​ភ្នំពេញៈ ​ក្រសួង​អប់រំ​ យុវជន និង​កីឡា សហការ​ជាមួយ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការនូវ​ក្របខ័ណ្ឌ​សាលារៀន​សុវត្ថិភាព​។​ សិក្ខាសាលា​នេះ​ ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែតុលា ដោយមាន​ការគាំទ្រ​ពី​មូលនិធិ​ព្រូ​ដិ​នស៍​។


​សិក្ខាសាលា​នេះ​ មាន​គោលបំណង​ចែករំលែក ពី​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​សុវត្ថិភាព​សាលារៀន ទៅដល់​អ្នកពាក់ព័ន្ធ​សំខាន់ៗ​រួមមាន នាយកដ្ឋាន​ពាក់ព័ន្ធ នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​មន្ទីរអប់រំ​ខេត្ត​។ ពង្រឹង​ការសហការ រវាង​ក្រសួង​អប់រំ និង មន្ទីរអប់រំ​ខេត្ត ការិយាល័យ​អប់រំ​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រីក​វិសាលភាព នៃ​ការអនុវត្ត​គោលការណ៍​ណែនាំ​នេះ ទៅដល់​ស្ថាប័ន​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម នៃ​ក្រសួង​អប់រំ និង​អង្គការ​ភ្លែ​ន​អន្តរជាតិ​។​

​ប្រភព​ដដែល​ឱ្យដឹងថា ក្នុង​កិច្ចសហការ​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើរតួនាទី​សំខាន់ ក្នុង​ការផ្តល់​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់ ជីវិត​របស់​កុមារ​កម្ពុជា តាមរយៈ​ការធានា​សុវត្ថិភាព​របស់​ពួកគេ និង​ធ្វើឱ្យ​ពួកគេ​រីកចម្រើន ដោយ​អនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​សុវត្ថិភាព​សាលារៀន នៅក្នុង​សាលារៀន ដើម្បី​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន ឪពុកម្តាយ និង​សមាជិក​សហគមន៍​ក្នុងការ​យកចិត្តទុកដាក់ និង​ផ្តោត​រួម​ទៅលើ​សុខុមាលភាព​របស់​កុមារ និង​ការពារ​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​។​


​លោក យី គឹម​ថា​ន តំណាង​ស្តីទី​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា គោលការណ៍​ណែនាំ​នេះ​បានអនុម័ត និង​កំពុង​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​សាលា​គោលដៅ​ចំនួន​៩៦ ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ ដែល​កើ​ត​ឡើង​ក្នុង​វិស័យ​អប់រំ​។ លោក​ថា គោលបំណង​សំខាន់​នៃ​ឯកសារ​នេះ មាន​៣​គឺ ទី​១​ការពារ​អ្នកសិក្សា អ្នក​អប់រំ និង​បុគ្គលិក​ពី​ការស្លាប់ របួស អំពើហិង្សា និង​ប៉ះពាល់​ដល់​សាលារៀន និង​កន្លែង​សិក្សា​ផ្សេងទៀត​។

​ចំណែក​ទី​២ ​គឺការរៀបចំ​ផែនការ​សម្រាប់​ការអប់រំ ដើម្បី​ការការពារ​ជា​បន្តបន្ទាប់ និង​ការបន្ថយ​ការរំខាន​ផ្សេងៗ ដល់​ការសិក្សា​របស់​កុមារ ក្នុង​គោលបំណង​ឱ្យ​ពួកគេ​រៀន ​សម្រប​ខ្លួន​ទៅនឹង​ភាព​តក់ស្លុត ភាព​តានតឹង មុខសញ្ញា​គ្រោះថ្នាក់ និង​ការគំរាមកំហែង​គ្រប់​ប្រភេទ​។​ទី​៣​គឺ លើកកម្ពស់​ចំណេះដឹង និង​ជំនាញ​របស់​សិស្ស និង​អ្នក​កាន់​កាតព្វកិច្ច រួមចំណែក​ដល់​ការកាត់បន្ថយ​ហានិភ័យ ការកសាង​ភាព​ធន់ និង​ការអភិវឌ្ឍ​ដោយ​ចេ​រិ៍​ភាព​។


​លោក​ថ្លែងថា​៖«​ការអនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​ក្របខ័ណ្ឌ​សុវត្ថិភាព​សាលា​ នឹង​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​អ្នកពាក់ព័ន្ធ​សំខាន់ៗ ​ក្នុង​ការជួយ​ដល់​សុវត្ថិភាព និង​កិច្ចការពារ​កុមារ​។​យើង​សង្ឃឹមថា តាមរយៈ​គោលការណ៍​ណែនាំ​នេះ សិស្ស​នឹង​រៀន​ដោយ​មិនមាន​ភាពភ័យខ្លាច​នៅក្នុង​កន្លែង ដែលមាន​សុវត្ថិភាព និង​ប្រកបដោយ​គុណភាព ដូច្នេះ ពួកគេ​អាច​សម្រេចបាន​នូវ​ក្តី​សុ​បិ​ន​របស់​ពួកគេ​បាន​»​។

​លោក Chee Weng Yip នាយក​ផ្នែក​លក់ និង​ចែកចាយ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ​ថ្លែងថា កង្វល់​របស់​មនុស្ស​គ្រប់គ្នា​គឺ​ការប្រែប្រួល​អាកាសធាតុ មិន​ថា ពួកគេ​មកពី​កន្លែង​ណា ធ្វើការ​នៅទីណា មកពី​ឧស្សាហកម្ម ឬ​វិស័យ​ណា​នោះទេ​។ កំណើន​នៃ​ការបំផ្លិចបំផ្លាញ ដែល​កើតឡើង ដោយ​ការប្រែប្រួល​អាកាសធាតុ ជា​រឿង​ទុក្ខ​កង្វល់​១ ជាពិសេស​ពេលដែល​កុមារ​ជា​ជនរងគ្រោះ​ដោយ​បញ្ហា​ទាំងនោះ​។

​លោក​បន្ថែមថា ការការពារ និង​ការធានា​នូវ​សុវត្ថិ​ភាព​កុមារ​នៅក្នុង​សហគមន៍ ដែល​ងាយ​រងគ្រោះ គឺជា​ការងារ​ដ៏​សំខាន់ ក្នុង​ការជួយ​ដល់​សហគមន៍​។​ទន្ទឹមនឹងនេះ កិច្ចសហការ​ជាមួយដៃគូ​អង្គការ​ភ្លែ​ន​អន្តរជាតិ ជា​មោទនភាព​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ព្រោះ​ក្នុងការ​អនុវត្ត​គម្រោង​សាលា​សុវត្ថិភាព​នេះ គឺ​ដើរ​ស្របគ្នា​ជាមួយនឹង​បេសកកម្ម នៃ​ក្រុមហ៊ុន​។

​លោក​ថ្លែងថា​៖ «​តាមរយៈ​ការលើកស្ទួយ​ក្នុង​វិស័យ​អប់រំ និង​លើកកម្ពស់​ភាពរឹងមាំ ក្នុងការ​ប្រឈម​មុខជា​មួយ​នឹង​គ្រោះមហន្តរាយ​។​ គោលដៅ​សំខាន់បំផុត​របស់​យើង ​គឺ​ដើម្បីបង្កើតអនាគត​ប្រកបដោយ​ចីរភាព​១ ដែល​កុមារ​គ្រប់រូប​អាច​លូតលាស់​រីកចម្រើន និង​បំពេញបាន​នូវ​សក្តានុពល​របស់​ពួកគេ​»​។​

​លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ថ្លែងថា ថ្ងៃ​បញ្ចប់​សិក្ខាសាលា​ជា​ថ្ងៃ​ចាប់ផ្តើម​អនុវត្ត​សកម្មភាព តាម​ក្របខ័ណ្ឌ​សាលារៀន​សុវត្ថិភាព នៅតាម​សាលារៀន តាម​តំបន់​ទីតាំង ដែល​សាលារៀន​អាចមាន​លទ្ធភាព​ទទួល​ធ្វើបាន​ឱ្យមាន​លទ្ធផល​ចេញ​ជា​ផ្លែផ្កា​ក្នុង​រយៈពេល​ណាមួយ ដែល​អាច​កន្លះ​ឆ្នាំ ឬ​ ១ ​ឆ្នាំ​សិក្សា​។ លោក​បានលើកឡើង​ទៀតថា ក្រសួង​អប់រំ​ យុវជន​និង​កីឡា និង​ខិតខំ​ជំរុញ​ការងារ​នេះ ទៅដល់​មធ្យមសិក្សា​បន្ថែ​ម​ទៀត ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ និង​ការបង្ការ​ទុក​មុននូវ​គ្រោះមហន្តរាយ​ដែល​អាច​កើតឡើង​។​

​លោក​ថ្លែងថា មាន​ហេតុ​បច្ច័យ​មួយចំនួន​ដែល​ធ្វើឱ្យ​កុមារា​កុមារី បាត់​ឱកាស​ក្នុងការ​សិក្សា​រៀនសូត្រ នោះ​គឺ បញ្ហា​គ្រោះមហន្តរាយ ដែល​ចែកចេញជា​គ្រោះមហន្តរាយធម្មជាតិ ដែលមាន​ទឹកជំនន់ ខ្យល់​កន្ត្រាក់ បាក់​ដី រ​ន្ទះ​បាញ់​ជាដើម និង​គ្រោះមហន្តរាយ​ដែល​កើតឡើង​ដោយសារ​មនុស្ស​បង្កើតឡើង ដែលមាន​អាវុធជាតិផ្ទុះ​គ្រប់​ប្រភេទ និង​ម្សៅគីមី​បំពុល​។

​លោក​ថ្លែងថា​៖ «​គ្រោះមហន្តរាយធម្មជាតិ​យើង​អត់​អាច​ទប់​បានទេ ជា​បច្ច័យ​ប្រែប្រួល​ធម្មជាតិ មាន​ខ្យល់​កន្ត្រាក់ ភ្នំភ្លើង រ​ញ្ជួយ​ផែនដី​ជាដើម ប៉ុន្តែ​ដែល​គេ​បារម្ភ​១ ​ទៀត​នោះ​គឺ​គ្រោះមហន្តរាយ ​ដែល​បង្កើត​ដោយ​មនុស្ស​ក្រោម​មេឃ មាន​អាវុធជាតិផ្ទុះ​ផ្សេងៗ ម្សៅពុល ព្រោះ​សព្វថ្ងៃ​នាំគ្នា​ប្រកួតប្រជែង​»​។

​លោ​កបានបន្ថែម​លើ​នេះ​នៅមាន​បញ្ហា​មួយចំនួនទៀត ​ដែលនាំឱ្យ​កុមារ​បាត់​ឱកាស​សិក្សា​រៀនសូត្រ គឺ​បញ្ហា​ជំងឺ​រាតត្បាត សង្គ្រាម ពិការភាព និង​ការ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ដែល​ងាយ​រងគ្រោះ​៕