​ភ្នំពេញៈ ក្រសួងការបរទេស និង​ស្ថានទូត​ជប៉ុន​ នឹង​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ផ្តល់ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែលមាន​ទឹក​ប្រាក់​ប្រមាណ ៩,៧ លាន​ដុល្លារ​អាមេរិក​នា​ថ្ងៃទី​ ២៦ ខែតុលា ដើម្បី​អនុវត្ត​គម្រោង​សម្រាប់​ការ​កសាង​បណ្ដាញ​ស្ថានីយ​វាស់វែង​អចិ​ន្រៃ្ត​យ៍​ដោយ​ផ្កាយរណប​ទូទាំងប្រទេស​។​


​លោក​ សុខ ចិន្តា​សោភា ឧ​ប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក Ueno AtsushI ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការ​ផ្តល់ជំនួយ​ឥត​សំណង​នេះ​នៅ​ទីស្តីការក្រសួង​។​

​គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​ព​ន្លឿ​ន​ការអង្កេត​វាស់វែង​សុរិយោដី ព្រមទាំង​ពង្រឹង​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី តាមរយៈ​ការដំឡើង​ស្ថានីយ​វាស់វែង​អចិ​ន្រៃ្ត​យ៍​ដោយ​ផ្កាយ​​រណប ដើម្បី​រួមចំណែក​ដល់​ការ​​លើកកម្ពស់​គម្រោង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​នានា​។


​ក្រសួងការបរទេស​ប​ញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័​ត៌​​មាន​នា​ថ្ងៃ​ទិ​ ២៤ ខែតុលាថា​៖ «​កាយវិការ​ដ៏​សប្បុរស​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេរបស់​ជប៉ុន ក្នុង​ការជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។ ជំនួយ​នេះ រួមចំណែក​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២​ដែល​កំពុង​ប្រារព្ធ​ខួប​អនុ​ស្សាវ​រី​យ៍​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការទូត​»​។​

​ក្នុងជំនួប​ជាមួយ​លោក Komura Masahiko អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នា​ថ្ងៃទី​ ២៤ ខែតុលា នៅ​វិមាន​សន្តិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន នឹងមាន​ការ​​កើន​ឡើងលើ​គ្រប់​វិស័យ ជាពិសេស​នៅក្នុង​វិស័យ​ទេសចរ​ណ៍​, វិនិយោគ និង​ការ​ប្រស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង ​២៕