ភ្នំពេញៈ លោក ឆាយ ប្ញ​ទ្ធិ​ ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ណែនាំ​ឱ្យ​បន្ដ​ជំរុញ​បង្កើត​ភូមិ​គំរូ​បន្ថែមទៀត​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ទៅដល់​តំបន់​ជនបទ​ឱ្យ​កាន់តែ​រីកចម្រើន ខណៈ​បច្ចុប្បន្ន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​ទូទាំងប្រទេស​កម្ពុជា​សម្រេច​បាន​ ៨០ ​ភាគរយ​។​


​លោក​បាន​ថ្លែង​ដូចនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​កាល​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ២០២៣ នៅ​ទីស្ដីការក្រសួង​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា នៅក្នុង​ឱកាស​នោះ លោក​ ឆាយ​ ប្ញ​ទ្ធិ​សែន បាន​ថ្លែងថា៖ «​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ​គឺមាន​មហិច្ឆតា​លើកស្ទួយ​មោទនភាព​ជាតិ​ឱ្យ​ឈាន​កាន់តែ​ខ្ពស់​ឡើង​ដូច​សម័យអង្គរ តាមរយៈ​ការ​កសាង​ជាតិ​មួយ​ឱ្យ​រឹងមាំ រស់​រវើក រុងរឿង និង​មាន​វិបុលភាព​ឱ្យក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ ​២០៥០»​។​


​លោក​បាន​បន្តថា ដើម្បី​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ដ្រ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ដាក់ចេញ​កម្មវិធី​សំខាន់​ចម្បង​សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ទៅដល់​តំបន់​ជនបទ​តាមរយៈ​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​របស់​សហគមន៍​ជនបទ​ក្នុង​គោលដៅ​ជំរុញ​សេវា​គ្របដណ្តប់​ ១០០ ​ភាគរយ​នៃ​ទឹកស្អាត​និង​អនាម័យ​នៅត្រឹម​ឆ្នាំ​ ២០៣០​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​វឌ្ឍនភាព​វិស័យ​ផ្គត់​ផ្គង់​ទឹកស្អាត និង​អនាម័យ​ជន​បទ​សម្រេចបាន​ ៨០ ​ភាគរយ ហើយ ខណៈ​ក្រសួង​ក៏បាន​បន្ដ​ជំរុញ​បង្កើត​ភូមិ​គំរូ​បន្ថែមទៀត​លើ​ភូមិ​គំរូ​ដែលមាន​ស្រាប់​ចំនួន​ ៣០​ ភូមិ ក្នុង​គោលដៅ​បម្រើប្រជាជន​នៅ​ជនបទ​ដោយ​សុចរិត និង​ទទួលខុសត្រូវ​ខ្ពស់​»​។​


​ជុំវិញ​រឿងនេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៤ ខែតុលា​ថា ការដាក់ចេញ​យុទ្ធសាស្ត្រ​លើកកម្ពស់​វិស័យ​ទឹកស្អាត អនាម័យ ជំ​រុញឱ្យ​បង្កើត​ភូមិ​គំរូ និង​ការយកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ​បន្ថែមទៀត​ គឺជា​រឿង​មួយ​ល្អ​ដែល​ក្រសួង​បាន​បំប្លែង​ចេញ​ជា​សកម្មភាព​តូច​ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​។​

​លោក​បាន​បន្តថា ដើម្បី​ឈានទៅ​សម្រេច​កិច្ចការងារ​ទាំងនេះ គឺ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ និង​ធន​ធាន​មនុស្ស​។ ដូច្នេះ​ថា​តើ​ការដាក់ចេញ​គម្រោង​ទាំងអស់នេះ ក្រសួង​បាន​បំប្លែង​ទៅជា​សកម្ម​ភាព​ទៅតាម​ឆ្នាំ​ប្រតិបត្តិការ​នី​មួយៗ​ដែរ​ ឬ​អត់​?​ ហើយ​ការអនុវត្ត​នេះ​តើ​ឆ្លើយតប​ពេលវេលា​ដែល​បាន​ដាក់ចេញ​ឬ​អត់​?

​លោក ហុង វណ្ណៈ បញ្ជាក់ថា ៖ «​ព្រោះ​កិច្ចការ​ទាំងអស់នេះ គឺជា​កិច្ចការ​ធំ​ណាស់​ដូច្នេះ​ប្រសិនបើ​ក្រសួង​បាន​អនុវត្ត ហើយ​មាន​ថវិកា​ឆ្លើយតប​នូវ​យុទ្ធ​សាស្ត្រ​ខាងលើនេះ​ឱ្យក្លាយ​ជាការ​ពិត​គឺជា​រឿង​ប្រសើរ​អាចឆ្លើយតប​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​យើង​»​។​

​សូម​រំឭកថា ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ភូមិ​គំរូ​នេះដែរ លោក ឆាយ ឫទ្ធិ​សែន ក៏​ធ្លាប់បាន​ណែនាំ​និង​ជំរុញ​នាយកដ្ឋាន​អភិ​វឌ្ឍន៍​សហគមន៍​និង​នាយក​​ដ្ឋា​ន​អភិវឌ្ឍន៍​ជនជាតិភាគតិច​ឱ្យ​សិក្សា​បង្កើត​ភូមិ​គំរូ​ដែលមាន​សក្ដានុពល និង​អំណោយផល​លើ​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ ឬ​កសិផល​ផ្សេងៗ​នៅ​តំបន់​សហគមន៍​ជនជាតិដើម​ភាគតិច​ដើម្បី​ពង្រឹង​ជីវភាព​រស់នៅ​នៃ​សហគមន៍​ជនជាតិដើម​ភាគ​តិច​នៅ​កម្ពុជា​៕