បាត់ដំបងៈ អ្នកញៀន​គ្រឿងញៀន​ចំនួន​ ៧៩ ​នាក់​ដែល​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​បន្សាប​ព្យា​បាល​ និង​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ក្នុងស្រុក​រតនមណ្ឌល បានបញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដោយ​ជោគ​ជ័យ និង​ទទួលបាន​វិ​ញ្ញាប​ន​ប​ត្រ​ផងដែរ កាលពី​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២៣​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ករ​ដ្ឋ​បាល​ខេត្តបាត់ដំបង បាន​សរ​សេរ​ថា លោក កែ ស៊ីនួន ប្រធាន​មជ្ឈមណ្ឌល​បន្សាប​ព្យាបាល​និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង​បាន​ថ្លែង​នាឱកាស​នោះ​ថា យុវជន​អ្នកញៀន​គ្រឿងញៀន​ចំនួន ​៧៩ ​នាក់ បានទទួល​វិញ្ញាបនបត្រ​ដែលមាន​ការទទួលស្គាល់​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តបាត់ដំបង​។​

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ថ្ងៃនេះ ប្អូនៗ​បាន​រៀន​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​ត្រូវបាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ​ និង​ទទួលបាន​លទ្ធផល​ល្អ​ចំនួន​ ៧៩​ នាក់ ហើយ​ប្អូនៗ​ដែល​រៀន​មិនទាន់​ចប់​សូម​ខិត​ខំរៀន​ដើម្បី​បញ្ចប់ និង​ទទួលបាន​វិញ្ញាបនបត្រ​នេះដែរ​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​ប្រកប​របរ​ចិញ្ចឹម​ខ្លួនឯង និង​គ្រួសារ​»​។​


​ថ្លែង​ក្នុង​ពិធី​នោះដែរ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បានបង្ហាញ​ក្ដី​រីករាយ​ចំពោះ​ក្រុមយុវជន​ដែល​បានមក​ទទួលយក​ការ​បន្សាប និង​ព្យា​បាល​សារធាតុ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល កែ ស៊ីនួន ខេត្តបាត់ដំបង​នាពេលនេះ និង​ទទួលបាន​ចំណេះ​ជំនាញ​បច្ចេកទេស​។

​លោក​បាន​បញ្ជាក់ថា​៖ «​ប​ច្ចុ​ប្បន្ន​ជំនាញ​វិជ្ជាជីវៈ​ដែល​ប្អូនៗ​បាន​រៀនសូត្រ​គឺ​យើង​កំពុង​ត្រូវការ​ខ្លាំងណាស់​ ខណៈដែល​យើង​កំពុងមាន​ការខ្វះខាត​ក​ម្មករ​ជំនាញ​យ៉ាងច្រើន​ផងដែរ ដូចជា ជំនាញ​ត​បណ្តាញ​អគ្គិ​ស​នី ជួសជុល​ទូរស័ព្ទ ជួសជុល​ម៉ូតូ​និង​ម៉ាស៊ីនត្រជាក់​ជាដើម​»​។​


​លោក​បាន​បន្តថា​៖ «​សូម​យុវជន យុវនារី​ទាំងអស់​ដែល​ទទួល​បានការ​បន្សា​ប​សារធាតុ​ញៀន​ហើយ មិនត្រូវ​ទៅ​ប្រព្រឹត្ត​ម្តងទៀត​ឡើយ ក្នុងនោះ​ពេល​បាន​ជំនាញ​វិជ្ជាជីវៈ​នេះហើយ ក៏​សូម​យកទៅ​ប្រើប្រាស់​ឱ្យចំ​គោលដៅ ដើម្បី​បម្រើ​ជីវភាព​រស់នៅ​របស់ខ្លួន ក៏ដូចជា​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ផងដែរ​»​។​

​ជុំវិញ​រឿងនេះ លោក យង់ ​គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ​តុលាថា ការបណ្តុះបណ្តាល​សម្រាប់​អ្នកញៀន​គ្រឿងញៀន​នេះ​ គឺជា​រឿង​ល្អ​។ ​លោក​ថា ម​ជ្ឈ​មណ្ឌល​បន្សាប​ព្យាបាល​និង​ស្តារនីតិសម្បទា​អ្នកញៀន​នៅ​ទូទាំងប្រទេស​ផ្សេងទៀត គួរតែរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បែបនេះ​ដល់​ពួកគាត់​ឱ្យបាន​ច្រើន​ដើម្បី​អាចឱ្យ​ពួកគាត់​មាន​ជំនាញ​សម្រាប់​ចិញ្ចឹមជីវិត​។​

​យ៉ាងណាក្ដី លោក យង់ គិ​ម​អេង បាន​ស្នើថា​៖ «​សូមឱ្យ​ម​ជ្ឈ​មណ្ឌល​ដទៃទៀត​បង្កើត​វគ្គ​បណ្តុះបណ្តាល​ណាមួយ​ដល់​ពួកគាត់ ដោយ​ធានាថា ពួកគាត់​រៀន​ចប់​មាន​ជំនាញ​ដែល​ច្បាស់​លាស់ និង​មាន​គុណភាព​អាច​ចិញ្ចឹមជីវិត​បាន ហើយក៏​សូមឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ក្រុមគ្រួសារ​ត្រូវតែ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់ តាមរយៈ​ការលើកទឹកចិត្ត​ និង​មិនមាន​ការរើសអើង​លើ​ពួកគាត់​ណាមួយ​ឡើយ​ ដើម្បីឱ្យ​ពួកគាត់​អាច​ប្រកបរ​បរបាន​»​។​

​បើតាម​រដ្ឋបាល​ខេត្តបាត់ដំបង គិត​ត្រឹម​រយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយ​ពោល​ពី​ឆ្នាំ​ ២០១៨-២០២២ ខេត្ត​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ខេត្ត​បាន​ចំនួន ៣ ៦៩៨ ​ករណី និង​ឃាត់ខ្លួន ​៦ ០២០​ នាក់​។​ លោក​ សុខ លូ បាន​ថ្លែង​បន្ថែមទៀតថា រដ្ឋបាលខេត្ត​បាត់ដំបង​បាននិងកំពុង​ខិតខំ​ដោយ​បន្តធ្វើ​យ៉ាងណា​ផ្តាច់​ឫសគល់​អ្នក​ចែកចាយ​គ្រឿង​​ញៀន​ឱ្យបាន​៕