ភ្នំពេញៈកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ និងប្តេជ្ញាចិត្តការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្ត្រផងដែរ។
ការលើកឡើងរបស់ កញ្ញា អ៊ឹម រចនា ដូចនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី២៤ ខែតុលា ស្តីពីកម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្ត្រ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា វីដេអូបទចម្រៀង«ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទនភាពនៃវត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជានៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី«ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក»នៅប្រទេសកូឡុំប៊ីកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលា នៅកម្ពុជា)។
កញ្ញា អ៊ឹម រចនា បានថ្លែងថា ៖«នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និងការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា»។
កញ្ញា បានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ស្របតាមគោលនយោបាយបញ្ចកោណដោយគាំទ្រនិងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្ត្រ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ»។
លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងដែរថា ការចូលរួមពីគ្រប់ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។តួយ៉ាងនៅក្នុងការប្រជុំអន្តរជាតិនេះ មានការប្តេជ្ញារួមគ្នាការពារសត្វផ្សោតទឹកសាបក្នុងពិភពលោក។
លោកបានបន្តថា កម្ពុជាបានកៀរគរការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាតារាចម្រៀងអ្នកនាង មាស សុខសោភា ជាដើម។
លោក សេង ទៀក បានថ្លែងថា ៖ «អ្នកបច្ចេកទេសវិទ្យាសាស្ត្រពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងល្អជាមួយអង្គការ WWF បង្ហាញពីសុច្ឆន្ទៈរួមដ៏សំខាន់ ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ការរស់រាននៃសត្វផ្សោតទន្លេមេគង្គ»។
ចំណែកអ្នកនាង មាស សុខសោភា តារាចម្រៀងដែលមានអ្នកគាំទ្រជាង៥លាននាក់ក្នុងបណ្ដាញហ្វេសប៊ុក ក៏បានលើកឡើងថា៖«ខ្ញុំមានមោទនភាពណាស់ដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពីសត្វផ្សោត ទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត»។
អ្នកនាងបន្តថា នេះគឺជាមោទនភាពមួយយ៉ាងធំធេងដែលទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៤ ក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កម្រកំពុងរស់នៅក្នុងទន្លេ (មេគង្គ)។
សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជដូច្នេះហើយទើបប្រទេសនានាដែលនៅសេសសល់វត្តមានសត្វផ្សោតទឹកសាបចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោតនិងទីជម្រករបស់ពួកវាក្នុងការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្រៅពីវីដេអូចម្រៀងពីសត្វផ្សោតហើយ អង្គការ WWF សហការជាមួយវិទ្យាស្ថានភាសាបារាំងនិងមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថានក្រសួងទេសចរណ៍និងរដ្ឋបាលជលផលបានដាក់ដំណើរការ«ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ» រយៈពេល១ខែពេញផងដែរកាលពីថ្ងៃទី១៨ ខែតុលា នៅវិទ្យាស្ថានភាសាបារាំងដែលការចូលរួមទស្សនាគឺឥតបង់ថ្លៃឡើយ៕