាក់ ក៏ដូចជា​ប្រសិទ្ធភាព និង​ល្បឿន​នៃ​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់ តាមរយៈ​ការធ្វើសមាហរណកម្ម​ក​ម្លាំ​ង​ជំនាញ​រួមគ្នា រួមមាន អ្នកឯកទេស​បោសសម្អាត​មីន ឧ​បក​​រណ៍​បោសសម្អាត​មីន គ្រឿងចក្រ សុនខ​ហិត​មីន និង​កណ្តុ​រហិត​មីន​ជាដើម​។

​សូមជម្រាបថា ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​កន្លងទៅនេះ គណៈប្រតិភូ​របស់​អង្គភាព​បោសសម្អាត​មីន មនុស្សធម៌​ប្រទេស​អា​មេ​នី បានមក​ទស្សនកិច្ច​សិក្សា​នៅតាម​ការដ្ឋាន​បោសសម្អាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់ នៅ​ខេត្តកំពង់ឆ្នាំង បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។​

​សូម​រំឭកថា ក្នុង​រយៈពេល ​៩​ ខែ ឆ្នាំ ​២០២៣ ​នេះ ជនរងគ្រោះ​ថ្នាក់​ដោយ​​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ២៧​ នាក់ ក្នុងនោះ​ខេត្ត​ដែលមាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ច្រើនជាងគេ​គឺ​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង និង​ខេត្តរតនគិរី​៕