ភ្នំពេញៈ នគរបាលជាតិ​ជប៉ុន​បានស្នើ​មកកាន់​នគរបាលជាតិ​កម្ពុជា ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​និង​សកម្ម​ថែមទៀត​ ខណៈ​សព្វថ្ងៃ​ពលរដ្ឋ​ជប៉ុន​កំពុង​រងគ្រោះ​ខ្លាំង​ពីបទ​ល្មើស​នេះ ជាពិសេស​មានការ​បង់​ខាត​ទឹកប្រាក់​ទំហំ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​


​ការស្នើ​ពី​ភាគី​ជប៉ុន​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​រវាង​លោ​ក ស ថេត ​អគ្គ​ស្នង​ការ​នគរបាលជាតិ​ក​ម្ពុ​ជា​និង​លោក Yoshimi Ogata អគ្គ​នា​យក​រង​ទទួលបន្ទុក​កិច្ចការបរទេស នៃ​ទីភ្នាក់ងារ​ជាតិ​នគរបាល​ជប៉ុន នៅ​អំឡុង​សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​៤១ នាទី​ក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​ ២០​ ខែតុលា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ​ កាលពី​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២៣​។​

​សេចក្តីប្រកាស​លើកឡើងថា ក្នុង​កិច្ច​ជំនួប​នោះ លោក Yoshimi Ogata បាន​កោតសរសើរ​ចំពោះ​នគរបាលជាតិ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់ ដោយបាន​ចាត់ទុក​ឆ្នាំ ២០២២-២០២៣ ​នេះ ជា​ឆ្នាំ​នៃ​សមិទ្ធផល​កិច្ច​សហ​ប្រតិបត្តិការ​រវាង​នគរបាលជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​នគរបាលជាតិ​ជប៉ុន​។ លោក Yoshimi Ogata បានលើកឡើង​ពី​វិបត្តិ​នៃ​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​កំពុង​កើនឡើង​ទាំង​ក្នុង​តំបន់ និង​សកល​លោក​ជាពិសេស​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​កំពុង​យាយី​ដល់​ប្រជាជន​ជប៉ុន​ជាច្រើន​នាក់​ជា​ពិសេស​ការ​បង់ខាតទ្រព្យ​សម្បត្តិ​ក្នុង​ទំហំ​រាប់ពាន់​លាន​ដុល្លារ​។​


​ជាមួយគ្នា​នោះ​លោក​ស្នើ​ដល់​ភាគី​កម្ពុជា បន្ត​ផ្តល់​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​និង​រឹងមាំ​បន្ថែមទៀត​ ដើម្បី​រួមគ្នា​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ​ឱ្យបាន​ទាន់ពេលវេលា​តាមរយៈ​ការផ្តល់​មុខសញ្ញា​ដែល​សំងំ​លាក់ខ្លួន ដែល​កំពុង​លួច​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​។​

​ជាការ​ឆ្លើយតប លោ​ក ស ថេត បាន​ប្រាប់​ភាគី​ជប៉ុន​ថា កម្ពុជា​នឹង​បន្ត​ពូន​ជ្រំ​សមិទ្ធផល​ឱ្យ​កាន់តែ​ទូលំទូលាយ រឹងមាំ ជិត​​ស្និទ្ធ​និង​ស៊ីជម្រៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ជំនួយ​គាំទ្រ​ផ្តល់​ដោយ​ទីភ្នាក់ងារ​នគរបាលជាតិ​ជប៉ុន ជា​មធ្យោបាយ ឧបករណ៍ សម្ភារ​បច្ចេកទេស ដល់​កងកម្លាំង​នគរ​បាល​កម្ពុជា​រយៈកាល​ក​ន្ល​ង​ទៅ​។​


​លោ​ក ស ថេត ​ថ្លែងថា​៖ «​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ផ្តល់​កិច្ចសហការ​តាម​ការស្នើសុំ​ស្របតាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​ក្រោម​ច្បាប់​ដែល​ពាក់ព័ន្ធ និង​រាល់​សំណើសុំ​កិច្ចសហការ​នឹង​ផ្តល់ជូន​ភ្លាមៗ​នៅពេល​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​និង​មាន​ភ័ស្តុតាង​ឯកសារ​គ្រប់គ្រាន់​ដែលជា​មូលដ្ឋាន​នៃ​ការបើក​កិច្ចប្រតិបត្តិការ​»​។

​លោក ស ថេត ក៏បាន​ស្នើ​ទៅកាន់​ភាគី​ជប៉ុន​ក្នុងការ​ពិនិត្យ​លទ្ធភាព​ជួយ​អន្តរា​គម​ន៍​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​ជួបប្រទះ​បញ្ហា​ផ្លូវច្បាប់​អន្តោប្រវេសន៍​ក្នុងពេល​រស់នៅ​និង​បម្រើ​ការងារ ក្នុងប្រទេស​ជប៉ុន ដើម្បី​ឆាប់​បាន​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ និង​បាន​ស្នើសុំ​លើ​ការងារ​បណ្តុះបណ្តាល កសាង​ធនធាន​មន្ត្រី​អនុវត្ត​ច្បាប់​លើ​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេក​​វិទ្យា​ផងដែរ ហើយ​ភាគី​ជប៉ុន​បានទទួល​យកទៅ​ពិចារណា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​បាន​ថ្លែងថា បញ្ហា​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​បញ្ហា​ធំ​ហើយ​ជា​រឿង​ចាស់​របស់​កម្ពុជា​ដែលជា​បញ្ហា​កម្រិត​អន្តរជាតិ​មួយ​ប៉ះពាល់​ដល់​មុខមាត់​ជាតិ​កម្ពុជា ដែល​អាជ្ញាធរ​កម្ពុជា​គួរ​បង្កើន​ការយកចិត្តទុកដាក់​ដោះស្រាយ​បទ​ល្មើស​ទាំងនេះ ដោយ​ពួតដៃ​ជា​មួយ​ភាគី​ជប៉ុន និង​ភាគី​អន្តរ​ជាតិ​ដទៃទៀត​។

​លោក​ថា​៖ «​យើង​មិន​ចង់ឱ្យ​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​បន្ត​កើតមាន​តទៅទៀត​ឡើយ​។ យើង​ចង់ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដុតដៃ​ដុតជើង មាន​វិធាន​ការច្បាស់​លាស់​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​នេះ​»​។

លោក​ថា បើសិន​បញ្ហា​បទល្មើស​អន​ឡាញ​នេះ​នៅ​បន្ត​កើតមាន​តទៅទៀត​ហើយ​នៅ​បន្ត​អូសបន្លាយ​ពេល​ក្នុងការ​បង្ក្រាប​ជនល្មើស នោះ​នឹង​បន្តធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ​កម្ពុជា​ទៅលើ​កេរ្តិ៍ឈ្មោះ​ប្រ​ទេស និង​ខាត​ប្រយោជន៍​ជាល​ក្ខ​ណៈ​អន្តរជាតិ​ពិសេស​កម្ពុជា​កំពុង​ប៉ះពាល់​ទៅលើ​លំហូរ​ទេសចរណ៍ ការវិនិយោគ និង​ទំនាក់ទំនង​ការ​បរទេស​ពាក់ព័ន្ធ​បញ្ហា​ឧក្រិដ្ឋកម្ម​អន​ឡាញ​នេះ​៕