ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ជំរុញ​ការពង្រឹង​ការងារ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម ដើម្បី​ផ្សព្វផ្សាយ​ដល់​កសិករ​លើ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ជាពិសេស​ការទប់ស្កាត់​ការនាំ​ចូល​ធាតុ​ចូល​កសិកម្ម​ខុសច្បាប់​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​។​


​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣ លោក គង់ ច័ន្ទ​វាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការពង្រឹង​ការងារ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម ដោយ​ផ្តោត​សំខាន់​លើ​ការធានា​សន្តិសុខ​ស្បៀង គុណភាព​ផលិតផល និង​ស្ថិរភាព​តម្លៃ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ល្អ ការជំរុញ​សហគមន៍​កសិកម្ម​តាម​គំរូ​ថ្មី ព្រមទាំង​ការដាក់​ពង្រាយ​មន្ត្រី​ផ្ស​ព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បី​ជួយ​ដល់​កសិករ ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម និង​បង្កើន​ប្រាក់ចំណេញ​។

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​គង់ ច័ន្ទ​វាសនា បាន​ណែនាំ​ឱ្យមាន​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកលក់​ធាតុ​ចូល​កសិកម្ម និង​ពង្រឹង​ការផ្សព្វផ្សាយ​ដល់​កសិករ​លើ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។


​លោក​បាន​បញ្ជាក់ថា​៖«​ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ការនាំ​ចូល​ធាតុ​ចូល​កសិកម្ម​ខុសច្បាប់​ជាពិសេស​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ការលក់ Online មិនមាន​ចុះបញ្ជិការ ការ​ក្លែងបន្លំ​គុណភាព ដែលនាំឱ្យ​មានការ​ប៉ះពាល់​សុខភាព បរិស្ថាន និង​បញ្ហា​ផ្សេងៗ​ហើយក៏​សូមឱ្យ​ពិនិត្យ​លទ្ធភាព​លើ​សុពលភាព​បញ្ជិ​ការឱ្យ​លើសពី ៣​ឆ្នាំ​ផងដែរ​»​។​

​លោក​រដ្ឋលេខាធិការ ថ្លែងថា ជា​យន្តការ ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សិក្សា​បន្ថែម និង​ត្រូវការ​សហការគ្នា​ល្អ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ និង​ត្រូវមាន​របប​របាយការណ៍​ប្រចាំខែ​ច្បាស់លាស់​ត្រឹមត្រូវ តាមដាន​ការត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ពី​ច្បាប់​និង​ធាតុ​ចូល​កសិកម្ម ដល់​អាជីវករ​និង​កសិករ​អ្នកប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ ដើម្បី​អនុវត្ត​ការងារ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នេះ​ឱ្យ​បានល្អ​បំផុត​។​


​លោក ឃុន សា​អែម ប្រធាន​សហគមន៍​ក​សិ​កម្ម​បាភ្នំ​មានជ័យ នៃ​ខេត្តព្រៃវែង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែតុលា​ថា នៅ​ខាង​តំបន់​របស់លោក មិនសូវមាន ជីគីមី​ក្លែងក្លាយ​នោះទេ ប៉ុន្តែ​សម្បូរ​ថ្នាំពុល​កសិកម្ម​កញ្ចប់ ដែល​ក្លែងក្លាយ​។​

​លោក​បាន​បន្ថែមថា អាជីវករ​ខ្លះ​ខិលខូច ប្រើប្រាស់​កញ្ចប់​ថ្នាំពុល​កសិកម្ម​ជា​ប្រភេទ​ម្សៅ យកមក​ខ្ចប់​លាយ​ម្សៅ​មី ដោយ​កន្លងទៅ​ធ្លាប់មាន​កសិករ​ទិញ​ចំ​ផលិតផល​ក្លែងក្លាយ​បែបនេះ​។​

​លោក​ថ្លែងថា​៖«​ថ្នាំពុល​កសិកម្ម​កញ្ចប់ ដែលជា​ប្រភេទ​ថ្នាំ​ម្សៅ គ្មាន​គុណភាព និង​ពេលខ្លះ​ប៉ះ​ជី​ក្លែងក្លាយ​ព្រោះ​គេ​យក​ម្សៅ​មី​មក​លាយ នាំឱ្យ​កសិករ​យើង​ខាតបង់​ច្រើន​ទាំង​ថវិកា ខាត​ពេលវេលា ប៉ះពាល់​ដល់​ដំណាំ​ថែម​ទៀតផង​»​។​

​លោក​ឃុន សា​អែម បានស្នើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​បន្ត​ចុះ​ពិនិត្យ​ដែរ និង​ចាត់វិធានការ​ទប់ស្កាត់​ជី​ថ្នាំ​កសិកម្ម ដែល​ក្លែងក្លាយ​ដែល​ដាក់លក់​លើ​ទីផ្សារ​និង​ផាកពិន័យ​ឱ្យ​ធ្ងន់ធ្ងរ ចំពោះ​ក្រុម​ជន​ណា ដែល​នៅតែ​បន្ត​ការលក់ដូរ​ផលិតផល​ក្លែងក្លាយ​ដែល​គ្មាន​គុណភាព​បែបនេះ​។​

​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា បាន​នាំចូល​ជី​កសិកម្ម ក្នុង​ទំហំ​ទឹកប្រាក់​ជាង​២៣៤​លាន​ដុល្លារ កើនឡើង​ជាង​១៨​ភាគរយ ខណៈដែល​ការនាំ​ចូល​ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្នាំ​សម្លាប់​ស្មៅ មាន​ទំហំ​ទឹកប្រាក់​ជាង​១២០​លាន​ដុល្លារ ថយចុះ​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២៕