ភ្នំពេញៈលោក ​ហ៊ុន សែន ប្រ​ធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហា​ក្សត្រ​ ដែលជា​អតីត​នាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​​ក្ដី​សង្ឃឹម​ថា​ ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​ថែម​ទៀត​ទៅ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ​ដោយ​ស្នើ​សុំឱ្យ​ជប៉ុន​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កំពង់​ផែ​ក្រុង​ព្រះសី​ហនុ ដើម្បី​ឱ្យ​កំពុង​ផែ​នេះ​អាច​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ខ្លាំង​។​


​ក្នុង​ជំនួប​ជា​មួយ​លោក គូ​ម៉ូ​រ៉ា ម៉ាសា​ហី​កូ (Kumura Masahiko) អតីត​រដ្ឋ​មន្ត្រី​ការប​រទេស​ជប៉ុន និង​ជា​អតីត​អនុ​ប្រធាន​គណ​បក្ស​ប្រជាធិប​តេយ្យ​សេរី​ជប៉ុន ​នៅ​ថ្ងៃទី​២៤ ​ខែតុលា ​នៅ​រាជធានី​ភ្នំពេញ ​លោក ​ហ៊ុន សែន ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំហំ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​២​ បើទោះ​បីជា​ឆ្លង​កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ តែកា​រវិ​និយោគ​របស់​ជប៉ុន​មាន​ការ​កើន​ឡើង​។

​បណ្តាញ​សង្គម​របស់​លោក ​ហ៊ុន សែន ​បានប​ញ្ជាក់ថា​​៖ «​សម្តេច​តេ​ជោ​ផ្តល់នូ​វ​សេចក្តី​សង្ឃឹមថា​ ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​ថែម​ទៀត​ទៅលើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​ដែល​ត្រូវតែ​លើ​កត​ម្កើ​ងក្នុង​នោះ​សម្តេច​បាន​សំណូម​ពរ​ឱ្យ​មានការ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ ធ្វើយ៉ាង​ណា​ឱ្យ​ជម្រៅភ​ទឹក​ជ្រៅ​ដើម្បី​អាច​ឱ្យ​នាវា​ធំៗ​ដឹក​ទំនិញ​ចូល​ដល់​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ដើម្បី​ឱ្យ​កំពង់​ផែ​ក្រុង​ព្រះសី​ហនុ​អា​ចមាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ខ្លាំង ​រួមទាំ​ង​កា​រព​ន្លឿ​ន​ការ​តភ្ជាប់​ទាំង​ផ្លូវ​ទឹក​ ផ្លូវ​គោក និង​ផ្លូវ​អាកាស​»​។​


​ក្នុង​ជំនួប​នោះ លោ​ក ​ហ៊ុន សែន បាន​លើកឡើ​ង​អំពី​តួនាទី​សំខាន់រ​បស់​ជប៉ុន​ក្នុង​ការ​​ស្វែងរក​សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍ​នៅ​កម្ពុជា​ដោយ​លោក​បន្ថែម​ថា ​ជប៉ុន​បាន​ដើរ​តួនាទី​និង​ផ្តល់​មូល​និធិ​ច្រើន​ជាង​គេ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​ស័ក្តិស​ម​ទទួល​បាន​នូវ​តួនាទី​កំពូល​នោះ​។​

​លោក​បាន​បន្ត​ថា ថ្វី​ដ្បិត​តែ​លោក​លែង​កាន់​អំណាច​ជា​នាយករ​ដ្ឋម​ន្ត្រី ​ប៉ុន្តែ​លោក​នៅតែ​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ហើយ​គណ​បក្ស​នេះ ​និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ា​ណែ​ត ដែល​ជា​នាយក​រដ្ឋ​មន្ត្រី មិន​មាន​ការ​ប្រែប្រួ​ល​ក្នុង​នយោ​បាយ​ការ​បរទេស​របស់ខ្លួ​ន​ចំពោះ​ប្រទេស​ជប៉ុន​​នោះ​ទេ​។


​លោក​ ហ៊ុន​ សែន បានប​ន្ថែមថា​ កម្ពុជា​នៅតែ​​រក្សា​ទំនាក់ទំ​នង និង​គោល​នយោបា​យ​ល្អប្រសើរ​ និង​ពង្រឹង​ពង្រីក​ថែមទៀ​តនៃ​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​។​កម្ពុជា​គាំទ្រ​គោល​នយោបា​យ ​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិក​ សេរី​ និង​បើក​ចំហ ដែល​គំនិត​ផ្តួច​ផ្តើម​នេះ​ឈរលើ​​គោល​ដៅ​សំខាន់​៣ រួម​មាន ទី​១​ បម្រើឱ្យ​សន្តិភា​ព និង​ការ​អភិវឌ្ឍទី​២​ មិន​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ និង​ទី​៣​គាំទ្រ​ចំពោះ​ម​ជ្ឈ​ភាព​របស់​អាស៊ាន​។​

​លោក​​បានប​ន្ថែមទៀ​តថា ​លោក​ Kumura ​គឺជា​ឥស្សរ​ជន​ជប៉ុន​មួយរូ​ប ដែ​ល​បានរួម​ចំណែក​ក្នុង​ការ​កសា​ង​សន្តិភា​ព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និ​ង​ធ្វើឱ្យ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​២ ​មាន​ការ​រីក​ចម្រើន ​ជា​ដៃគូ​ដ៏​ល្អ ពោល​គឺ​ចាប់តាំ​ងពី​ឆ្នាំ​១៩៩០​មក ហើ​យ​ថា ប្រទេស​ទាំង​២​​ មាន​ការ​គាំទ្រ​គ្នា​ទៅវិ​ញទៅម​កនៅ​លើ​វេទិកា​តំបន់​ និង​អន្តរ​ជាតិ​។ ក្នុង​នោះ​កម្ពុជា​គាំទ្រ​ជប៉ុន ​ជា​សមា​ជិក​អចិ​ន្រៃ្ដយ៍នៃ​​ក្រុម​ប្រឹក្សាស​ន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ពេល​មាន​ការ​កែទ​ម្រង់​។

​ជំនួប​នោះ​ក៏មាន​វត្តមាន​លោក ភី​ឌី​អូ អូ​គុ​ប៊ុ​ក អគ្គ​នាយក​ក្រុមហ៊ុន​សាជី​វកម្ម​ហ្វ៊​រ​វ៉ើ​ល និង​ជា​ប្រធាន​មូល​និធិ​ស៊ី​សេស​ ដែល​ជា​អ្នក​ជំនួញ​និង​ជា​អ្នក​សេដ្ឋកិ​ច្ច​មួយរូ​បដែល​ធ្លាប់​បាន​មក​កម្ពុជា​រយៈពេ​ល​ជាង​ ១០ ​ឆ្នាំ កន្លង​មក​ផងដែ​រ។លោ​ក​បាន​ចូលមក​រួមចំ​ណែក​​ក្នុង​ការក​សាង​សេដ្ឋកិ​ច្ច ​ជាទី​ប្រឹក្សា​សេដ្ឋកិ​ច្ច និង​ជាទី​ប្រឹក្សា​ផ្តល់​យោប​ល់​នៅ​កម្ពុជា​។​

​ជាមួ​យគ្នានេះ​​លោក ហ៊ុ​ន សែន បា​ន​សំណូម​ពរ​ឱ្យលោក​អូ​គុ​ប៊ុ​ក បន្ត​​វិ​និយោគ​និង​លើកទឹ​កចិត្ត​​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​បង្កើន​សកម្ម​ភាព​នៅ​កម្ពុជា​ថែម​ទៀត​និង​ជួយ​រក​ទីផ្សារ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​​ប្រទេស​ជប៉ុន​។

​លោក ​យង់ ពៅ​ អគ្គលេខា​ធិការ​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៤​ ខែតុលា ​ថា ​ជប៉ុន​គឺជា​ប្រទេស​ផ្តល់​ជំនួយ​ឈាន​មុខ​គេ​កាល​ពីមុន​លើ​ការក​សាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ហើយ​ឥឡូវនេះ​ចិន​ឈាន​មុខ​។ លោក​បន្ថែម​ថា​៖«​ការក​សាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​របស់​ជប៉ុន​គឺ​ប្រជា​ជន​កម្ពុជា​ក៏ដូចជា​យើង​ឃើញជា​ក់ស្ដែង​ទទួល​ស្គាល់ថា​​មាន​គុណ​ភាព​ល្អ​»​។​

​លោក​បន្ត​ថា ជប៉ុន​ក៏បាន​ជួយ​កសាង ​និង​ពង្រីក​កំពង់​ផែ​ព្រះសីហនុ​ជា​លំដាប់​លំដោ​យ ដែ​ល​បន្ថែម​ទៅ​លើ​អ្វី​ដែល​ជា​ជំនួយ​ពី​មុន​មក​។ កំពង់​ផែ​នេះ​គឺជា​ច្រក​សេដ្ឋ​កិច្ច​ដ៏​សំខាន់​សម្រាប់​ការ​លើក​ដាក់​ទំនិញ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក៏​ដូច​ជា​ពី​ទីផ្សារ​អន្តរ​ជាតិ​ចូលម​ក​កម្ពុជា​ដែរ​។​

​លោក យ​ង់ ពៅ បាន​បន្ថែ​មថា​៖«​ម្យ៉ាង​កំពង់ផែ​​របស់​យើង​នៅ​មិនទាន់​គ្រប់​ស្តង់​ដាស​ម្រាប់​នាវា​ធំៗ​ កប៉ាល់​ធំៗ​ចូល​ចត​នៅឡើ​យ​ទេ​។ ដូច្នេះ​កន្លង​ទៅ​សម្រាប់​នាវា​ធំៗ​គឺ​យើង​ប្រើប្រាស់​កំពង់​ផែ​របស់​វៀ​ត​ណា​ម​អី​ជាដើម​។ អ៊ីចឹង កំពង់ផែ​​កំពង់​សោម​មិន​ទាន់​ដល់​កម្រិត​សមត្ថ​ភាព​ដែល​អាច​​ឱ្យ​នាវា​ធំៗ​ចូល​បានទេ​។ អ៊ីចឹង​កម្ពុជា​ត្រូវការ​អភិ​វឌ្ឍ​បន្ថែម​ទៀត ​ដែល​ជា​ច្រក​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដ៏​សំខាន់​ទៅ​លើ​ផែ​ដឹក​ជញ្ជូន​ហ្នឹង​»៕